អាជ្ញាធរខេត្តត្បូងឃ្មុំ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារសពបុរសម្នាក់ ដែលបានស្លាប់ពេលធ្វើចត្តាឡីស័ក នៅស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បាននាំយកអំណោយដ៏ថ្លៃថ្លា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនក្រុមគ្រួសារបុរសម្នាក់ ដែលបានស្លាប់ពេលកំពុងធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាភូមិ៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ មានករណីបុរសម្នាក់ មានទីលំនៅភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានទទួលមរណភាព ក្នុងពេលស្នាក់នៅធ្វើ ចត្តាឡីស័ក នៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក សាលាបឋមសិក្សាភូមិ២ ដែលក្រុមគ្រូពេទ្យសន្និដ្ឋានថា អាចបណ្តាលមកពីខ្យល់គ មិនមែនមកពីជំងឺកូវីដ១៩នោះឡើយ។

ថ្លែងនាឱកាសនោះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលផ្តាំផ្ញើសួរសុខទុក្ខជូនចំពោះគ្រួសារនៃសព ។ ឯកឧត្តម បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំសោកស្តាយ អាឡោះអាល័យជាទីបំផុតជាមួយ ក្រុមគ្រួសារនៃសពទាំងអស់ និងសូមបួងដល់វត្ថុស័ក្កិសិទ្ធិ ក្នុងលោកតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ របស់យុវជន អាយុ២១ឆ្នាំ ដែលទទួលមរណៈភាព សូមបានទៅសោយសុខក្នុងគតិភពជានិរន្តរ៍តរៀងទៅ។

ជាមួយគ្នានោះ គ្រួសារសព បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ពិសេសថ្នាក់ដឹកនាំខេត្ត ដែលបានគិតគូរយកចិត្តទុកដាក់ ចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដោយគ្មានការរើសអើងអ្វីឡើយ។

អំណោយ និងសម្ភារៈ ដ៏ថ្លៃថ្លាដែលប្រគល់ជូនក្រុមគ្រួសារសព នាឱកាសនោះ រួមមាន ÷ អង្ករចំនួន៣០kg មី១កេះ ត្រីខ ១យួរ ឃីត ១កញ្ចប់ និងថវិកាចំនួន ៣លានរៀល៕