កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ឆ្នាំ​២០២០

​កំពង់ឆ្នាំង​៖ កិច្ចប្រជុំ​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ៨​កើត ខែស្រាព​ណ៍ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ ក្រោម អធិបតីភាព ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និង​លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​។​

​លោក ឆាយ លា​ភា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បានបញ្ជាក់​ថាៈ នៅក្នុង​ឆមាស​ទី​១ កន្លងមកនេះ​មន្ត្រី​ជំនាញ​បានធ្វើការ​ចុះបញ្ជី​យាន្ត​យន្ត ផ្តល់​បណ្ណ​បើកបរ ត្រួតពិនិត្យ​លក្ខណ​បច្ចេកទេស​យាន្ត​យន្ត ការចុះ​ត្រួតពិនិត្យ និង​ផ្សព្វផ្សាយ​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​គ្រប់​មូលដ្ឋាន​នានា​នៅក្នុង​ខេត្តកំពង់ឆ្នាំង​។ នៅ​ឆមាស​ទី​១​នេះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បាន​កើតឡើង​ចំនួន ២១​លើក មានការ​ថយចុះ​ចំនួន ៣១ បើ​ប្រៀបធៀប​និង​រយៈពេល​ដូចគ្នា កាលពី​ឆមាស​ទី​១​ឆ្នាំ​២០១៩​។​

​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​សំដែង​នូវ​ការកោតសរសើរ​ដល់​ម​ន្ត្រី​ជំនាញ​ទាំងអស់​ដែល​ខិតខំ​ប្រឹងប្រែង​ក្នុង​ការចូល​ល​រួម​ធ្វើការ​ផ្សព្វផ្សាយ និង​អនុវត្ត​នូវ​វិធានការ ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឱ្យមាន​ប្រសិទ្ធិភាព​ខ្ពស់ និង​ដាក់ចេញ​វិធានការ​បន្ថែម​ក្នុងការ​រឹតបន្តឹង​ទៅលើ​ប្រើប្រាស់​រថយន្ត​កែច្នៃ ទោច​ក្រ​យាន្ត​យន្ត​ច្នៃ​សណ្តោង​រឺ​ុ​ម៉ក និង​គោយន្ត​ចេញចូល​ក្រុង ដើម្បី​បញ្ជៀ​ស​ឱ្យបាន​នូវ​គ្រោះថ្នាក់​ជាយថាហេតុ​។​

​ឯកឧត្តម បានលើកឡើង​បន្តទៀតថា កន្លងមក​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន បាន​បណ្តាលមកពី រថយន្ត​កែច្នៃ គោយន្ត​កន្ត្រៃ បើកបរ​លើស​ល្បឿន​កំណត់ និង​មិនមាន​ប្រព័ន្ធ​សុវត្ថិភាព​គ្រប់គ្រាន់​។ ក្នុងនោះ ឯកឧត្តម បានធ្វើការ​សំណូមពរ​ដល់​អនុគណៈ​កម្ម​ការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត ត្រូវ​ចូលរួម​សហ​ការណ៍​បន្ត​ជាមួយ ការិយាល័យ​សាធារណការ អធិការដ្ឋាន​នគរបាល និង​បញ្ជាការដ្ឋាន​កង​រាជ​អ​វុ​ធ​ហត្ថ គ្រប់​ក្រុង​-​ស្រុក​ទាំង​០៨ ត្រូវ​ចុះ​ផ្សព្វផ្សាយ​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ចុះ​ចង​បដា​អប់រំ​ស្តីពី​ច្បាប់​ចរាចរណ៍ និង​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​គ្រប់​គោលដៅ​ដែល​បានកំណត់ និង​បង្កើន​ការផ្សព្វផ្សាយ​អំពី​វិធានការ បង្ការ​ទប់ស្កាត់ នៃ​ការរីក​រាលដាល​ពី​ជំងឺ​កូ​វីដ​១៩ ផងដែរ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង​