មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំពិនិត្យលទ្ធផលការងារអនុវត្តន៍បានកន្លងមក និងរៀបរៀងរបាយការណ៍ឲ្យបានត្រឹមត្រូវទៅតាមទម្រង់ថ្មី ដែលក្រសួងព័ត៌មានបានណែនាំមកកាន់មន្ទីរព័ត៌មានរាជធានី-ខេត្ត

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម ស ស៊ីណា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបង្ហាញទម្រង់របាយការណ៍ថ្មី និងពិនិត្យលទ្ធផលការងារដែលបានអនុវត្តន៍កន្លងមក ក៍ដូចជាចាប់ផ្តើមរៀបរៀងរបាយការណ៍បានត្រឹមត្រូវ ទៅតាមទម្រង់ថ្មី ដែលក្រសួងព័ត៌មានបានណែនាំ មកកាន់មន្ទីរព័ត៌មានរាជធានី-ខេត្ត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក អនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន-អនុប្រធានការិយាល័យ នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ។

ឯកឧត្តម ស ស៊ីណា បានលើកឡើងថា កិច្ចប្រជុំថ្ងៃនេះធ្វើឡើង ដើម្បីត្រួតពិនិត្យលទ្ធផលការងារកន្លងមក ពិសេសរបាយការណ៍ឆមាសទី១នេះ ដែលការិយាល័យទាំងអស់ខិតខំបំពេញភារកិច្ចអនុវត្តន៍បានយ៉ាងសស្រាក់សស្រាំ ព្រមទាំងបានបង្ហាញទម្រង់ និងរបៀបរៀងរៀងរបាយការណ៍ ដល់ប្រធាន-អនុប្រធានការិយាល័យទាំងអស់ នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ឲ្យបានត្រឹមត្រូវទៅតាមទម្រង់ថ្មី ដែលក្រសួងព័ត៌មានបានណែនាំ មកកាន់មន្ទីរព័ត៌មានរាជធានី-ខេត្ត ធ្វើយ៉ាងណាកែលម្អខ្លឹមសាររបាយការណ៍កាន់តែល្អ និងរំលេចសកម្មភាពកាន់តែច្បាស់លាស់ ផុលផុស តាមរយៈទម្រង់ថ្មី ដែលបានដាក់ចេញមកអនុវត្តន៍។

ក្នុងឳកាសនោះ ឯកឧត្តម ស ស៊ីណា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដាក់នាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានរួមសហការអនុវត្តន៍ការងារទាំងផ្នែករដ្ឋបាល និងផ្នែកព័ត៌មាន ទទួលបានលទ្ធផលការងារបានយ៉ាងល្អ និងមានប្រសិទ្ធភាព ក៍ដូចជាបន្តអនុវត្តន៍ការងារឲ្យកាន់តែប្រសើរទ្វេឡើង ឈរលើជំហដ៍រឹងមាំស្របតាមទស្សនៈវិស័យដ៍មុតស្រួចរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន «ថ្មីប្លែកលឿន ទុកចិត្តបាន នៅទីណាពេលណាក៍បាន» ជាពិសេសរក្សាទំនាក់ទំនងសាមគ្គីភាពផ្ទៃក្នុងឲ្យកាន់តែល្អ ក្នុងនាមគ្រួសារមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ក្រោមដំបូលគ្រួសារក្រសួងព័ត៌មានតែមួយ៕