ផ្សារ​ចុង​សប្ដាហ៍ នៅ​តាខ្មៅ​(​លក់​ផលិតផល​ក្នុងស្រុក​) បាន​ត្រូវ​សម្ពាធ​ជា​ផ្លូវការ​

​កណ្តាល​៖ ផ្សារ​ចុង​សប្ដាហ៍ លក់​ផលិតផល​កសិកម្ម​ក្នុងស្រុក ដែលមាន​ការណែនាំ​បច្ចេកទេស​នៃ​ការដាំដុះ និង​ការចិញ្ចឹម ប្រកបដោយ​គុណភាព សុវត្ថិភាព និង​តម្លៃ​សមរម្យ ត្រូវបាន​បើកសម្ពោធ​ជា​ផ្លូវការ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២០​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ផ្សារ​ចុង​សប្ដាហ៍ ដោយមាន​ការអញ្ជើញ​ចូលរួម ឯកឧត្ដម ចាន់ សុខ​ទី អគ្គនាយក​ពាណិជ្ជកម្ម​ក្នុងប្រទេស និង​ជា​ប្រធាន​គម្រោង​ជំរុញ​ទីផ្សារ​កសិកម្ម​ខ្នាតតូច អេ​ម (AIMS) មន្ទីរ​ពាក់ព័ន្ធ ផលិតករ អាជីវករ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ លោកជំទាវ ហ៊ុន កុស​នី អភិបាលរង​ខេត្តកណ្តាល អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​គាំទ្រ និង​ទិញ​ផលិតផល​ពី​ផ្សារ​ចុង​សប្ដាហ៍ របស់​មន្ទីរ​ពាណិជ្ជក​ម្ម​ខេត្តកណ្តាល​។​

​លោកជំទាវ​បន្តថា ការចូលរួម​គាំទ្រ និង​ទិញ​ផលិតផល​ពី​ផ្សារ​ចុង​សប្ដាហ៍ គឺ ប្រជាពលរដ្ឋ​នឹង​ទទួលបាន​នូវ​បន្លែ សាច់ ប្រកបដោយ​គុណភាព សុវត្ថិភាព និង​មានតម្លៃ​សមរម្យ ពិសេស​វា​បានរួម​ចំណែក​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​ប្រជាកសិករ​នៅក្នុង​ស្រុក ព្រោះថា បន្លែ​ដែល​ផ្សារ​ចុង​សប្ដាហ៍​លក់ គឺជា​ផលិតផល​របស់​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ផ្ទាល់ ហើយ​ទទួលបាន​ការណែនាំ​បច្ចេកទេស​នៃ​ការដាំដុះ និង​ការចិញ្ចឹម​ត្រឹមត្រូវ​ពី​មន្ទីរជំនាញ​។​

​ឯកឧត្ដម ចាន់ សុខ​ទី អគ្គនាយក​ពាណិជ្ជកម្ម​ក្នុងប្រទេស និង​ជា​ប្រធាន​គម្រោង​ជំរុញ​ទីផ្សារ​កសិកម្ម​ខ្នាតតូច អេ​ម (AIMS) បានអោយដឹងថា ផ្សារ​ចុង​សប្ដាហ៍​នេះ បាន​ក្លាយជា​ទម្លាប់ និង​ជាការ​សប្បាយរីករាយរ​បស់​ប្រជាជន​ជាច្រើន​នៅ​ទីក្រុង​។ ព្រោះ​វា​បាន​បង្កើត​ឱកាស​ដល់​អតិថិជន​ទាំងអស់ ដើម្បី​បាន​សាក​នូវ​ផលិតផល​ដែលមាន គុណភាព​ខ្ពស់ សុវត្ថិភាព អនាម័យ​ល្អ មាន​ពាណិជ្ជសញ្ញា ធានា​សុខុមាលភាព​ដល់​អតិថិ​ជន ជាង​នេះ​វា​បាន​បង្កើតឱ្យមាន​ការជឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក​រវាង​អ្នកលក់ និង​អ្នកទិញ ដែល​នាំមក​នូវ​ផលប្រយោជន៍​ជាក់ស្ដែង​ដល់​ភាគី​ទាំងពីរ​។​

​លោក អោម ប៊ុនធឿន ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកណ្ដាល​បានឱ្យដឹងថា ការបង្កើតឱ្យមាន​ផ្សារ​ចុង​សប្ដាហ៍​នេះ គឺ​សម្រាប់​ដាក់លក់​ផលិតផល កសិផល​មួយចំនួន ដូចជា បន្លែ​សរីរាង្គ បន្លែ​សុវត្ថិភាព សាច់មាន់​ស្រែ ពងមាន់ និង​អង្ករ​ប្រណិត​ជាដើម ហើយ​បន្លែ​ទាំងអស់​សុទ្ធតែ​បាន​ឆ្លងកាត់​មន្ទីរ​ពិសោធ​របស់​មន្ទីរ​កសិក​ម្ម តេស​គ្មាន​សា​ធាតុគីមី​ទើប​យកមក​លក់​។ លោក​បន្តទៀតថា ផ្សារ​ចុង​សប្ដាហ៍​នេះ នឹង​បើក​លក់​ចាប់​ម៉ោង​៨:៣០​នាទី ដល់​ម៉ោង​៥​ល្ងាច ដែលមាន​ទី​តាំ​នៅ​បរិវេណ​ជុំវិញ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកណ្ដាល រៀងរាល់ថ្ងៃ​ចុង​សប្ដាហ៍ គឺ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកណ្តាល​