មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា ចូលរួម​ដាំ​កូនឈើ​ចម្រុះ ៥០០​ដើម ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត !

​សៀមរាប​៖ កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២០ ក្នុង​បរិវេណ​វត្ត​អង្គរ​ខាងជើង នៃ​ប្រាសាទអង្គរវត្ត មាន​រៀបចំ​ដាំ​កូនឈើ​ចម្រុះ ចំនួន​៥០០​ដើម ក្នុង​គោលបំណង​លើក​សោ​ភណ្ឌ​ភាព​ប្រាសាទអង្គរវត្ត និង ពិសេស​កាត់​បន្ថយកម្ដៅ ដើម្បី​ការពារ​ប្រាង្គ​ប្រាសាទពី​បម្រែបម្រួល​អាកាសធាតុ​។​

​លោក យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បាន​លើកឡើងថា ក្រៅពី​កិច្ចការ​អភិរក្ស ជួសជុល​ប្រាង្គ​ប្រាសាទ អាជ្ញាធរ​ជាតិ​អប្សរា​បាន​យកចិត្តទុកដាក់​ខ្ពស់ លើ​បរិស្ថាន​ធម្មជាតិ ដែល​ផ្តល់​ប្រយោជន៍ ចំពោះ​ប្រាសាទបុរាណ និង​មនុស្ស​ផងដែរ​។

​លោក​អគ្គនាយករង បាន​កោតសរសើរ និង​អរ​ព្រះ​គុណ ដល់​ព្រះចៅអធិការ​វត្ត​អង្គរ​ខាងជើង ដែល​បាន​ផ្ដួចផ្ដើម ពិធី​ដាំ​កូនឈើ​នេះ​។ លោក ក៏បាន​លើកទឹកចិត្ត​ដល់ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ វិស័យ​ឯកជន បន្ត​ចូលរួម​ដាំ​ដើមឈើ​ឱ្យបាន​ច្រើន និង​សម្អាត​បរិស្ថាន​ឱ្យ​បានល្អ​ក្រោយ​ដាំ​រួច ដើម្បី​រួមចំណែក​ធ្វើ​ឲ្យ​រមណី​ដ្ឋា​ន​តំបន់​អង្គរ កាន់​តែមាន​សោភ័ណភាព ពណ៌​បៃតង​ស្រស់បំព្រង​។​

​បើតាម​ប្រសាសន៍ របស់​ឯកឧត្ដម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃទី​០៣ ខែសីហា​ម្សិលមិញ​នេះ បញ្ជាក់ថា អជ្ញាធរ​ជាតិ​អប្សរា បាន​ខិតខំ​រៀបចំ​ទីធ្លា​ប្រាសាទបុរាណ​នានា​ជាច្រើន ជាពិសេស​តំបន់​ប្រាសាទអង្គរវត្ត ដើម្បី​ឲ្យ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ បាន​យល់​ពី​តម្លៃ​សម្បត្តិ​វប្បធម៌​ជាតិ និង​ដើមឈើ​នៅក្នុង​តំបន់​រមណី​ដ្ឋា​ន​អង្គរ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​