ប្រជាពលរដ្ឋ​៣​ស្រុក​ក្នុង​ខេត្តសៀមរាប ទទួលបាន​គ្រាប់ពូជ​បន្លែ និង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ដោយ​ឥតគិតថ្លៃ !

​សៀមរាប​៖ ប្រតិបត្តិការ​របស់​ប្រព័ន្ធ​ស្បៀង​បំរុង​កម្ពុជា ដែល​បាន​ប្រើប្រាស់​ថវិកាជាតិ​ទាំងស្រុង និង​បាន​ដំណើរការ​តាំងតែ​ពី​ឆ្នាំ​២០១៦​កន្លងមក​នោះ កំពុង​ដើរតួនាទី​យ៉ាងសំខាន់​បន្ថែមទៀត ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងស្ថានភាព​នៃ​វិបត្តិ​កូ​វីត​-១៩ ។ នៅក្នុង​បេសកកម្ម​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ របស់​ក្រុមការងារ​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ប្រព័ន្ធ​ស្បៀង​បំរុង​កម្ពុជា មកកាន់​ខេត្តសៀមរាប ក្នុងការ​ផ្តល់​ពូជ​បន្លែ ត្រកួន ត្រប់ ប៉េងប៉ោះ និង​ស្ពៃ​ច​ង្កើះ ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។ គោលដៅ​នៃ​បេសកកម្ម​នេះ រួមមាន​ស្រុក​ស្រីស្នំ អង្គ​ជុំ និង​ស្រុក​វ៉ារិន​។ ការចែកជូន​នេះ មិនបាន​កំណត់​ចំនួន​គ្រួសារ​នោះទេ តែ​ត្រូវបាន​ចែកជូន​ដល់​ប្រជាពលរដ្ឋ​តាម​តម្រូវការ​ជាក់ស្តែង​។​


​ឯកឧត្តម បណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា មានប្រសាសន៍ នា​រសៀល​ថ្ងៃទី​២៨ កក្កដា​នេះ នៅក្នុង​ឱកាស​ចែក​ពូជ​បន្លែ​ជូន​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ជ្រោយ​នាងនួន ស្រុក​ស្រីស្នំ បាន​ឲ្យ​ដឹងថា ប្រព័ន្ធ​ស្បៀង​បំរុង​កម្ពុជា ត្រូវបាន​បង្កើតឡើង​នៅ​ចុងឆ្នាំ​២០១២ ហើយ​កិច្ចដំណើរការ​របស់​ប្រព័ន្ធ​នេះ គឺ​ត្រូវបាន​ប្រើប្រាស់​ថវិកាជាតិ​១០០% ។ ក្រៅពី​កញ្ចប់​ថវិកា​សម្រាប់​ការផ្គត់ផ្គង់ ចែកជូន​គ្រាប់ពូជ​បន្លែ​ដោយ​ឥតគិតថ្លៃ នៅមាន​បំរុង​ស្បៀង​ជា​អង្ករ​សម្រាប់​អន្តរាគមន៍​នៅពេល​មាន​គ្រោះធម្មជាតិ ទឹកជំនន់ រាំងស្ងួត និង​គ្រោះមហន្តរាយ​ផ្សេងៗ​ទៀត​។ ជាមួយ​នោះ គ្រាប់​ពូជស្រូវ គឺមាន​បំរុង​ប្រមាណ​ជា ៣,០០០​តោន ក្នុង​មួយឆ្នាំៗ​។​


​ប្រតិបត្តិ​ការចែក​ពូជ​បន្លែ​នេះ ត្រូវបាន​អនុវត្ត​តាំងតែ​ពី​ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​នៅ​ខេត្តតាកែវ ស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ ព្រះវិហារ និង​ខេត្តសៀមរាប សរុប​ប្រមាណ​ជាង​៣០​ម៉ឺន​គ្រួសារ ដែល​បានទទួល​គ្រាប់ពូជ​បន្លែ និង​គ្រាប់ពូជ​ដំណាំ​ផ្សេងៗ​ទៀត ពី​ក្រុម​បេសកកម្ម​នេះ​។ សម្រាប់​ក្នុងស្ថានភាព​នៃ​វិបត្តិ​កូ​វីត​-១៩ បេសកកម្ម​របស់​ប្រព័ន្ធ​បំរុង​ស្បៀង​កម្ពុជា កំពុង​ដើរតួនាទី​យ៉ាងសំខាន់ សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​។ ទាំងអស់នេះ គឺអាច​និយាយបានថា ជា​បំណង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​។ ឯកឧត្តម វង់ សណ្តាប់ បាន​បញ្ចាក់​នៅក្នុង​បទសម្ភាសន៍​យ៉ាង​ដូច្នេះ​ថា​៖

​លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្តសៀមរាប បានបង្ហាញ​ការកត់សម្គាល់​ដែរ​ថា តាមរយៈ​នៃ​ការចែកជូន​គ្រាប់ពូជ​បន្លែ​កន្លងមក ប្រជាកសិករ និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន បង្កើតបានជា​ទម្លាប់​មាន​ច្បារ​ដំណាំ​ជុំវិញ​លំនៅដ្ឋាន ដើម្បី​សំរួល​ជីវភាព​គ្រួសារ ជាពិសេស​ក្នុងស្ថានភាព​បច្ចុប្បន្ន​។ ក៏​ជា​ចំណុច​សំខាន់​ផងដែរ ការអនុវត្ត​របស់​ប្រព័ន្ធ​ស្បៀង​បំរុង​នេះ គឺ​ឆ្ពោះទៅរក​ការបង្កបង្កើន​ផលដំណាំ​សុវត្ថិភាព ដែលជា​គោលការណ៍​ដើម្បី​សុខភាព តាមរយៈ​នៃ​ការបរិភោគ​ចំណីអាហារ​ដែល​គ្មាន​ជាតិគីមី​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​