គណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍ខេត្តបើកកិច្ចប្រជុំពិភាក្សានិងផ្ដល់មតិយោបល់លើផែនការអភិវឌ្ឍន៍រមណីយដ្ឋាននានាក្នុងខេត្ត

(រតនគិរី)៖ នៅព្រឹកថ្ងៃទី៥ ខែសីហាឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តរតនគិរី មានកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍ខេត្ត ដើម្បីពិភាក្សានិងផ្ដល់មតិយោបល់លើផែនការអភិវឌ្ឍន៍រមណីយដ្ឋាននានាក្នុងខេត្ត។

កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពីសំណាក់ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង ស្រុកទាំង៩ និងមន្ត្រីអ្នកមុខអ្នកការក្នុងខេត្តជាច្រើនរូប ទៀត។

លោកជំទាវ ញានទិត្យចិន្តា បានមានប្រសាសន៍ លើកឡើងក្នុងអង្គប្រជុំថា ក្នុងនាមជាគណៈកម្មការ គ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ខេត្តរតនគិរី លោកជំទាវសូមជំរុញឱ្យមន្ទីរទេសចរណ៍ត្រូវរិះរកវិធីធ្វើយ៉ាងណាឲ្យរមណីយដ្ឋានគ្រប់ទីកន្លែងក្នុងខេត្តមានសោភ័ណ្ឌភាព អនាម័យ និងរបៀបរៀបរយល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកលេង និងជាប់ចិត្តជាមួយរមណីយដ្ឋានក្នុងខេត្តរបស់យើងកាន់តែច្រើន ជាពិសេសត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍មកលេងកំសាន្តនៅថ្ងៃឈប់សម្រាកជំនួសថ្ងៃបុណ្យចូល ឆ្នាំខាងមុខនេះ។ ទន្ទឹមនឹងនេះផងដែរគួរត្រៀមលក្ខណៈជាមួយនឹងការរៀបចំឧបករណ៍ លាងដៃ សាប៊ូ និងអាល់កុល ដាក់តាមទីសាធារណៈផ្សេងៗដើម្បីជាទំនុកចិត្តដល់ភ្ញៀវទេសចរនិងដើម្បីការពារការឆ្លងជំងឺកូវីត-១៩ និងជំងឺផ្សេងៗ។

បន្ទាប់ពីបានស្ដាប់ប្រសាសន៍ណែនាំពី លោកជំទាវរួចមក លោកង៉ែតពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីក៏បានឆ្លើយតបនៅក្នុងកិច្ចប្រជុំដែរថា មន្ទីរទេសចរណ៍បានផ្ដល់ការ ណែនាំដល់គណៈកម្មការទេសចរណ៍តាមតំបន់រមណីយដ្ឋានគ្រប់ទីរមណីយដ្ឋានក្នុងខេត្តរួចហើយឲ្យយកចិត្តទុកដាក់រៀបចំសោភ័ណ្ឌ ភាព អនាម័យ របៀបរបប ត្រៀមលក្ខណៈ ទទួលភ្ញៀវទេសចរណ៍នៅថ្ងៃឈប់សម្រាកខាងមុខនេះ ព្រមទាំងប្រាប់ឲ្យគណៈគ្រប់គ្រង រមណីយដ្ឋានទាំងអស់រៀបចំសម្ភារសម្រាប់លាងសម្អាតដៃដើម្បីផ្ដល់ទំនុកចិត្តដល់ភ្ញៀវទេសចរ ក៏ដូចជាការចូលរួមការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត-១៩ ផងដែរ។

ជាមួយគ្នានោះ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី ប្តេជ្ញាពង្រឹងលើកិច្ចការរបស់ខ្លួនឲ្យមានគុណភាពប្រសិទ្ធភាព ដើម្បីចូលរួមកសាង អភិវឌ្ឍនខេត្ត តំបន់រមណីយដ្ឋានក្នុងខេត្តឲ្យកាន់តែមានការរីកចំរើន និងទាក់ទាញថែមទៀត ៕