ប្រមុខកីឡាក្រសួងមហាផ្ទៃ ប្តេជ្ញារៀបចំព្រឹត្តិការណ៍កីឡាយុទ្ធសិល្ប៍ សម្តេច ស ខេង ឱ្យកាន់តែអស្ចារ្យនៅឆ្នាំ២០២១

(ភ្នំពេញ)៖ ឯកឧត្តម ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិ បានបង្ហាញការតាំងចិត្តថា នឹងបន្តរៀបចំការប្រកួតកីឡាយុទ្ធសិល្ប៍ចម្រុះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង នៅឆ្នាំ២០២១ ឱ្យកាន់តែកាន់តែអស្ចារ្យបន្ថែមទៀត ក្រោយពីរៀបចំឆ្នាំនេះទទួលបានជោគជ័យ និងគាំទ្រខ្លាំងពីក្លិបសមាគម និងក្រសួងផ្សេងៗដែលបានចូលរួម។ថ្លែងក្នុងពិធីបំពាក់មេដាយដល់ជយលាភីពីការប្រកួតកីឡាយុទ្ធសិល្ប៍ចម្រុះ ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៣ ប្រចាំ២០២០ កាលចុងសប្តាហ៍កន្លងទៅ ឯកឧត្តម ជា ប៊ុនហេង រំពឹងថាការពង្រីកនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់មួយដើម្បីជំរុញនិងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីគ្រប់ក្លិបដែលចូលរួម បន្តប្រឹងប្រែងហ្វឹកហាត់ ក្នុងគោលដៅត្រៀមប្រជែងលើឆាកអន្តរជាតិក៏ដូចជាស៊ីហ្គេមជាដើម។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធសិល្ប៍ចម្រុះដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី៣ ប្រចាំ២០២០ គណៈកម្មារៀបចំសម្រេចដាក់៣ប្រភេទកីឡាប្រកួតប្រជែង ដូចជា៖ កីឡាយូដូ ការ៉ាតេ និងតេក្វាន់ដូ WT ខណៈប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិដែលចូលរួមក្នុងព្រឹត្តិការណ៍នេះសរុបចំនួន៧៦រូប មកពីក្លឹបចំនួន៩៕ ដោយ៖ កន ចំណាន(ប្រភព៖ ទទក)