ជោគជ័យ​ផ្សារ​បន្លែ​សុវត្ថិភាព​ចុង​សប្តាហ៍​នៅ​ខេត្តសៀមរាប !

​សៀមរាប​៖ គំរោង​ជម្រុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច​ដែល​ហៅ​កាត់​ថា ( អេ​ម ) គឺជា​គម្រោង​រួមគ្នា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម មាន​គោលបំណង​ជម្រុញ​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​លើ​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម ដែល​ប្រាកដថា ក្រុម​ផលិត​ជា​កសិករ​ខ្នាតតូច ក្រីក្រ អាច​ទទួលបាន​ផលប្រយោជន៍​រួមគ្នា​។​

​លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប បានលើកឡើង​យ៉ាង​ដូច្នេះ នា​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២០​នេះ នៅក្នុង​ការតាំង​ពិ​ព័រ​ណ៌​ផ្សារ​ចល័ត ស្តីពី​ការបង្ហាញ​កសិផល​ជូន​អតិថិជន នៅ​ផ្សារ​បន្លែ​សុ​វត្តិភាព​ចុង​សប្តាហ៍ មាន​ទីតាំងនៅ​សួន​ហាត់ប្រាណ​មាត់​ស្ទឹង​សៀមរាប ដែល​ផ្សារ​បន្លែ​សុ​វត្តិភាព​មួយ​នេះ បាន​ដំណើរការ​សាកល្បង​ប្រកបដោយ​ជោគជ័យ អស់​រយៈពេល​ជាង​មួយឆ្នាំ​កន្លងមកហើយ​នោះ​។​
​អាជ្ញាធរ​ខេត្តសៀមរាប បាន​គាំទ្រ​និង​ជម្រុញ​ឲ្យ​មាន​និរន្តរភាព កិច្ចដំណើរការ​របស់​ផ្សារ​បន្លែ​សុ​វត្តិភាព​ចុង​សប្តាហ៍​របស់​កសិករ និង​វាយតម្លៃថា វា​ជា​ចរន្ត​បង្ហូរ​ផលិតផល​ក្នុងស្រុក​មកកាន់​ទីផ្សារ កាត់បន្ថយ​ការនាំ​ចូល​ផលិតផល​កសិកម្ម​ពី​ខាងក្រៅ​ប្រទេស​។​

​ផ្សារ​បន្លែ​នេះ គឺជា​លទ្ធផល​នៃ​កិច្ចសហការ​រៀបចំ​បង្កើត​ឡើង​ដោយ​មន្ទីរ​ពាណិជ្ជកម្ម ជាមួយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ព្រម​ជាមួយនឹង​ការគាំទ្រ​ដោយ​រដ្ឋបាលខេត្ត សភាពាណិជ្ជកម្ម​ខេត្ត និង​មានការ​ចូលរួម​ផងដែរ ដោយ​គម្រោង និង​កម្មវិធី​ផ្សេងៗ​ទៀត ក្នុងនោះ​ដៃគូ​ដែល​ជិតស្និត​ជាមួយគ្នា​បំផុត ក្នុងការ​បង្កើត​ផ្សារ​បន្លែ​សុវត្ថិភាព​នេះ គឺ​គម្រោង ( អេ​ម ) ដែល​ត្រូវបាន​អនុវត្ត​ដោយ​មន្ទីរ​ពាណិជ្ជកម្ម និង​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ធន​ទៅ​និង​ការប្រែប្រួល​អាកាសធាតុ ( អា​ស្បាយ ) ដែល​កំពុង​បាន​អនុវត្ត​ដោយ​មន្ទីរ​កសិកម្ម ។ ផ្សារ​នេះ បានផ្តល់​ឲ្យ​នូវ​បំណង​សំខាន់ ក្នុង​ការបង្កើន​សេដ្ឋកិច្ច​គ្រួសារ​កសិករ​ជនបទ និង​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បន្លែ​សុវត្ថិភាព​មាន​ទំនុកចិត្ត ព្រម​ជាមួយនឹង​ការព្យាយាម​ធ្វើ​ឲ្យ​សំខាន់​ថែមទៀត គឺ​និរន្តរភាព​ទីផ្សារ​របស់​កសិករ​។​

​ផ្សារ​បន្លែ​សុវត្ថិភាព​ចុង​សប្តាហ៍ សៅរ៍​-​អាទិត្យ វា​ជា​ចំណែក​មួយ​បង្ហាញថា កសិករ​នៅ​ខេត្ត​នេះ​អាចធ្វើ​បាន ការផលិត​បន្លែ​មានគុណ​ភាព ហើយ​វា​ក៏បាន​ក្លាយជា​ប្រព័ន្ធ​នៃ​ការតភ្ជាប់​ទៅកាន់​ទីផ្សារ​ដទៃទៀត​ផង​ដែរ ដោយ​ផ្អែកលើ​កត្តា​ចំនួន​៣ និរន្ត​ភាព ការប្រកួតប្រជែង​តម្លៃ និង​គុណភាព​។ ផ្សារ​បន្លែ​មួយ​នេះ បាន​ដំណើរការ​សាកល្បង​កាល​ក្នុងអំឡុង​ឆ្នាំ​២០១៨ ដែល​នៅក្នុង​កិច្ចដំណើរការ​ដំបូង​នោះ មាន​ស្តង់​ចំនួន​៤​ប៉ុណ្ណោះ​។ មកដល់​ឆ្នាំ​២០២០​នេះ ចំនួន​ស្តង់​បាន​កើន​ឡើងដល់​២៣​ស្តង់ ដែល​នេះ​បាន​បញ្ជាក់ថា អតិថិជន​កើនឡើង​ដោយសារ​មាន​ទំនុកចិត្ត កសិករ​ផលិត​ខិតខំ​ពង្រឹងគុណភាព​ផលិតផល ឆ្លើយតប​តាម​តម្រូវការ​របស់​ទីផ្សារ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​