អាជ្ញាធរ លើកទឹកចិត្ត អោយ​កសិករ បង្កើន ផលិតកម្ម កសិកម្ម ដើម្បី​ផ្ត​ត់​ផ្គង់ សន្តិសុខ​ស្បៀង ខណៈដែល សេដ្ឋកិច្ចកម្ពុជា រង​ប៉ះពាល់​ដោយសារ ជម្ងឺ​កូ​វីដ​-១៩

​ស្រុក​ពញាឮ​៖ ឯកឧត្តម តាំង ម៉េង​លាន អភិបាលរង ខេត្តកណ្តាល បាន​លើកទឹកចិត្ត អោយ សហគមន៍​កសិករ នៅ​ស្រុក​ពញាឮ​បង្កើន​ផលិតកម្ម​កសិកម្ម ដូច​ជាការ​ចិញ្ចឹមសត្វ ការចិញ្ចឹម​ត្រី ការដាំ​ដំណាំ ការដាំ​បន្លែ សុវត្ថិភាព ដើម្បី​បង្កើន សន្តិសុខ​ស្បៀង បង្កើន​ប្រាក់ចំណូល​ខណៈដែល សេដ្ឋកិច្ច​ក​ម្ពូ​ជា កំពង់​រង​ប៉ះពាល់ ដោយ​ជម្ងឺ​កូ​វីដ​-១៩​។

ឯកឧត្តម អភិបាលរង​ខេត្ត លើកទឹកចិត្ត​បែបនេះ ខណៈដែល​ឯកឧត្តម ចុះ​ពិនិត្យ និង​ជំរុញ​ផលិតកម្ម​កសិកម្ម ធុរៈកិច្ច​កសិកម្ម នៅ​ស្រុក​ពញាឮ ​នៅ​ព្រឹក​ថ្ងៃទី​០៤​សីហា​ឆ្នាំ​២០២០​នេះ​។​
ឯកឧត្តម​អភិបាលរង​ខេត្ត អំពាវនាវ អោយ​ប្រជាពលរដ្ឋ ងាក​មក គាំទ្រ​ផលិតផល កសិកម្ម ក្នុង​សហគមន៍ ដើម្បី​បង្កើន​សេដ្ឋកិច្ច​ទីផ្សារ ក្នុងស្រុក​កាត់បន្ថយ បានការ​នាំចូល​ពី​ប្រទេសជិតខាង​។​
តប​តាម​សំណូមពរ របស់​សហគមន៍ បណ្តុំ​អាជីវកម្ម​ចិញ្ចឹម​មាន់ នៅ​ទីនោះ​ឯកឧត្តម តាំង​ម៉េង​លាន បាន​យល់ស្រប​អោយ បង្កើត​ស្តង់ សម្រាប់​លក់​មាន់​ស្រែ នៅ​រមណីយដ្ឋាន ភ្នំ​ព្រះរាជ​ទ្រព្យ ក្នុងនោះ លោក ថន សុ​វណ្ណា អភិបាលស្រុក​ពញាឮ ក៏បានផ្តល់​ម៉ាស៊ីន​ធុន​តូច ផលិត​ចំណី​សត្វ​ចំនួន ៨ គ្រឿង ដែល​ក្នុង​មួយគ្រឿង តម្លៃ ១០០$​។​

លោក ប៊ុន​ទួន ស៊ី​ម៉ូ​ណា ប្រធាន​មន្ទីរ​កសិកម្ម ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​៖ ស្រុក​ពញាឮ មាន​បណ្តុំ​អាជីវកម្ម​ចិញ្ចឹម​មាន់​ស្រែ​ចំនួន ៨ បង្កើតជា​បណ្តាញ​អាជីវកម្ម​ចិញ្ចឹម​មាន់​ស្រែ​ចំនួន ១ មាន​សមាជិក​ចំនួន ២៤៨ គ្រួសារ និង​មាន​កិច្ចសន្យា​ទិញ​លក់​ត្រឹមត្រូវ​។
លោក​បាន​បន្ថែមថា​៖ បណ្តុំ​អាជីវកម្ម​ចិញ្ចឹម​មាន់​ស្រែ ភូមិ​តា​គោក ឃុំ​ឈ្វាំង គឺ​បង្កើត​ដោយ​មន្ទីរ​កសិកម្ម ខេត្ត​គាំទ្រ​ថវិកា សម្ភារៈ បច្ចេកទេស​ដោយ​កម្មវិធី ASPIRE ដែល​កំពុង​ចិញ្ចឹម​មាន់​ស្រែ មាន​មេ​ពូជ​បង្កាត់​បែប​ធម្មជាតិ មេ​ចំនួន ១០០ ក្បាល បា​ចំនួន ១៨​ក្បាល និង​បង្កាត់​បែប​សិប្បនិម្មិត​មេ​ចំនួន ៤៤ ក្បាល បា​ចំនួន ៦ ក្បាល ។
ក្នុងឱកាស​ចុះ​ពិនិត្យ កសិដ្ឋាន​ចិញ្ចឹម​ត្រី មួយកន្លែង របស់​កសិករ សុខ វី រស់នៅ​ភូមិ​ចុង​កោះ ឃុំ​កោះ​ចិន ឯកឧត្តម តាំង ម៉េង​លាន បាន ជំរុញ​លើកទឹកចិត្ត​អោយ​ម្ចាស់​កសិដ្ឋាន មួយ​នេះ ខិតខំ​ប្រឹងប្រែង​បន្តទៀត ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ។​

គួរ​បញ្ជាក់ថា​៖ កសិដ្ឋាន​ចិញ្ចឹម​ត្រី​នេះ​មាន​ផ្ទៃដី​សរុប ១៤ ហិកតា ចែកចេញជា ៧​ស្រះ​ធំៗ ដែល​កំពុង​ចិញ្ចឹម​ត្រី​ប្រា ចំនួន ៦ ស្រះ និង​ត្រី​ឆ្ដោ​១​ស្រះ មាន​ត្រី​ប្រមាណ ៦០​ម៉ឺន​ក្បាល ដោយ​ចិញ្ចឹម​ប្រើ​រយៈពេល ៨-៩ ខែ​ទើប​អាច​ប្រមូល​ផល​បាន ប្រមាណ ៩០០​តោន​។
ម្ចាស់​កសិដ្ឋាន​រូបនេះ ឲ្យ​ដឹង​ទៀតថា​៖ ការចិញ្ចឹម​ត្រី អាច​រកប្រាក់​កម្រៃ​បាន​ប្រមាណ ១៥​មុ​ឺ​ន​ដុល្លា​អាមេរិក ក្នុង​១​ឆ្នាំ​។ ក្រៅពី​ការចិញ្ចឹម​ត្រី លោក​ក៏បាន​ឆ្លៀត​ចិញ្ចឹម​ទា​តៃវ៉ាន់​ចំនួន ៣០០​ក្បាល និង​មាន់​សាច់​ចំនួន ៧០០​ក្បាល​ទៀតផង​៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកណ្តាល​