ផ្ទះ​១​ខ្នង ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបាន​ប្រគល់ជូន​គ្រួសារ​ក្រីក្រ ០១​គ្រួសារ ក្នុងស្រុក​រវៀង​

​ព្រះវិហារ​៖ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២០ នេះ លោក ហោ ប៊ុនហួរ អភិបាល នៃ​គណៈ​អភិបាលស្រុក និង​ជា​ប្រធានកិត្តិយស​គណៈកម្មាធិកា​រ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​រវៀង និង​លោក មឿង សា​ខឿន ប្រធាន​ក្រុមប្រឹក្សា​ស្រុក រវៀង បាន​ដឹកនាំ កងកម្លាំង​ទាំង​៣ ក្រុមប្រឹក្សាឃុំ យុវជន ស​.​ស​.​យ​.​ក ស្រុក ចុះ​លេ​ី​ក​ផ្ទះ​១​ខ្នង ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​គណៈកម្មាធិការ​កាកបាទក្រហមកម្ពុជា ជូន​ប្រជាពលរដ្ឋ​០១​គ្រួសារ មាន​ជីវភាព​ខ្វះខាត ។​

​លោក ហោ ប៊ុនហួរ បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​គណៈកម្មាធិការ​កាកបាទក្រហមកម្ពុជា និង​ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​កាកបាទ​ក្រហម​កម្ពុជា ខេត្តព្រះវិហារ ដែលជា​និច្ចកាល​លោក​តែងតែ​គិតគូរ​អំពី​សុខទុក្ខ​របស់​បងប្អូន និង​មិនដែល​មើលរំលង​នូវ​ទុក​លំបាក​របស់​ប្រជាពលរដ្ឋ​ឡើយ​។​

​នាឱកាស​នោះដែរ លោក​ប្រធានកិត្តិយស​គណៈកម្មាធិកា​រ​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​រវៀង ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​ភូមិ ឃុំ កុំ​ឲ្យ​ធ្វេសប្រហែស ក្នុងការ​បង្ការ និង​ទប់ស្កាត់ ជម្ងឺ​កូ​វីដ​-១៩ ថ្វីត្បិតតែ​ក្នុងប្រទេស​របស់​យើង​មានការ​ព្យាបាល​ជាសះស្បើយ​ជាច្រើន ហើយ​នៅក្នុង​ភូមិ ឃុំ ស្រុក​យើង​មិនមាន​អ្នក​កើត​ជម្ងឺ​នេះ​ក៏ដោយ ក៏​យើង​មិនត្រូវ​មើលស្រាល​ចំពោះ​ជម្ងឺ​នេះដែរ ហើយ​លោក ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ត្រូវ​យកចិត្តទុកដាក់​រក្សា​អនាម័យ ដើម្បី​រក្សា​ការពារ​ខ្លួន​ពី​ជម្ងឺ​នេះ និង​ប្រសិនបើ​មាន​ប្រជាពលរដ្ឋ​ចំណាកស្រុក​ដែល​បាន​វិលត្រឡប់​មកពី​ក្រៅប្រទេស​វិញ សូម​ឲ្យ​ពួកគាត់​តាមដាន​សុខភាព​ជាប្រចាំ និង​ដាក់​ឲ្យ​នៅ​ដោយឡែក​ចំនួន​១៤​ថ្ងៃ​សិន ព្រមទាំង​បាន​ផ្សព្វផ្សាយ​អំពី​បច្ចុប្បន្នភាព​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​ក្រសួងសុខាភិបាល​បានប្រកាស​ក្នុងថ្ងៃនេះ ជូន​ដល់​ពួកគាត់​ផងដែរ​។​

​បញ្ជាក់​៖ ផ្ទះ​០១​ខ្នង​ខាងលើ មាន​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ ត្រូវបាន​ប្រគល់ជូន​លោក ហេង សែ និង​លោកស្រី មាស រឿន មាន​សមាជិកគ្រួសារ​ចំនួន​០៥​នាក់ រស់នៅ​ភូមិ​ស្រឡៅ​ស្រោង ឃុំ​រក្សា ស្រុក​រវៀង ខេត្តព្រះវិហារ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ​