ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញចុះពិនិត្យផ្លូវលំមួយខ្សែដែលជាគម្រោងសាច់ប្រាក់ពលកម្ម ដល់បងប្អូនប្រជាពលរដ្ឋនៅឃុំព្រៃពោន ឃុំជាងដែក ស្រុកកំពុងត្របែក ខេត្តព្រៃវែង

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្ត ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញពិនិត្យសកម្មភាពសាងសង់ផ្លូវក្នុងក្របខណ្ឌ គម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ ជំហានទី២ ឆ្នាំ២០២០-២០២២ ចំនួន ៦ ខ្សែ ប្រវែងសរុប ៦,៧០៤ ម៉ែត្រ។

លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានបញ្ជាក់ថា នៅទូទាំងខេត្តព្រៃវែង គម្រោងសាច់ប្រាក់ពលកម្មទទួលបានការអនុម័ត ចំនួន ១៤១ អនុគម្រោង ប្រវែងសរុប ១៤៤ ២៤៦ ម៉ែត្រ។ បច្ចុប្បន្នការងារលើកផ្លូវដីស បានបញ្ចប់ចំនួន៨អនុគម្រោង ប្រវែង ៨ ៧៥៧ ម៉ែត្រ។

មានប្រសាសន៍ក្នុងឱកាសចុះពិនិត្យសកម្មភាពសាងសង់ផ្លូវនេះ ឯកឧត្ដម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ការស្តារ និងកែលម្អផ្លូវលំក្នុងភូមិ ឃុំ នឹងរួមចំណែកដល់ការតភ្ជាប់គ្នារវាងភូមិ នឹងឃុំ ដែលវាបង្កលក្ខណងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរពីភូមិមួយ ទៅភូមិមួយ ពីឃុំមួយ ទៅឃុំមួយ និងងាយស្រួលក្នុងការដឹកជញ្ជូនកសិផលកសិកម្មរបស់គាត់ ដែលគាត់អាស្រ័យផលនៅទីនោះ និងងាយស្រួលក្នុងការធ្វើដំណើរទៅមណ្ឌលសុខភាពព្យាបាលជំងឺ ជាពិសេស ងាយស្រួលដល់ប្អូនៗសិស្សានុសិស្សក្នុងការធ្វើដំណើរទៅសិក្សានៅឯសាលារៀន និងងាយស្រួលដល់បងប្អូនទៅរកសេវារដ្ឋបាលសាធារណៈជាដើម ដែលជាសេវាតម្រូវការមូលដ្ឋាន។

សូមបញ្ជាក់ផងដែថា ផ្លូវនេះមាន ប្រវែង ៦,៧០៤ ម៉ែត្រទទឹង ៥.៤ កម្ពស់ ៦ តឹក ស្ថិតនៅក្នុងភូមិព្រៃពោន១ ព្រៃពោន២ ជីអក ជាងដែក តាមាស ក្នុងឃុំ ព្រៃពោន និងឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សកម្មភាពសាងសង់ផ្លូវនេះមានប្រជាពលរដ្ឋចូលរួមប្រមាណ៣០០ គ្រួសារ ស្មើនឹង ៦០០ នាក់៕