ឯកឧត្តម នុត ច័ន្ទ​សុខា ដឹកនាំ​ប្រជុំ​សំណេះសំណាល់​លើ​ការងារ​ដឹកនាំ​គ្រប់គ្រង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប !

​សៀមរាប​៖ នៅ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប នា​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០ បានរៀបចំ​កិច្ចប្រជុំ​សំណេះសំណាល​ជាមួយ​ដឹកនាំ និង​មន្ត្រីរាជការ​មន្ទីរ​កសិក​ម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត ក្រោម​អធិបតីភាព ឯកឧត្តម នុត ច័ន្ទ​សុខា រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួម​នឹង ឯកឧត្តម លោកជំទាវ​ប្រតិភូ​ក្រសួង ។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ពិនិត្យ​វាយតម្លៃ​ទៅលើ​ការគ្រប់គ្រង ការដឹកនាំ​ក្នុងការ​ប្រតិបត្តិ ការងារ​នៅក្នុង​វិស័យនេះ និង​ស្តាប់​មតិយោបល់​បញ្ហា​ប្រឈម សំណួរ និង​សំណូមពរ​របស់​ថ្នាក់ដឹកនាំ​មន្ទីរ និង​មន្ត្រីរាជការ​ផងដែរ ។​

លោក ទា គឹម​សុ​ទ្ឋ ប្រធាន​មន្ទីរ បានលើកឡើង​ពី​បញ្ហា​ប្រឈម មួយចំនួន ដូចជា​៖-​ប្រព័ន្ធធារាសាស្ត្រ​មិនទាន់​គ្រប់គ្រាន់ និង​សមស្រប​តាម​តម្រូវការ​ប្រើប្រាស់​។ – តម្លៃ​ទីផ្សារ​កសិផល​មិនមាន​ស្ថេរភាព ដោយសារ​មិនទាន់មាន​ខ្សែចង្វាក់​ផលិតកម្ម​កែច្នៃ វេច​ខ្ចប់​ផលិតផល​កសិកម្ម​ឲ្យ​បាន​សមស្រប​តាម​តម្រូវការ​ទីផ្សារ និង​ខ្វះ​កិច្ចសន្យា​កសិកម្ម​ជាមួយ​ដៃគូ​។ – ការដាំដុះ​តាម​បច្ចេកទេស​ទំនើប​មានតម្លៃ​ថ្លៃ ដូចជា ការដាំដុះ​ក្នុងផ្ទះ​សំណាញ់​។​ល​។ – ការនាំ​ចូល​ចំណី និង​ពូជ​សត្វ​មានតម្លៃ​ថ្លៃ ខ្វះ​ការស្រាវជ្រាវ​បង្កាត់​ពូជ​សត្វ​ក្នុងស្រុក ពុំមាន​ការវិនិយោគ​កែច្នៃ​ចំណី​សត្វ​តម្លៃ​ទាប អគ្គិសនី​នៅមាន​តម្លៃ​ខ្ពស់​។ – សមត្ថភាព និង​ចំណេះដឹង​ថ្នាក់ដឹកនាំ​សហគមន៍​កសិកម្ម​មួយចំនួន​នៅមានកម្រិត និង​មួយចំនួន​អសកម្ម​។ – មានការ​កាប់​រាន ទន្ទ្រាន​ដីព្រៃ​ឈើ ដីព្រៃ​លិច​ទឹក និង​បង្ក​ភ្លើង​ឆេះ​ព្រៃ ដើម្បី​វាត​យក​ដី​ធ្វើ​កម្ម​សិទ្ឋិ​។ – បទល្មើស​ព្រៃឈើ​បំបែក​ជា​រូបភាព​តូចៗ​បំភាន់​សមត្ថកិច្ច និង​បទល្មើស​នេសាទ​លួច​ប្រើ​នូវ​ឧបករណ៍​ហាមឃាត់ (​ស្បៃ​មុង ប ឈ្នក់ ជាដើម តាម​នាទី​ព្រៃ​លិច​ទឹក ជាពិសេស​នៅពេល​យប់​)​។ – មានការ​ទន្ទ្រាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​សំណាក់​ជនខិលខូច​។

​ក្នង​ឱកាស​នោះ ឯកឧត្តម នុត ច័ន្ទ​សុខា រដ្ឋលេខាធិការ​ប្រចាំការ បាន​កោតសរសើរ​នូវ​ការខិតខំ​ប្រឹងប្រែង របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ថា​បាន​អនុវត្ត​ការងារ​ទៅតាម​តួនាទី​ភារកិច្ច​ទទួលបាន​ល​ទ្ឋ​ផល​ល្អប្រសើរ និង​បាន​ជំរុញ​ឱ្យ​បន្ត​តាមដាន និង​គ្រប់គ្រង​ការងារ​ទៅតាម​ជំនាញ​ដល់​មន្ត្រីក្រោមឱវាទ​ឱ្យបាន​កាន់តែ​ប្រសើរ​ថែមទៀត​។ បន្ត​ពង្រឹង​របៀបរបប​ការងារ រក្សា​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឱ្យបាន​ស្អិតរ​មួ​ត ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ការងារ​ខ្ពស់ និង​មាន ការទទួលខុសត្រូវ​តាម​តួនាទី ភារកិច្ច ។
​ឯកឧត្តម នុត ច័ន្ទ​សុខា បានស្នើ​សុំ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​មន្ទីរ​កសិកម្ម​ខេត្ត​បំពេញភារកិច្ច​ឱ្យបាន​ល្អ និង​សហការ​ជាមួយ​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត និង​ក្រុមការងារ​ថ្នាក់ជាតិ ដើម្បី​ត្រៀមលក្ខណៈ​ឆ្វៀល​ដី ដែល​ប្រជាពលរដ្ឋ​អាស្រ័យ​ផល តាម​អនុសាសន៍​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​។

​​ឯកឧត្តម បាន​ពាំ​នាំយក​នូវ​អនុសាសន៍​របស់ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ស្នើ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទាំងអស់​ឱ្យ​បន្ត​ការអនុវត្ត​នូវ​សារាចរ សេចក្តីណែនាំ លិខិតបទដ្ឋាន​ផ្សេងៗ​របស់​ក្រសួង​ពាក់​ព័​ន្ឋ​ទៅនឹង​ការងារ​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​បន្ត​ពង្រឹង​ទប់ស្កាត់​បទល្មើស​នេសាទ បទល្មើស​ព្រៃឈើ ការ​ចរាចរ​ដឹកជញ្ជូន​សត្វ​ខុសច្បាប់​។​ល​។ យកមកអនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​ទីបំផុត​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​