សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​យន្តការ​តាមដាន និង​ឆ្លើយតប​ភាពរាំងស្ងួត​ក្នុង​ខេត្តសៀមរាប !

​សៀមរាប​៖ ក្រោម​កិច្ចសហការ​រវាង​រដ្ឋ​បាល​ខេត្ត និង អង្គការ DCA បានរៀបចំ​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី​យន្តការ​តាមដាន និង​ឆ្លើយតប​នូវ​ភាពរាំងស្ងួត​នៅក្នុង​ខេត្តសៀមរាប នៅ​សាលប្រជុំ​សាលាខេត្ត កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២០​នេះ ក្រោម​អធិបតីភាព លោក ចឹក គឹម​ជុន ជា​អនុប្រធាន​អចិ​ន្រៃ្ត​យ៍​នៃ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​សមាជិក សមាជិកា​នៃ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ។​

​លោក ណុប ប៉ូ​លីន តំណាង​អង្គការ DCA បាន​បញ្ជាក់ថា គោលបំណង​នៃ​អង្គសិក្ខាសាលា​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​អំពី​តួនាទី ភារកិច្ច ការទទួលខុសត្រូវ ការធ្វើផែនការ និង​ការរៀបចំ​សូចនាករ​សម្រាប់​តាមដាន​នូវ​ភាពរាំងស្ងួត ឆ្លើយតប​ភាពរាំងស្ងួត​សម្រាប់​ខេត្តសៀមរាប ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ព្រោះថា បើ​យើង​មិនបាន​គិតគូរ​ឲ្យ​បាន​ល្អិតល្អន់​ជាមុន​ទេនោះ យើង​នឹងមាន​បញ្ហា​ប្រឈម​សម្រាប់​ជួយ​ដល់​ជនរងគ្រោះ​នៅតាម​មូលដ្ឋាន​នានា​ក្នុង​ខេត្ត ដូច្នេះ​សូម​ឲ្យ​សិក្ខាកាម​ទាំងអស់ យកចិត្តទុកដាក់​ក្នុង​កិច្ចពិភាក្សា​គ្នា​ឲ្យ​បាន​ផុលផុស និង ស៊ីជម្រៅ​បំផុត ។​

​លោក ចឹ​ង គឹម​ជុន អនុប្រធាន​អចិ​ន្រៃ្ត​យ៍ មានប្រសាសន៍ថា ថ្វីត្បិតតែ​កិច្ចសហការ​រវាង​រដ្ឋ​បាល​ខេត្ត​ជាមួយ​អង្គការ​DCA និង​អង្គការ​នានា មាន​រយ​:​ពេល​ខ្លី​ពិតមែន តែ​វា​បាន​ជួយ​ការងារ​យ៉ាងច្រើន​ក្នុង​ការជៀស​ផុតពី​គ្រោះធម្មជាតិ​ក្នុង​ខេត្ត ដែល​ធ្វើ​ឲ្យ​យើង​បានដឹង​មុន ហើយ​ចាត់វិធានការ និង​ទប់ស្កាត់​នូវ​គ្រោះថ្នាក់​ធម្មជាតិ​បាន​ទាន់ពេលវេលា ជាពិសេស​យើង​រៀបចំ​បានជា​សៀវភៅ​គោល​សម្រាប់​គ្រោះរាំងស្ងួត ។​

​លោក ចឹ​ង គឹម​ជុន មានប្រសាសន៍​ទៀតថា ក្រៅពី​គ្រោះរាំងស្ងួត​នេះ គ្រោះទឹកជំនន់ បញ្ហា​ខ្យល់​កន្ត្រាក់ និង បញ្ហា​រន្ទះបាញ់ វា​ជា​បញ្ហា​ប្រឈម​មួយ​សំខាន់​ខ្លាំង​ណាស់ដែរ ដែល​បញ្ហា​ទាំងអស់នេះ​តែងតែ​កើតមាន​ឡើងជា​រៀងរាល់ឆ្នាំ​ទោះបី​តិចក្ដី ច្រើនក្ដី តែ​វា​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លំនៅដ្ឋាន ផលដំណាំ អាយុជីវិត ទាំង​មនុស្ស និង ៊​សត្វ​ទៀតផង ។ ដូច្នេះ​សិក្ខាសាលា​ថ្ងៃនេះ ពិតជា​មាន​សារ​:​សំខាន់​ខ្លាំងណាស់ ដែល​យើង​ត្រូវ​ពិភាក្សាគ្នា​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រាយ ដើម្បី​មាន​មូលដ្ឋាន ដោះស្រាយបាន​ទាន់ពេលវេលា ក្នុងករណី​កើតមានឡើង​នូវ​គ្រោះមហន្តរាយ​ដោយ​ធម្មជាតិ​នេះ ។​

​សូមបញ្ជាក់ថា ក្នុងឱកាស​នោះដែរ អង្គការ DCA បានផ្ដល់​ជូន​នូវ​ឧបករណ៍​សម្រាប់​វាស់​សំណើម​ដី ចំនួន​៥​គ្រឿង ជូន​ដល់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប ដើម្បី​មាន​ភាពងាយស្រួល​ក្នុងការ​តាមដាន​ព័ត៌មាន​គ្រោះរាំងស្ងួត ដើម្បី​ចែករំលែក​ព័ត៌មាន​បាន​ទាន់ពេលវេលា​ដល់​អ្នកពាក់ព័ន្ធ និង ផ្ដល់ជូន​កុំព្យូទ័រ​១​គ្រឿង​ទៀត ដល់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តសៀមរាប ផងដែរ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​