សម្តេចតេជោ អំពាវនាវសារជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាព កុំអោយឆ្លងជំងឺកូវីដ១៩

APP ភ្នំពេញ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២០–

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២០នេះ តាមរយៈបណ្តាញញទំនាក់ទំនងសង្គមហ្វេសប៊ុកផេកផ្លូវការ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសារជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ថែរក្សាសុខភាពកុំអោយឆ្លងជំងឺកូវីដ១៩។

សម្តេចបានបន្តទៀតថា តាមការសង្កេតមើលពេលនេះ គឺឃើញថា ចំនួនអ្នកពាក់ម៉ាសកាន់តែតិចទៅៗ ហើយមានការធ្វេសប្រហែសទៀតផង។

សម្តេចតេជោ បានបញ្ជាក់ថា ថ្ងៃនេះអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងពិភពលោកក្នុង២១៦ ប្រទេស គឺបានកើនឡើងដល់ 17,396,943 នាក់ ហើយចំនួនអ្នកស្លាប់គឺកើនដល់ 675,060នាក់ និងចំនួនកើតឡើងថ្មីគឺ 289,321 ករណី។ កម្ពុជាយើងមានអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួន 240 នាក់ អ្នកព្យាបាលបានជាសះស្បើយមានចំនួន196 នាក់ (ក្នុងនោះ រកឃើញករណីថ្មីចំនួន 1ករណី និង ជាសះស្បើយថ្មីចំនួន 32 នាក់) ហើយអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន 44 នាក់។

ជាមួយគ្នានោះ សម្តេចទទូចដល់ បងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំមើលស្រាលជំងឺកូវីដ-១៩ អោយសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះគឺជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុត ដែលពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។

សម្តេចតេជោ បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល (gel sanitizer) សម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាសអោយបានជាប្រចាំបើចាំបាច់។ គ្រប់ទីកន្លែងទាំងអស់ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានដាច់ខាត ដើម្បីសុវត្ថិភាពសុខភាពទាំងអស់គ្នា៕

ដោយ៖ កន ចំណាន