មន្ត្រីជាន់ខ្ពស់​រដ្ឋបាល​ជលផល​ណែនាំ​ឲ្យ​មន្ដ្រី​ជំនាញ​រដ្ឋបាល​ជលផល​ខេត្តរតនគិរី បង្កើន​សកម្ម​ភាពចុះ​ចែក​កូន​ត្រី កូន​កង្កែប និង​តង់​ចិញ្ចឹម​ដល់​ពលរដ្ឋ ដែល​ចង់​ពង្រីក​អាជីវកម្ម​

​រតនគិរី​៖ ឯកឧត្តម អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​៣០​ខែកក្កដា ឆ្នាំ​២០២០ បាន​ណែនាំ​ឲ្យ​មន្ដ្រី​ជំនាញ​រដ្ឋបាល​ជលផល ខេត្តរតនគិរី​ត្រូវ បង្កើន​សកម្ម​ភាពចុះ​ចែក​កូន​ត្រី កូន​កង្កែប និង​តង់​ចិញ្ចឹម​ដល់​ប្រជាពលរដ្ឋ ដែល​ចង់​ពង្រីក​អាជីវកម្ម​។ ការណែនាំ​នេះ​ធ្វើឡើង ក្នុង​ពិធី​សំណេះ​សំ​ណា​ល ជាមួយ​បងប្អូន​ប្រជាកសិករ និង​ចែក​កូន​កង្កែប កូន​ត្រី​អណ្តែង តង់​ចិញ្ចឹម​ត្រី​-​ចិញ្ចឹម​កង្កែប និង​ចំណី​ត្រី ជូន​បងប្អូន​វា​រី​វប្បករ ចំនួន​៤៧​គ្រួសារ​នៅ​ភូមិ​៤ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី​។ ក្នុង​ពិធី​នេះ ក៏មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម យឹម ផែន អភិបាលរង​ខេត្ត , លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត និង​សហការី​ជាច្រើនរូប​ទៀត​។​

​ឯកឧត្តម អេង ជា​សាន បាន​ណែនាំ​យ៉ាង​ដូច្នេះ​ថា​៖ មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ខេត្តរតនគិរី ត្រូវ​បន្ត​ចុះជួយ​ផ្សព្វផ្សាយ បណ្តុះបណ្តាល​បន្ថែម លើ​ការងារ​បច្ចេកទេស​ចិញ្ចឹម បង្កាត់ ភ្ញាស់​កូន វិធី​លាយ ផ្សំ​ចំណី និង​ការថែទាំ​។ ជាពិសេស​ត្រូវ​បង្កើន​សកម្ម​ភាពចុះ​ចែក​កូន​ត្រី កូន​កង្កែប និង​តង់​ចិញ្ចឹម ដល់​គ្រួសារ​ដែល​ចង់​ពង្រីក​អាជីវកម្ម បន្ថែម និង​អ្នក​ដែល​ចង់​ចាប់ផ្តើម​ចិញ្ចឹម និង​ប្រើប្រាស់​ថវិកា​ដែលជា​ជំនួយ​ឧបត្ថម្ភ​របស់​សម្តេច​តេ​ជោ​ឲ្យ​មាន​តម្លាភាព និង​ប្រសិទ្ធភាព​បំផុត​។​

​ឆ្លៀត​ក្នុងឱកាស​នេះ​ឯកឧត្តម អេង ជា​សាន ក៏បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ​ដែល បាន​មកជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាកសិករ​នៅ​ស្រុក​កូន​មុំ ហើយ​លោក​ក៏បាន ពាំ​នាំនូវ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ដល់​ប្រជាកសិករ​ទាំងអស់ ពី​សំណាក់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល លោក​ទាំងពីរ​តែងតែ​នឹករលឹក និង​ខ្វល់ខ្វាយ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់ទិសទី​។

នៅក្នុង​បរិយាកាស​នៃ​បញ្ហា​រាលដាល​ជំងឺ​កូ​វីដ ១៩​នេះ ដើម្បី​ធានា​សន្តិសុខ ស្បៀង បង្កើន​ឱកាស​ការងារ និង​ប្រាក់ចំណូល​ជូន​ប្រជាកសិករ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានដាក់​ចេញ​នូវ​យុទ្ធនា​ការជំរុញ​ការអនុវត្ត​សកម្មភាព​វារីវប្បកម្ម​នៅ​ទូទាំងប្រទេស ជាក់ស្តែង​នៅ​ព្រឹក​នេះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​នាំយកមក​នូវ សម្ភារ​មួយចំនួន​ដើម្បី​ចែកជូន​កសិករ​ចំនួន ៤៧​គ្រួសារ ដោយ​មួយ​គ្រួសារ​ទទួលបាន កូន​ត្រី​អណ្តែង ៧០០​ក្បាល ឬ​កូន​កង្កែប ៤០០​ក្បាល និង​ចំណី​ចំនួន ១០០​គីឡូក្រាម​។

លោក អេង ជា​សាន ក៏បាន​លើកទឹកចិត្ត​ដល់​កសិករ​គ្រប់រូប​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ចិញ្ចឹម​ដើម្បី​ធានា​ការផ្គត់ផ្គង់​ទីផ្សារ​របស់​យើង​ឱ្យបាន​ពេញលេញ ហើយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អាជ្ញាធរខេត្ត មេត្តា​ផ្តល់​ការគាំទ្រ​បច្ចេកទេស​ឱ្យបាន ពេញលេញ និង​តាមដាន​ពិនិត្យ​ក្នុងករណី​កសិករ​ជួប​បញ្ហា​ប្រឈម​នានា ដើម្បី​ដោះស្រាយបាន​ទាន់ពេលវេលា​៕ ​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី​