អាជ្ញាធរ​ជាតិ​អប្សរា ៖ ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត អាច​នឹង​បើក​ដំណើរការ​ឡើងវិញ​នៅ​ចុងឆ្នាំ​២០២១ !

​សៀមរាប​៖​ស្ពាន​ហាល​បុរាណ ដែលជា​ផ្លូវ​ចូល សំខាន់ ពី​ទិស​ខាងលិច​ច្រកចូល​ប្រាសាទអង្គរវត្ត ត្រូវបាន​ផ្អាក មិន​ឲ្យ​អ្នកទេសចរ​ឆ្លងកាត់ បន្ទាប់ពី​ចាប់ផ្ដើម​បើក​ការដ្ឋាន​ជួសជុល លើក​ទី​២ ជា​ផ្លូវការ​កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦​។ បើតាម​ការ​ឲ្យ​ដឹង​ពី លោក អន សុភាព ប្រធាន​គ្រប់គ្រង​គម្រោង​ជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០ ស្ពាន​ហាល​នេះ នឹង​អាច​បើក​ឲ្យ​អ្នកទេសចរ​ឆ្លង​ធ្វើដំណើរ​បាន​នៅ​ចុងឆ្នាំ​២០២១​។​

​តាម​ការបញ្ជាក់​របស់​អ្នកជំនាញ​រូបនេះ គម្រោង​ជួសជុល​ស្ពាន​ហាល​នេះ ត្រូវបាន​ក្រុម​អ្នកបច្ចេកទេស​ធ្វើឡើង​តាមបែប​បុរាណ ដោយ​ការជួសជុល​ត្រូវធ្វើ​ដោយ​ដៃ មិន​ប្រើ​គ្រឿងចក្រ ដើម្បី​បុក​បង្ហាប់​ឡើយ ព្រោះ​អាច​ប៉ះពាល់​ដល់​គ្រឹះ​ប្រាសាទ និង​ត្រូវ​ការជួសជុល​ដោយ​ប្រុងប្រយ័ត្ន​ទៅតាម​ដំណាក់កាល​នីមួយៗ​។ ស្ពាន​បុរាណ​នេះ មាន​ប្រ​វ៉ែ​ង​សរុប​១៩៧.៤​ម៉ែត្រ​។ លោក បញ្ជាក់​បន្ថែមថា ស្ពាន​នេះ ទទួលបាន​ការជួសជុល​លើកទីមួយ នៅ​ឆ្នាំ​១៩៩៦ និង​រួចរាល់​ជា​ស្ថាពរ​នៅ​២០០៧​។ លើក​ទី​២ ជួសជុល​ក្រោម​កិច្ច​ការសហការ​អាជ្ញាធ​រ​ជាតិ​អប្សរា និង​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​នៃ​ប្រទេស​ជប៉ុន ។​

​គួររំលឹកថា បច្ចុប្បន្ន ដើម្បី​ធ្វើដំណើរ​ចូល​ប្រាសាទអង្គរវត្ត​បាន តាម​ទិស​ខាងលិច អ្នកទេសចរ ត្រូវ​ឆ្លងកាត់​ក​សិន្ធុ តាម ស្ពាន​បណ្តែត​ទឹក​បណ្ដោះអាសន្ន ដែល អាជ្ញាធរ​ជាតិ​អប្សរា បានដាក់​ឲ្យ​ប្រើប្រាស់ កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៧​។ ស្ពាន​ជ័រ​នេះ អាច​ទ្រ​ទម្ងន់​សរុប​បាន ៤៥៧​តោន ឬ អាច​ផ្ទុក​ចំនួន​មនុស្ស​ឈរលើ​ស្ពាន ក្នុងពេល​តែមួយ​បាន​ជាង​១,៤០០​នាក់​។ ស្ពាន​ជ័រ​នេះ មាន​បណ្តោយ​ប្រវែង ១៧០​ម៉ែត្រ ទទឹង ៨​ម៉ែត្រ ឬ​ស្មើនឹង ១,៣៦០​ម៉ែត្រការ៉េ ដោយ​ប្រើប្រាស់​ពោង​ជ័រ​បណ្តែត​ទឹក​សរុប ៦,៧២០​ដុំ និង​អាច​ប្រើប្រាស់​បាន​រហូតដល់​ទៅ ២០​ឆ្នាំ​។​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​