គណ​:​ក​ម្មា​ធិ​ការតម្រង់ទិស បើក​កិច្ចប្រជុំ​លើក​ទី​៣ ស្តីពី​វឌ្ឍនភាព និង​សម​ទ្ធិ​ផល នៃ​ការអនុវត្ត​គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ !

​សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​កក្ដ​ដា ឆ្នាំ​២០២០ ឯកឧត្តម ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ និង​ជា​ប្រធាន​សម្របសម្រួល​គម្រោង​លាភ បាន​ដឹកនាំ​កិច្ចប្រជុំ​គណ​:​ក​ម្មា​ធិ​ការតម្រង់ទិស​លើក​ទី​៣ ស្តីពី​វឌ្ឍនភាព និង​សម​ទ្ធិ​ផល នៃ​ការអនុវត្ត​គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ ក្នុង​គោលបំណង​កែសម្រួល​សកម្មភាព​អនុវត្ត​គម្រោង​នាពេល​កន្លងមក ដែលមាន​ភាពរអាក់រអួល ក៏ដូចជា​បញ្ហា​ប្រឈម ក្នុងស្ថានភាព​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​

​គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ ហៅ​កាត់​ថា លាភ​(LEAP) បង្កើតឡើង ដើម្បី​ជួយ​លើកកម្ពស់​ជនក្រីក្រ និង​ក្រុម​ជន​ងាយ​រងគ្រោះ ក្នុង​សហគមន៍​ទាំង​នៅ​ទីក្រុង និង​ជនបទ ក្នុងការ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ មានឱកាស​រកប្រាក់​ចំណូល ការអភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ខ្នាតតូច និង​ដើម្បី​ត្រៀម​ផ្តល់​ការគាំទ្រ​ក្នុងករណី​ជួប​ហានិភ័យ ឬ​គ្រោះអាសន្ន​ណាមួយ​កើតឡើង ជាយថាហេតុ​ក្នុង​ឃុំ សង្កាត់​គោលដៅ​របស់​គម្រោង​។​

​ថ្លែង ក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្តម ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ និង​ជា​ប្រធាន​សម្របសម្រួល​គម្រោង​លាភ មានប្រសាសន៍ថា ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ការអនុវត្ត​សកម្មភាព​គម្រោង​មានការ​ថយចុះ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ការប្រើប្រាស់​ថវិកា ពុំទាន់​សមស្រប​ទៅតាម​ផែនការ​។ បើ​យោងតាម​កាល​:​ទេស​:​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​បច្ចុប្បន្ន ថវិកា​គម្រោង​ដែល​នៅសល់​គិត​ត្រឹម​ថ្ងៃ​៣០ ខែមិថុនា ឆ្នាំ​២០២០ ក្រុមការងារ​គម្រោង ពុំ​អាច​ប្រើប្រាស់​អស់​តាម​ផែនការ​នោះទេ ដែល​ទាមទារ ឲ្យ​មានការ​កែសម្រួល​សកម្ម​ភាព​មួយចំនួន និង​ស្នើ​ម្ចាស់ជំនួយ បន្ត​រយ​:​ពេល​គម្រោង​ដដែល​នេះ​។​

​ឯកឧត្តម រដ្ឋលេខាធិការ បាន​ក្រើនរំលឹក​ដល់ អាជ្ញាធរ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ថា ប្រទេសមួយ​មានការ​រីកចម្រើន​ទៅបាន គឺ​ត្រូវមាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជា​គោល ប៉ុន្តែ​បើ​មានតែ​សេដ្ឋកិច្ច មួយ​មុខ នោះ​ពុំ​អាច​ធានាបាន​នូវ​ចីរភាព​នៃ​កា​អភិវឌ្ឍ​នោះឡើយ គឺ​ត្រូវមាន​ការរៀបចំ​នូវរ​ដ្ឋ​បាល​សាធារណ​:​ច្បាស់លាស់ ចាប់ពី​ថ្នាក់ជាតិ ខេត្ត រហូតដល់​មូលដ្ឋាន វា​ប្រៀបបាន​ប្ដី និង​ប្រពន្ធ ប្រសិនបើ​មាន​អ្នក​រកលុយ ប៉ុន្តែ​អ្នក​ចាយលុយ​ខ្ជះខ្ជាយ វា​ជាហេតុ​បង្ក​ឲ្យ​បាត់បង់​ប្រសិទ្ធភាព​នៃ​ការដឹកនាំ​ប្រទេសជាតិ​។​

​ក្នុងឱកាស​នោះ លោក លី សំរិទ្ធ អភិបាលរង​ខេត្តសៀមរាប ទទួលបន្ទុក​គម្រោង លើកឡើងថា ដើម្បី​ឲ្យ​ការអនុវត្ត​គម្រោង​នេះ កាន់តែ​ទទួលបាន​ប្រសិទ្ធភាព លោក លោកស្រី​អភិបាលស្រុក ឬ​លោក លោកស្រី​អភិបាលរង​ស្រុក ទទួលបន្ទុក មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​ត្រួតពិនិត្យ និង​វាយតម្លៃ ទៅ​លើក​ការទទួលបាន​ប្រសិទ្ធ​នៃ​គម្រោង ដល់​ក្រុម​ប្រជាពលរដ្ឋ​ក្រីក្រ នៅតាម​សហគមន៍​។ ក្នុងនោះ អាជ្ញាធរ​មូលដ្ឋាន ត្រូវ​លើក​នូវ​របាយការណ៍​អំពី​គម្រោង​លាភ នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ស្រុក ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ស្រុក ទទួលបាន​ព័ត៌មាន​អំពី​លទ្ធផល​បាន​អនុវត្តន៍​។​

​គួរ​ជម្រាប​ថា ការសាកល្បង​គម្រោង​លាភ​បានចាប់ផ្តើម និង​ដំណើរការ​យ៉ាង​រលូន​តាំងពី​ខែកក្កដា ឆ្នាំ​២០១០ ហើយ​ត្រូវបាន​បញ្ចប់​គម្រោង​សាកល្បង​នៅ​ឆ្នាំ​២០១២​។ នៅ​ឆ្នាំ​២០១៧ គម្រោង​នេះ ត្រូវបាន​ធនាគារពិភពលោក និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឯកភាព​ដាក់បញ្ចូល​ឡើងវិញ​ក្នុង​បញ្ជី​មុខសញ្ញា​គម្រោង​ហិរញ្ញប្បទាន​។ គម្រោង នេះដែរ បានកំណត់​យក​គោលដៅ នៅ​ឃុំ​ជនបទ​ចំនួន​៤៧ របស់​ខេត្តសៀមរាប និង​សហគមន៍​ក្រីក្រ​នៃ​សង្កាត់​ចំនួន​១៣ នៅ​រាជធានី​ភ្នំពេញ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​