កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​ខេត្តសៀមរាប !

​សៀមរាប​៖ កិច្ចប្រជុំ​ប្រចាំខែ​កក្កដា ឆ្នាំ​២០២០ របស់​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​ខេត្តសៀមរាប ក្នុង​គោលបំណង គឺ​ដើម្បី​ត្រួតពិនិត្យ​នូវ​រាល់​លទ្ធផល​របស់​គណៈកម្មាធិកា​រ និង អាជ្ញាធរ​មូលដ្ឋាន រួមទាំង​អង្គការ​ដៃគូ​អនុវត្តបាន​ប្រចាំខែ ព្រមទាំង​លើក​នូវ​រាល់​បញ្ហា​ប្រឈម​ដែល​បាន​ជួបប្រទះ​កន្លងមក​។ កិច្ចប្រជុំ​នេះ ក្រោម​កិច្ចដឹកនាំ​របស់លោក​ស្រី យូ សុភា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្ត ដោយមាន​ការចូលរួម​ពី​សំណាក់​អស់ លោក លោកស្រី​ជា​សមាជិក​សមាជិកា​គណៈ​ក​ម្មា​ធិ​ការ អាជ្ញាធរ​ក្រុង ស្រុក និង អង្គរការ​ដៃគូរ​ចូលរួម​ជាច្រើន​នាក់​។

​បើ​យោងតាម​របាយការណ៍ លទ្ធផល​ការងារ​ប្រចាំខែ និង​សេចក្តី​រាយ​ការ​អំពី​សកម្មភាព​អនុវត្ត​នៅតាម​បណ្តា​ក្រុង ស្រុក និង​អង្គការ​ដៃគូរ ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នោះ​មាន​សកម្មភាព​ល្អប្រសើរ​ច្រើន​។ ក្នុង​កិច្ចប្រជុំ​នេះ ផ្តោត​យ៉ាងសំខាន់​ចំពោះ​បងប្អូន​ប្រជា​ពលករ​ធ្វើ​ចំណាក់ស្រុក និង​ស្ត្រី កុមារ​ដែល​រងគ្រោះ​នូវ​អំពើហិង្សា​នៅក្នុង​ក្រុមគ្រួសារ ក៏ដូចជា​ការ​កេង​ប្រ​វ​ញ្ច័​កម្លាំង​ពលកម្ម​ជាដើម ។

​លោកស្រី យូ សុភា អភិបាលរង​ខេត្ត បាន​កោតសរសើរ អំពី​កិច្ចសហការ​បានល្អ​រប​ស់​ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​ដៃគូរ ចំពោះ​សកម្មភាព​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅក្នុង​ខេត្ត ព្រមទាំង​បាន​សង្គ្រោះ​ដល់​ជនរងគ្រោះ​បាន​ទាន់ពេលវេលា​ទៀតផង​។ លោកស្រី បាន​ថ្លែង​យ៉ាង​ដូច្នេះ ក្នុង​អង្គរ​ប្រជុំ​មួយ នៅ​សាលា​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០​នេះ​។ ទន្ទឹមគ្នា​នឹង​វិបត្តិ​កូ​វីដ​-១៩ នៅពេល​នេះដែរ ប្រជាពលរដ្ឋ​បាន​វិល​មកពី​ក្រៅប្រទេស​ជា​បន្តបន្ទាប់ ប៉ុន្តែ​អាជ្ញាធរ​ចាត់វិធានការ ដាក់​នៅ​មណ្ឌល​ច​ត្តា​ឡី​ស​ក័តា​ម​បណ្តា​ក្រុង ស្រុក ឃុំ សង្កាត់ ដែលជា​វិធានការ​ដ៏​ល្អ​ប្រពៃ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ព្រមទាំង​បាន​ផ្គត់ផ្គង់​ជា​អាហារ​នៅតាម​ច្រកព្រំដែន នឹង​ផ្តល់​ជា​សម្ភារៈ​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​ផងដែរ ។

​លោកស្រី បាន​ក្រើន​រំលឹកថា យើង​ត្រូវតែ​អនុវត្ត​នូវ​ទិសដៅ​បន្ត​សម្រាប់​ខែសីហា​ខាងមុខ​នោះ ហើយ​បានដាក់​នូវ​ផែនការ​មួយចំនួន​ដល់​អាជ្ញាធរ​ក្រុង ស្រុក និង អង្គការ​ដៃគូរ​ទាំងអស់ គឺ​ត្រូវតែ​ធ្វើ​សម្រង់​ស្ថិតិ​ប្រជា​ពលករ​ដែល​បាន​វិលត្រឡប់​មកពី​ក្រៅប្រទេស នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ដើម្បី​ឲ្យ​បងប្អូន​ទាំងនោះ​បានមក​ទទួល​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស ក្នុង​ជំនាញ​កសិកម្ម និង​ដំណាំ​ឧស្សាហកម្ម ព្រមទាំង​បច្ចេកទេស​ជួសជុល​គ្រឿងយន្ត​ជាដើម ទៅតាម​បំណង​របស់​បងប្អូន​ស្រឡាញ់​ចូលចិត្ត​នោះ ។

​លោកស្រី ក៏បាន​សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន សហការ​ជាមួយ​អង្គការ​ដៃគូ ក្នុងការ​ទប់ស្កាត់​នូវ​ការវិលត្រឡប់រ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ចំណាកស្រុក ជាថ្មី​ដោយ​ប្រថុយប្រថាន តាមរយៈ​មេខ្យល់​ខុសច្បាប់ ក្នុងពេលដែល​ប្រទេស​ជិ​ក​ខាងយើង​នៅតែ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​នៃ​ជម្ងឺ​កូ​វិដ​-១៩ ។ ក្នុង​បញ្ហា​នេះ​គឺជា​រូបភាព​ជួញដូរ​មនុស្ស​ដោយ​ប្រយោល ដែល​ធ្វើ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ស្រាវជ្រាវ ដើម្បី​ដាក់បន្ទុក​ជន​ទាំងនោះ​ផងដែរ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​