សម្តេចតេជោ អំពាវនាវដល់ប្រជាពលេដ្ឋ ថែរក្សាសុខាភាព និងប្រុងប្រយ័ត្នចំពោះភ្លៀង និងខ្យល់កន្ត្រាក់

APP ភ្នំពេញ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០–

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកផេកផ្លូវការ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលេដ្ឋ ថែរក្សាសុខាភាព និងប្រុងប្រយ័ត្នចំពោះភ្លៀង និងខ្យល់កន្ត្រាក់។

សម្តេចតេជោ បានលើកឡើងថា» ខ្ញុំសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ ថែរក្សាសុខភាពអោយបានល្អ នៅក្នុងរដូវភ្លៀងធ្លាក់ដោយសារមួយរយៈចុងក្រោយនេះមានភ្លៀងនិងខ្យល់កន្ត្រាក់ជាច្រើនលើក ច្រើនសារ ដែលបានបំផ្លាញផ្ទះសម្បែងប្រជាលរដ្ឋអស់ជាច្រើនខ្នង។ ដូច្នេះបងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ជាពិសេសក្នុងការធ្វើដំណើរជិតឆ្ងាយ»។

ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេ តាមសមុទ្រ និងប្រជាពលរដ្ឋដែលប្រកបរបរចុះទូកនេសាទ សម្តេចតេជោ ហ៊ុន សែន បានទទូចឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវតាមដានឲ្យបានជាប់ នូវការផ្សព្វផ្សាយព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ក៏បានស្នើដល់បងប្អូនប្រជាលរដ្ឋ ការពារខ្លួនកុំឲ្យឆ្លងជំងឺ កូវីដ១៩ ទោះបីប្រទេសកម្ពុជា ពុំមានអ្នកស្លាប់ក៏ដោយ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់ ហើយក៏ពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។

ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាសអោយបានជាប្រចាំ ជាពិសេសត្រូវអនុវត្តតាម ការណែនាំរបស់ក្រសួងសុខាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានជូនពរប្រជាពលរដ្ឋទាំងអស់ មានសុខភាពល្អចៀសផុតពីជំងឺឆ្លងកូវីដ-19 ទាំងអស់គ្នា៕ ដោយ៖កន ចំណាន