អាជ្ញាធរខេត្តបន្ទាយមានជ័យ ជំរុញការជួសជុសផ្លូវលំជនបទ ឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ

AKP បន្ទាយមានជ័យ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០

អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍ថា​ អាជ្ញាធរខេត្ត​បានបន្តការយកចិត្តទុកដាក់ប្រឹងប្រែង គិតគូរ ជំរុញការស្ថាបនាផ្លូវថ្មី និងជួសជុលឱ្យប្រសើរ​ឡើងវិញនូវរាល់ផ្លូវដែលរងការខូតខាតនៅតាមទីជនបទដោយកន្លែងខ្លះការស្ថាបនាឡើង​ដោយចាក់បេតុងក្រាលកៅស៊ូ និងខ្លះទៀតជួសជុលដោយក្រាលគ្រួសក្រហមទៅតាម​លទ្ធភាពថវិកាដែលយើងមាន​ ដើម្បីឆ្លើយតបសេចក្តីត្រូវប្រើប្រាស់របស់ប្រជាពលរដ្ឋ។

ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តម អ៊ុំ រាត្រី បានធ្វើឡើងក្នុងពីធីបើកការដ្ឋានស្ថាបនា ផ្លូវថ្មីក្រាលក្រួសប្រវែង ៧០៥០ម៉ែត្រ ទទឹង ០៥ម៉ែត្រ ពីភូមិខ្ជាយ ទៅភូមិប្រាសាទរ៉ាង ឃុំតាគង់ ស្រុកម៉ាឡៃកាលពីព្រឹកថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីជួយសម្រួល ដល់ការធ្វើ​ដំណើរទៅមករបស់ប្រជាពលរដ្ឋក្នុងការតភ្ជាប់គ្នា នៃភូមិទីជនបទនេះដែល ពីមុនគ្មានផ្លូវនោះ។

ឯកឧត្តម អ៊ុំ រាត្រី បានរម្លឹកឱ្យដឹងដែរថា ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឱ្យ ឃុំតាគង់​ស្រុកម៉ាឡៃដែលពីអតីតកាលជាសមរភូមិប្រយុទ្ធគ្នារវាងខ្មែរ និងខ្មែរនោះ បច្ចុប្បន្ននេះឱ្យមាន​ការអភិវឌ្ឍលើគ្រប់វិស័យក្នុងនោះប្រព័ន្ធផ្លូវថ្នល់ត្រូវបាន ស្ថាបនាតភ្ជាប់ ទៅកាន់គ្រប់ទីកន្លែង​ជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងការធ្វើដំណើរដឹកជញ្ជូនកសិផល ដែលជួយជំរុញបង្កើនដល់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋក្នុងតំបន់​ជនបទនេះឱ្យកាន់តែ មានភាពប្រសើរឡើងនោះ។

ក្នុងឱកាសនោះដែរអភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី ក៏បានធ្វើការជំរុញ ឱ្យមន្ទីរសាធារណការនឹងដឹកជញ្ជូនមន្ទីរអភិវឌ្ឍន៍ជនបទរួមសហការជាមួយអាជ្ញាធរ ដែនដី ត្រូវ​បន្តការយកចិត្តទុកដាក់ពិនិត្យមើលផ្លូវថ្នល់ ដែលរងការខូចខាតត្រូវប្រញាប់ ប្រញាល់ធ្វើការ​ជួសជុលឡើងវិញមិនត្រូវទុកចាំដល់ខូចធ្ងន់ធ្ងរនោះទេ និងបាន អំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តសូមឱ្យចូលរួមទាំងគ្នាថែទាំផ្លូវថ្នល់ដែលបានជួសជុលស្ថាបនាហើយនោះនៅតាមមូលដ្ឋានឱ្យប្រើប្រាស់បានយូរអង្វែង។

យោងរបាយការណ៍រដ្ឋបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ផ្លូវលំ​ភ្ជាប់ឃុំតាគង់​ស្រុកម៉ាឡៃត្រូវបានអាជ្ញាធរខេត្តស្ថាបនារួចថ្មីៗមាន​ផ្លូវក្រាលគ្រួសក្រហមពីឃុំគុត្តសត ស្រុកអូរជ្រៅដល់ភូមិបល្ល័ងឃុំតាគង់ប្រវែង១៣២៤០ម៉ែត្រ ទទឹង០៥ម៉ែត្រ។ ផ្លូវក្រួសក្រហមពី​ភូមិចែង​​មែងឃុំតាគង់ ដល់ព្រំប្រទល់ឃុំចំណោម ស្រុកមង្គលបូរី ប្រវែង ១០ ០០០ម៉ែត្រ ទទឹង ០៥ម៉ែត្រ​។ ផ្លូវក្រាលគ្រួសក្រហម តភ្ជាប់ពីភូមិ ចែងមែង, ខ្ចាយ, ស្រះភ្លោះ, ដល់ភូមិហ៊ុបឫ ស្សី ឃុំសឿ ស្រុកមង្គលបូរី ៧០​០០ម៉ែត្រ ទទឹង ០៥ម៉ែត្រ ​​និងគ្រោងត្រៀមបន្ត ធ្វើផ្លូវក្រួសក្រហមពីព្រំប្រទល់ឃុំតាគង់ ដល់ឃុំចំណោម ប្រវែង ១២ ២០០ម៉ែត្រ ទទឹង ០៥ម៉ែត្រទៀតនាពេលខាងមុខនេះ៕

ដោយ ឈុនសារ៉ាត