លោកឧត្តមសេនីយ៍ទោ លៀង ឡេង កោតសរសើរចំពោះយោធិននៅតំបន់ព្រះវិហារ ចំពោះសកម្មភាពដ៏រស់រវើក និងភាពស្មោះត្រង់

(ព្បរះវិហារ)៖ មេបញ្ជាការរងយោធភូមិភាគទី៤ លោកឧត្តមសេនីយ៍ទោ លៀង ឡេង បានពាំនាំការផ្តាំផ្ញើ សាក សួរសុខទុក្ខពីសំណាក់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត , មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិ ភាគទី៤ លោកឧត្តមសេនីយ៍ឯក ពៅ ហេង ដែលជានិច្ចជាកាលថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ តែងតែ គិតគូរពីភាពសុខទុក្ខរបស់យោធិនទាំងអស់ ទាំងនៅសមរភូមិក្រោយ និងនៅសមរភូមិមុខ។

លោកឧត្តម សេនីយ៍បានថ្លែង កោតសរសើរចំពោះយោធិនទាំងអស់ ពិសេស មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ព្រះវិហារ ចំពោះសកម្មភាពដ៏រស់រវើក និងស្មោះត្រង់របស់នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ ក្នុងការរួមចំណែកអភិវឌ្ឍន៍កម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មោះមុត អង់អាច ក្លាហាន មានវិន័យ សេចក្តីថ្លៃថ្នូរ និងនៅគ្រប់កាលៈទេសៈ តែងតែការពារបានយ៉ាងរឹងមាំ នូវបូរណភាពទឹក ដី និងបានចូលរួមចំណែក ថែរក្សាសុខសន្តិភាព ស្ថិរភាពជាតិ សណ្តាប់ធ្នាប់សង្គម ស័ក្តសមជាសសទ្រូង របស់ប្រជាជន និងសង្គមជាតិទាំងមូល។

លោកឧត្តមសេនីយ៍ មេបញ្ជាការបានបន្តថា អង្គភាពតំបន់ ប្រតិបត្តិការសឹក គឺជាអង្គភាពមួយ ដែលមានអង្គភាពចំណុះជាច្រើន មានមូលដ្ឋាននៅលើខ្សែត្រៀមជួរមុខ គ្រប់គ្រងខ្សែក្រវ៉ាត់ព្រំដែន មានប្រវែងប្រមាណ ៥៥គីឡូម៉ែត្រ ជាប់ព្រំប្រទល់ប្រទេសពីរ គឺប្រទេសថៃ និងឡាវ ដែលបានឈរលើស្មារតីទទួលខុសត្រូវខ្ពស់ លើការងារដឹកនាំ គ្រប់គ្រងអង្គភាព និងកងកម្លាំង ទាំងនៅខ្សែត្រៀមជួរមុខ និងនៅទីបញ្ជាការស្រាល មានគំនិតច្នៃប្រឌិត កសាងអង្គភាព កសាងកិច្ចទំនាក់ ទំនង ពង្រឹងបានសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ជាមួយកងកម្លាំងជាប់ព្រំដែនប្រទេស ព្រមទាំង កសាងបានកិច្ចទំនាក់ល្អ ជាមួយអាជ្ញាធរដែនដី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅក្នុង មូលដ្ឋាន បានយ៉ាងល្អប្រសើរ។

លោកឧត្តមសេនីយ៍ មេបញ្ជាការរងយោធភមិភាគ៤ បានក្រើនរំលឹកដល់ នាយទាហានគ្រប់រូប ត្រូវគោរពវិន័យ គោរពបទបញ្ជាថ្នាក់លើ មានសីលធម៌ សុជីវធម៌ក្នុងការរស់នៅ ត្រូវមានសាមគ្គី ឯកភាពគ្នាអោយបានរឹងមាំ ហើយរួមគ្នាដោះស្រាយ នូវរាល់ការបំពេញកិច្ចការងារ ទាំងឡាយ ដែលនៅសេសសល់ ត្រូវអនុវត្តអោយសម្រេចបានជោគជ័យ និងមានប្រសិទ្ធភាព ជូនអង្គភាព ជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ស្របតាមគោលការណ៍ ក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ។ ហើយកងទ័ពទាំងអស់ ត្រូវតែស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងត្រូវរួមគ្នា  ថែរក្សាសុខសន្តិភាព ដែលរកបានមកដោយកម្រនេះ ឲ្យបានគង់វង្ស បើទោះបីជាស្ថិតនៅក្នុងតម្លៃណាក៏ដោយចុះ៕