គណៈកម្មាការទី៨នៃរដ្ឋសភាជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តរតនគិរី

(រតនគិរី)៖ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ គណៈកម្មាការទី៨នៃរដ្ឋសភាដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មាការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារីបានអញ្ជើញជួបប្រជុំ និងពិភាក្សាការងារជាមួយឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី។

ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីបានជម្រាបគណៈកម្មការទី៨នៃរដ្ឋសភាអំពីវឌ្ឍនភាព នៃការអភិវឌ្ឍនៃការអភិវឌ្ឍខេត្ត ដែលបាន សម្រេចនូវសមិទ្ធិផលផ្សេងៗ ជាច្រើនជាពិសេសខេត្តបានបន្តពង្រឹង ពង្រីក និងលើកម្ពស់ការអភិវឌ្ឍន៍សង្គមកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពង្រឹងការអភិវឌ្ឍន៍ស្ថាប័ន ការអនុវត្តគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ និងគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាលសម្រាប់ប្រយោជន៍សហគមន៍ និងប្រជាជនក្នុងមូលដ្ឋាន។

លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភាបានមានប្រសាសន៍ថា៖ ការជួបសំណេះសំណាលជាមួយរដ្ឋបាលខេត្ត រតនគិរីនាពេលនេះ ជាបេសកកម្មចុះមូលដ្ឋានដើម្បីស្វែងយល់ពីស្ថានភាពអនុវត្តច្បាប់ និងគោលនយោបាយក្នុងវិស័យទទួលខុសត្រូវរបស់ខ្លួន។

លោកជំទាវបន្តថាកិច្ចការសំខាន់ដែលគណៈ
កម្មាការទី៨ចង់ដឹងគឺវឌ្ឍនភាពនៃការអភិវឌ្ឍន៍ និងការអនុវត្តកម្មវិធីគោលនយោបាលរាជរដ្ឋាភិបាលរបស់រដ្ឋបាលខេត្តរតនគិរីដែល មានការពាក់ព័ន្ធនឹងវិស័យដែលគណៈកម្មការទទួលខុសត្រូវ បញ្ហាប្រឈមនានា និងការ សំណូមពររបស់រដ្ឋបាលខេត្ត ដើម្បីគណៈកម្មការ កត់ត្រាឲ្យបានត្រឹមត្រូវ យកទៅជូនថ្នាក់លើសម្រេច និងដោះស្រាយជូន និង ជាពិសេសណែនាំពីច្បាប់នានាបន្ថែមទៀត ដើម្បីជាគំនិត និងជំនាញសំដៅការអនុវត្តការងារនៅក្នុងស្ថាប័នអង្គភាពរបស់ខ្លួន ឲ្យទទួលបានជោគជ័យ។

ជាមួយគ្នានោះ លោកជំទាវ ក៏បានជំរុញដល់រដ្ឋបាលខេត្តរតនគិរី និងមន្ទីរជំនាញ ដែលជាប់ពាក់ព័ន្ធទាំងអស់ត្រូវពង្រឹង លើកិច្ចការរបស់ខ្លួនឲ្យមានគុណភាពប្រសិទ្ធភាព ដើម្បីចូលរួមកសាង អភិវឌ្ឍនខេត្ត ឲ្យកាន់មានការរីកចំរើនថែមទៀត ៕