វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​សៀមរាប ប្រកាស​ផ្ដល់​ការសិក្សា​ជំនាញ​ឯកទេស មិន​គិតថ្លៃ ដល់​យុវជន​ទូទៅ ចំនួន​ជាង​៨០០​នាក់ សម្រាប់​ឆ្នាំ​សិក្សា​២០២០-២០២១ !

​សៀមរាប​៖ ក្នុង​ឆ្នាំ​សិក្សា​២០២០-២០២១​នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​សៀមរាប ស្ថិតនៅ​ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លា​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប បានប្រកាស ផ្ដល់​អាហារូបករណ៍ ឬ​ការសិក្សា​មិន​គិតថ្លៃ លើ​ជំនាញ​ឯកទេស​វគ្គ​ខ្លី និង​វគ្គ​វែង សម្រាប់​យុវជន​ប្រឡង​ជាប់ ឬ​ធ្លាក់​ថ្នាក់​ទី​១២ និង​បោះបង់​ការសិក្សា ជាង​៨០០​នាក់ នេះ​បើតាម​ប្រសាសន៍​លោក សួង នូ​រ័ត្ន នាយករង វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​សៀមរាប នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០​នេះ​។​

​តាម​ការបញ្ជាក់​របស់ លោក​នាយករង​វិទ្យាស្ថាន​នេះ យុវជន​ដែលមាន​បំណង​ចង់​រៀន​ផ្នែក​បច្ចេកទេស ងាយ​រក​ការងារ​ធ្វើ​នោះ ពួកគាត់​អាច​ទៅទាក់ទង ជាមួយ​មេភូមិ ឬ​មេឃុំ ចៅសង្កាត់ ក្នុង​មូលដ្ឋាន ដើម្បី​សាកសួរ​ព័ត៌មាន​ផ្សេងៗ​អំពី​ការសិក្សា​ជំនាញ​ទាំងនេះ​។ ជាមួយ​នោះ សម្រាប់​ការផ្ដល់​អាហារូបករណ៍ លើ​ការសិក្សា​ជំនាញ​វគ្គ​វែង ចាំបាច់​យុវជន​ត្រូវ​ប្រឡង​ជាប់​ថ្នាក់​ទី​១២ ឬ​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​រង​។ ដោយឡែក សម្រាប់​ការផ្ដល់​អាហារូបករណ៍ លើ​ការសិក្សា​ជំនាញ​វគ្គ​ខ្លី ពុំ​ចាំបាច់​មាន​សញ្ញាបត្រ​ប្រឡង​ជាប់​ថ្នាក់​ទី​៩ ឬ​ថ្នាក់​ទី​១២​ឡើយ​។​

​ការសិក្សា​ជំនាញ​ឯកទេស​នេះ មាន​ច្រើន​ជម្រើស ដែល​សាក​សម​ទៅនឹង​កាយសម្បទា របស់​យុវជន រួមមាន គណនេយ្យ វិទ្យាសាស្ត្រ​កុំព្យូទ័រ សំណង់​ស៊ីវិល វិស្វកម្ម​អគ្គិសនី វិស្វកម្ម​បរិក្ខារ​ត្រជាក់ តម្លើង​បណ្ដាញទឹក​តាម​សំណង់​អគារ​ផ្សេងៗ ។​ល​។ ជាពិសេស វិទ្យាស្ថាន ផ្ដល់​អាទិភាព​ចំពោះ ស្ត្រី ជនពិការ ជនក្រីក្រ និង​ជនជាតិដើម​ភាគតិច​។​

​លោកនាយ​ករង ក៏បាន​លើកទឹកចិត្ត​ដល់ យុវជន ដែល​បាន​បោះបង់​ការសិក្សា​រយៈពេល​យូរ និង​ចង់​មាន​ជំនាញ​ច្បាស់លាស់ អាច​ជ្រើស​កម្មវិធីសិក្សា​ចំនួន​២ ដើម្បី​អាច​ទៅ​សិក្សា​ជំនាញ​វគ្គ​វែង​បន្តទៀត​បាន គឺ ១. កម្មវិធីសិក្សា​ស្ពាន​ចម្លង បន្ត​ជំនាញ និង កម្មវិធី សមមូល​អប់រំ​មូលដ្ឋាន តាម​អ៊ី​ន​ធើ​ណិ​ត ដោយ​ពុំ​ចាំបាច់​រៀន​នៅក្នុង​ថ្នាក់​ឡើយ​។​

​លោក សួង នូ​រ័ត្ន ក៏បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​យុវជន ត្រូវ​ស្វែងរក​ព័ត៌មាន​បន្ថែម​ដោយ​ខ្លួនឯង​ផ្ទាល់ ដើម្បី​ទទួលបាន​ការសិក្សា​ជំនាញ​សម្រាប់​អនាគត ក៏ដូចជា​ឱកាស​ការងារ​ល្អៗ ចៀសវាង​ការរង់ចាំ​ទទួល​ព័ត៌មាន ឬ​ការផ្សព្វផ្សាយ​តែ​ក្នុង​មូលដ្ឋាន​៕ អត្ថបទ និង​រូបភាព​: លោក​សេង ផល្លី កែសម្រួល​ដោយ​លីវ​សុខុន​សូម​ឯកឧត្តម​មេត្តា​ជ្រាប សូម​អរគុណ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​