ព្រឹត្តិការណ៍​កំសាន្ត​ក្នុង​ថ្ងៃ​សង​សម្រាក​ខាងមុខ មាន​អត្ថន័យ​បង្ហាញ​សក្តានុពល​ទេសចរណ៍​សុវត្ថិភាព !

​សៀមរាប​៖ អាជ្ញាធរ​ខេត្តសៀមរាប បង្ហាញ​ឲ្យ​ដឹងថា គម្រោង​រៀបចំ​ព្រឹត្តិការណ៍​កំសាន្ត ក្នុង​ថ្ងៃ​សង​ឈប់សំរាក វា​គឺជា​ការផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​សុវត្ថិភាព និង​ជា​ឱកាស បង្ហើប​ឲ្យ​មានការ​វិនិយោគ​រួមគ្នា រវាង​វិស័យ​សុខាភិបាល​និង​វិស័យសេដ្ឋកិច្ច ក្នុងស្ថានភាព​នៃ​វិបត្តិ​កូ​វីត​១៩ !
​នៅ​ថ្ងៃទី​១៧ និង​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០​ខាងមុខ គឺ​ក្នុងអំឡុង​នៃ​ថ្ងៃ​សង​ឈប់សម្រាក​នោះ អាជ្ញាធរខេត្ត និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប គ្រោង​នឹង​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​កំសាន្ត ដើម្បី​បង្ហាញ​និង​ផ្សព្វផ្សាយ​អំពី​សក្តានុពល​ទេសចរណ៍​សុវត្ថិភាព​។​

​គម្រោង​ធំៗ​ទាំងនោះ រួមមាន​ពិធី​សាសនា ពិ​ព័រ​ណ៌​ផ្សារ​ទឹក ជិះ​កង់​សប្បុរសធម៌ ដើរ​កំសាន្ត​ព្រៃ​ធម្មជាតិ​ក្រៅពី​ប្រាសាទ និង​កម្មវិធី​លំអិត​កំសាន្ត​សប្បាយ​ផ្សេងៗ​ច្រើន​ទៀត រួមទាំង​ការងារ​សន្តិសុខ អនាម័យ​ប្រឆាំង​កូ​វីត​-១៩ ត្រូវបាន​លើកយក​មក​ពិភាក្សាគ្នា​នៅក្នុង​កិច្ចប្រជុំ​មួយ នា​រសៀល​ថ្ងៃទី​២៧ ខែកក្កដា​នេះ ក្រោម​ការចូលរួម​ដោយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន ក្នុងនោះ​ក៏មាន​វិស័យ​ឯកជន ធុរជន និង​ប្រតិបត្តិ​ករ​ទេសចរណ៍​។
​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ដែលជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​នោះ បាន​សង្កត់ធ្ងន់ថា រយៈពេល​ជាង​កន្លះ​ឆ្នាំកន្លងមក​នេះ​ដែល​ស្ថិតនៅក្នុង​វិបត្តិ​កូ​វីត​-១៩ ខេត្តសៀមរាប​បាន​ប្រើប្រាស់​អំឡុង​ពេលនោះ ជា​ឱកាស​នៃ​រៀបចំ​ត្រៀម​លក្ខណសម្បត្តិ ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​រស់​ឡើងវិញ និង​ប្រសើរ​ជាង​មុន ក្រោយ​ពេលដែល​វិបត្តិ​កូ​វីត​១៩ ស្ងប់ស្ងាត់​ទៅវិញ​។ យ៉ាងណាក៏ដោយ ក្រោម​ការអនុវត្ត​តាម​អា​នុ​សាសន៍​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល ការចម្លង​វា​រុស​កូ​វីត​-១៩ ចូលក្នុង​សហគមន៍ ពុំមាន​កើតឡើង​នោះទេ​។​

​មកដល់ពេលនេះ វា​គឺជា​កាលៈទេសៈ​ដែល​ត្រូវបាន​គិតគូរ អំពី​ការ​បង្ហើប​ឲ្យ​មាន​ដង្ហើម​សេដ្ឋកិច្ច​ជា​បណ្តើរៗ​ឡើងវិញ តាមរយៈ​នៃ​វិស័យ​ទេសចរណ៍ តែ​វា​មិន​ត្រូវបាន​ឃ្លាតឆ្ងាយ​អំពី​ការពង្រឹង​វិធានការ​ប្រឆាំង​កូ​វីត​-១៩ ដើម្បី​សុខភាព​ប្រជាជន និង​ដើម្បី​សុវត្ថិភាព​សហគមន៍​នោះឡើយ​។​

​គោលបំណង​សំខាន់ នៃ​ការរៀបចំ​ព្រឹត្តិការណ៍​កំសាន្ត ក្នុង​ថ្ងៃ​សង​ឈប់សំរាក​នេះ វា​ស្មើនឹង​ការផលិត​ស្បត​ផ្សព្វផ្សាយ​មួយ ជាមួយនឹង​ការអះអាង​ថា សៀមរាប​-​អង្គរ គឺជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​របស់​កម្ពុជា ហើយក៏​ជាការ​អំពាវនាវ​ជំរុញ​ឲ្យ​មាន​ដំណើរការ​ចរន្ត​ទេសចរណ៍​ក្នុងស្រុក​ផងដែរ និង​ជា​ឱកាស បង្ហើប​ឲ្យ​មានការ​វិនិយោគ​រួមគ្នា រវាង​វិស័យ​សុខាភិបាល​និង​វិស័យសេដ្ឋកិច្ច ក្នុងស្ថានភាព​នៃ​វិបត្តិ​កូ​វីត​១៩ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​