ការដំឡើង ឧបករណ៍​សម្ភារ​បច្ចេក​ទេស​វេជ្ជសាស្ត្រ សម្រាប់​វិភាគ​សំណាក​ធ្វើតេស្ត​រក​មេរោគ​ជំងឺ​កូ​វីដ​-១៩ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ជា​វិធានការ​ចាំបាច់ ក្នុងការ​ប្រ​យុ​ទ្ឋ​ប្រឆាំង និង​បង្ការ ទប់ស្កាត់​ជាមួយ​ជំងឺ​កូ​វីដ​-១៩ !

​សៀមរាប​៖​ក្នុងឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​ឧបករណ៍​បច្ចេកទេស នៃ​មន្ទីរពិសោធន៍​ធ្វើតេស្ត​រក​មេរោគ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២០ ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍ថា ដោយហេតុថា ខេត្តសៀមរាប​ជា​ខេត្ត​មាន​អាកាសយានដ្ឋាន​អន្តរជាតិ ហើយ​ភ្ញៀវ​ចេញចូល​ឆ្លងកាត់​ច្រើន​ផង​នោះ ដូច្នេះ​ការពង្រីក និង​ដំឡើង​ឧបករណ៍​បច្ចេកទេស​វេជ្ជសាស្ត្រ នៅ​មន្ទីរពិសោធន៍ នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត នាពេលនេះ គឺជា​វិធានការ​ចាំបាច់​របស់​រា​ជ​រដ្ឋាភិបាល ក្នុងការ​ប្រ​យុ​ទ្ឋ​ប្រឆាំង និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ពិសេស​បាន​ជួយ​បង្ក​ភាពងាយស្រួល និង​ឆាប់រហ័ស​ក្នុងការ​កាត់បន្ថយ​ពេលវេលា ដោយ​មិនចាំបាច់​ដឹកជញ្ជូន​វត្ថុ​សំណាក​ទៅ​ឯ​វិទ្យាស្ថាន​ប៉ាស្ទ័រ នៅ​រាជធានី​ភ្នំពេញ​ទៀតឡើយ ។​

​ឯកឧត្តម​សាស្ត្រាចារ្យ មានប្រសាសន៍​បន្តថា ជាមួយនឹង​ការដំឡើង​ឧបករណ៍​បច្ចេកទេស​វេជ្ជសាស្ត្រ​នេះដែរ អាច​និយាយបានថា ជា​កម្រិត​ថ្នាក់​តំបន់​ដែល​គ្របដណ្តប់ និង​បង្កលក្ខណ​:​ងាយស្រួល​ដល់​ខេត្ត​មួយចំនួន​នៅជាប់​កៀក​នឹង​ខេត្តសៀមរាប សម្រាប់​យក​វត្ថុ​សំណាក​មក​វិភាគ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​(​តេស្ត​)​រក​មេរោគ​កូ​វីដ​១៩​នៅទីនេះ​បាន ដូចជា​ខេត្តព្រះវិហារ , ខេត្ត​ឧ​ត្ត​រ​មានជ័យ , ខេត្តបន្ទាយមានជ័យ និង ខេត្តកំពង់ធំ ដែល​នៅពេលនេះ បានរៀបចំ​ដំឡើង​រួចរាល់​ហើយ ហើយ​មន្ត្រី​នៃ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណ​:​ក៏បាន​នឹង​កំពុង​ជួយ​ណែនាំ​បន្ថែម​ដល់​មន្ត្រី​ជំនាញ នៃ​មន្ទីរ​ពិសោធ​នេះ​ឱ្យ​កាន់តែ​ស្ទាត់ជំនាញ និង​វាយតម្លៃ​ទៅវិញទៅមក​ទៅលើ​លទ្ធផល​នៃ​វត្ថុ​វិភាគ​រវាង​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណ​: និង​មន្ទីរ​ពិសោធ​វេជ្ជសាស្ត្រ​ខេត្តសៀមរាប ។​

​ឯកឧត្តម​សាស្ត្រាចារ្យ មានប្រសាសន៍​បន្ថែមថា ថ្វីត្បិតតែ​នៅ​កម្ពុជា ជំងឺ​កូ​វីដ​-១៩ មិន​ឆ្លង​ដល់​សហគមន៍​ក៏ពិតមែន ប៉ុន្តែ​យើងទាំងអស់គ្នា​ត្រូវតែ​ប្រុងប្រយ័ត្ន​គ្រប់ពេលវេលា ពីព្រោះថា បើកាលណា​ឆ្លង​នាំចូល​ច្រើន វា​អាច​នឹង​បង្កលក្ខណៈ​ចម្លង​នៅក្នុង​សហគមន៍ ដូច្នេះ​ដើម្បី​ទប់ស្កាត់ បង្ការ និង​ចៀសវាង​ការចម្លង​ចូលក្នុង​សហគមន៍ វិធានការ​បន្ទាប់​យើងទាំងអស់គ្នា​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​នូវ​វិធានការ​អនាម័យ​តាម​ការណែនាំ​ពី​ក្រសួងសុខាភិបាល គឺ​ការពាក់​ម៉ាស , លាងដៃ​ដោយ​សាប៊ូ ជេ​ល​ឬ​អាលកុល , រក្សា​គំលាត​បុគ្គល និង គំលាត​សុវត្ថិភាព​សង្គម ហើយ​ប្រសិនបើ​សង្ស័យថា​សុខភាព​មិន​ស្រួល ត្រូវ​ហៅ​ទៅកាន់​លេខ​១១៥ ដោយ​មិន​អស់​លុយ ។​

​លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ធ្លាប់មាន​ប្រសាសន៍ថា ក្រោម​ការជួយជ្រោមជ្រែង​ពី​ក្រសួងសុខាភិបាល ការដំឡើង​ឧបករណ៍​បច្ចេកទេស​វេជ្ជសាស្ត្រ សម្រាប់ធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​នេះ នឹង​បាន​ជួយ​សម្រួល​ដល់​ការធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ នៅក្នុង​ខេត្ត​ផ្ទាល់​តែម្តង មិនចាំបាច់​ពិបាក​យក​សំណាក​ទៅធ្វើ​តេស្ត​នៅឯ​ភ្នំពេញ​ទៀតឡើយ​។ ហើយ​ទន្ទឹមគ្នា​នោះ មន្ទីរ​សុខាភិបាល​ខេត្ត ក៏បាន​បញ្ជូន​មន្ត្រី​ឯកទេស​ទៅ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ក្នុងការ​ធ្វើតេស្ត​ផងដែរ​។ ហើយ​សម្រាប់​ក្នុង​ពេលធ្វើ​ប្រតិបត្តិការ​ធ្វើតេស្ត​នឹងមាន​ការចូលរួម​ពី​អ្នកជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក​ផងដែរ ។​
​គួររំលឹកថា គិត​ត្រឹម​ម៉ោង​០៧៖០០ ព្រឹក ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២០​នេះ នៅ​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន​២៤០​នាក់ ព្យាបាល​ជាសះស្បើយ​សរុប​ចំនួន ១៩៧​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ​នានា មាន​ចំនួន​សរុប ៤១​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​បន្ទប់​ដោយឡែក​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ចំនួន​០២​នាក់ គិត​មកដល់ពេលនេះ​នៅ​កម្ពុជា មិនមាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​- ១៩ ឡើយ ៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​