ស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំ វេទិកាពិភាក្សាវាយតម្លៃសកម្មភាព សន្និសីទសារព័ត៌មាននាពេលកន្លងទៅ

APP ភ្នំពេញ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០–
(ភ្នំពេញ)៖ នាវេលា៩ និង៣០នាទីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំ“ វេទិកាពិភាក្សាវាយតម្លៃសកម្មភាព ស្ដីពី សន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាពការងារឆ្នាំ ២០១៩ និងទិសដៅការងារបន្តឆ្នាំ ២០២០ របស់ក្រសួងស្ថាប័ននិងរដ្ឋបាលរាជធានី-ខេត្ត” នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាពជាន់ផ្ទាល់ដី។

សូមបញ្ជាក់ផងដែរថា វេទិកានេះ មានគោលបំណងពិភាក្សាវាយតម្លៃ និងទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំ លើវិស័យព័ត៌មានរួមជាមួយ និងមតិយោបល់របស់អ្នកសារព័ត៌មាន ក្នុងន័យកែលម្អបំពេញបន្ថែមលើសកម្មភាពនៃការរៀបចំសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពការងារឆ្នាំ ២០១៩ និងទិសដៅការងារបន្តឆ្នាំ ២០២០ របស់ក្រសួងស្ថាប័ន (សន្និសីទសាមញ្ញថ្នាក់ជាតិ) រដ្ឋបាលរាជធានី-ខេត្ត (សន្និសីទសាមញ្ញថ្នាក់ក្រោមជាតិ) ក៏ដូចជាសន្និសីទវិសាមញ្ញ (បច្ចុប្បន្នភាពតបនឹងព្រឹត្តិការណ៍ជាក់ស្តែង) ដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរៀបចំឡើងរយៈពេល ៧ ខែកន្លងមក។

គួរបញ្ជាក់ផងដែរថា វេទិកានេះប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕ ដោយ៖ កន ចំណាន