វេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ ក្រោមប្រធានបទ” ជំរុញផលិតកម្មអាហារនៅមូលដ្ឋាន ដើម្បីទាក់ទាញទេសចរ ” 

(សៀមរាប)៖ ក្រោមកិច្ចសហការគ្នារវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ បានរៀបចំវេទិកាមួយនៅសាលប្រជុំសាលាខេត្តសៀមរាប ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ ក្រោមប្រធានបទ” ជំរុញផលិតកម្មអាហារនៅមូលដ្ឋាន ដើម្បីទាក់ទាញទេសចរ” ក្នុងគោលបំណងពិភាក្សាបញ្ហាប្រឈម និងតម្រូវការនានា , ការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព ពិសេសគឺបញ្ហាគ្រប់គ្រងដីរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន ។

វេទិកានេះ ក៏មានការចែករំលែកនូវបទពិសោធន៍ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមនានា ក្នុងការផ្តល់សេវាកម្មទេសចរណ៍ ក្នុងកាល:ទេស: នៃការរីករាលដាលនៃជំងឺកូវីដ-១៩ , ការពង្រីសក្តានុពល និងការរៀបចំផលិតផលទេសចរណ៍នៅតាមសហគមន៍ , ការលើកកម្ពស់ការៀបចំម្ហូបអាហារនៅមូលដ្ឋានឱ្យមានគុណភាព និងសុវត្ថិភាពស្របតាមស្តង់ដារ ជាពិសេសបង្កើនភាពជាម្ចាស់របស់សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធនានានៅថ្នាក់ក្រោមជាតិ ក្នុងការងារអភិបាលកិច្ចធនធានធម្មជាតិ និងការទទួលខុសត្រូវ សំដៅពង្រឹងកិច្ចសហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ក្នុងការការពារធនធានធម្មជាតិ ។

វេទិកានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ទៀសីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាប្រតិភូអមដំណើរ , តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ , អង្គការជាតិ , អន្តរជាតិ និងបងប្អូនតំណាងសហគមន៍នានា សរុបប្រមាណជាង២០០នាក់។

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការផ្ទុះ និងការរីករាលដាល នៃជំងឺកូវីដ១៩ នៅលើពិភពលោក និងនៅប្រទេសកម្ពុជា មិនត្រឹមតែធ្វើឱ្យប៉ះពាល់ផ្ទាល់ដល់វិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាបានធ្វើឲ្យប៉ះពាល់ដល់វិស័យជាច្រើនទៀត ដូចជា វិស័យឧស្សាហកម្ម រោងចក្រកាត់ដេរ សំណង់ សេវាកម្ម និងកសិកម្ម។ល។ ដែលបានធ្វើឱ្យបាត់បង់ការងារ ប្រាក់ចំណូល និងជះឥទ្ធិពលដល់ការគ្រប់គ្រងធនធានធម្មជាតិ ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។ ដូច្នេះការរក្សាឱ្យបាននូវប្រព័ន្ធអេកូឡូស៊ីព្រៃឈើ ជីវៈចម្រុះក្នុងសហគមន៍មូលដ្ឋាន គឺជាការទាញយកនូវគុណតម្លៃ នៃចង្វាក់ផលិតកម្មអនុផលព្រៃឈើ ដែលជាប្រភេទអាហារ គ្រឿងទេស និងជាឱសថ ដោយត្រូវធ្វើការកែច្នៃ និងប្រើប្រាស់ឱ្យអស់លទ្ធភាព ដើម្បីបង្កើតជាមុខម្ហូបនៅមូលដ្ឋាន អាហាររូបត្ថម្ភ និងការផ្តល់ជូននូវសេវាកម្មម្ហូបអាហារប្រចាំមូលដ្ឋាន ដែលមានឱជារសឆ្ងាញ់ មានសុវត្ថិភាព អនាម័យ និងអាចទទួលបានប្រាក់ចំណូលបន្ថែមនៅក្នុងប្រព័ន្ធ សេវាកម្មទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ។

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ការរៀបចំវេទិកានេះ ជាផ្នែកមួយ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម ដែលបាននឹងកំពុងជួបប្រទះជាសកល និងដើម្បីបញ្ជ្រាបការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាសហគមន៍តំបន់ការពារធម្មជាតិ ឱ្យចូលរួមក្នុងសកម្មភាពទប់ស្កាត់បទល្មើសព្រៃឈើ ព្រមទាំងពង្រឹងតួនាទីរបស់សហគមន៍មូលដ្ឋាន ក្នុងការចូលរួមការពារធនធានធម្មជាតិ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព បញ្ហាការគ្រប់គ្រងដីរដ្ឋក្នុងតំបន់ការពារធម្មជាតិ និងលើកស្ទួយជីវភាពប្រជាសហគមន៍តាមរយៈការបង្កើន ផលិតផលទេសចរណ៍ ដើម្បីជាប្រយោជន៍ដល់សហគមន៍ផ្ទាល់។ ដូច្នេះការចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ គឺជាការចាំបាច់ដើម្បីធានាបាននូវអភិបាលកិច្ចនៃការគ្រប់គ្រង ប្រើប្រាស់ និងការអភិរក្សធនធានធម្មជាតិសម្រាប់មនុស្សគ្រប់ជំនាន់ប្រកបដោយសមភាព និងចីរភាព ។

សូមបញ្ជាក់ថា បច្ចុបុ្បន្ននោះនៅខេត្តសៀមរាប មានតំបន់ការពារធម្មជាតិចំនួន ៨កន្លែង ក្នុងនោះរួមមាន៖ ១. ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែន , ២. តំបន់ការពារទេសភាពអង្គរ , ៣. តំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប , ៤. ដែនជម្រកសត្វព្រៃបឹងពែរ , ៥ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព , ៦. ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក , ៧. តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប និង ៨. តំបន់ស្នូលបឹងទន្លេឆ្មារ ដែលគ្របដណ្តប់លើផ្ទៃដីសរុបប្រមាណ ២៣៣.៦៨៨ហិកតា ។

ជាមួយគ្នានេះដែរ ខេត្តសៀមរាប ក៏មានសហគមន៍តំបន់ការពារធម្មជាតិចំនួន ១០សហគមន៍ , សហគមន៍ព្រៃឈើ ចំនួន ៥៣សហគមន៍ និង សហគមន៍នេសាទ ចំនួន ២៣សហគមន៍ ដែលស្ថិតនៅក្នុងនិងក្បែរតំបន់ការពារធម្មជាតិទាំង៨ ហើយសហគមន៍ទាំងអស់នេះ បាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងស្រុក ៕

អត្ថបទ និងរូបភាព: លោក យូ វង្ស

កែសម្រួលដោយ លីវ សុខុន