កិច្ចប្រជុំ​រវាង​គណៈកម្មកា​រ​ផែនការ​វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក (​គណៈកម្មការ​ទី​៣) នៃ​រដ្ឋសភា និង​រដ្ឋបាល​ខេត្តសៀមរាប​

​សៀមរាប​៖ ឯកឧត្តម ឡូយ សុផាត ប្រធាន​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិក​ប្រតិភូ​អមដំណើរ​ទាំងអស់ ចុះមក​បំពេញបេសកកម្ម​ការងារ នៅ​ខេត្តសៀមរាប ដើម្បី​ស្វែងយល់​អំពី​សមិទ្ធផល ការរីកចម្រើន និង​បញ្ហា​ប្រឈម​នានា​របស់​ខេត្ត ដែល​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​របស់​គណៈកម្មកា​រ​ទី​៣​នេះ​។ ព្រមទាំង​ស្វែងយល់​អំពី​ស្ថានភាព នៃ​ផលប៉ះពាល់​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩ និង​ការផ្តល់​ប័ណ្ណ​សមធម៌​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​។​

​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប មានមតិ​ស្វា​គម​ន៏ និង​ធ្វើ​សេចក្តីរាយការណ៍​ថា គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ វិស័យ​ទេសចរណ៍ ក្នុង​ខេត្ត មានការ​ថយចុះ​ជិត ៦៩​ភាគរយ ឬ​ស្មើនឹង​ជិត​៤​សែន​នាក់ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩ ខេត្ត​មួយ​នេះ​ទទួលបាន​ភ្ញៀវទេសចរ សរុប​ជាង ១​លាន ២​សែន​នាក់​។​
​ឯកឧត្តម អភិបាលខេត្ត ក៏បាន​បញ្ជាក់​ផងដែរ​ថា អនុវត្តន៍​តាម​យុទ្ធសាស្ត្រ​ឆ្លើយតប​ទៅនឹង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ របស់​រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត បាន​ចុះ​ផ្សព្វផ្សាយ និង​ជំរុញ​ការចិញ្ចឹម​សត្វ ការដាំដុះ​ដំណាំ​រួមផ្សំ រួម​និង​កិច្ចសហការ​ជាមួយ​កម្មវិធី​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ របស់​ក្រសួងកសិកម្ម និង​អង្គការក្រៅរដ្ឋាភិបាល​នានា​។ ទន្ទឹម​នោះ រដ្ឋបាលខេត្ត បាននិងកំពុង​រៀបចំ​កែលម្អ​សោ​ភណ្ឌ​ភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង រួមមាន​ផ្លូវថ្នល់ អគ្គិសនី ប្រព័ន្ធ​ទឹកស្អាត ភ្លើង​បំភ្លឺ​សាធារណៈ ប្រព័ន្ធ​ទឹក​ចម្រោះ​ទឹក​កខ្វក់ ព្រមទាំង​ការងារ​ពង្រឹង​សន្តិសុខ​សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ និង​ការកែលម្អ​នៅតាម​តំបន់​រមណីយដ្ឋាន​នានា ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ បន្ទាប់ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ បាន​ធូរស្រាល ឬ​បញ្ចប់​នាពេលខាងមុខ​។​

​ឯកឧត្តម ប្រធាន​គណៈកម្មការ លើកឡើងថា បើទោះជា​ខេត្តសៀមរាប ត្រូវ​ពឹងផ្អែក​ជា​ចំបង​ទៅលើ​វិស័យ​ទេសចរណ៍ ក៏ប៉ុន្តែ​វិស័យ​កសិកម្ម​បាន​ងើបឈរ​ឡើង សម្រាប់​ការរក្សា​លំនឹង​ជីវភាព​ប្រជាជន ពិសេស​គឺ​ក្នុងស្ថានភាព​នៃ​ការរង​ផលប៉ះពាល់​ដោយ​វិបត្តិ​កូ​វីត​១៩​។ លើសពីនេះ​ខេត្ត​មួយ​នេះ ក៏មាន​លទ្ធភាព​នាំចេញ​ស្រូវ​អង្ករ ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​ផងដែរ​។ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​សំខាន់ៗ និង​មាន​ប្រសិទ្ធភាព ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​នៃ​វិបត្តិ​កូ​វីត​១៩ និង​កំពុង​ធ្វើ​ឲ្យ​ពេលវេលា​នេះ បាន​ក្លាយជា​កាលានុវត្តន៍ សម្រាប់​ពង្រឹង និង​ពង្រីក​វិស័យ​កសិកម្ម ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ទីផ្សារ និង​ជីវភាព​ប្រជាជន​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​