ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ អញ្ជើញ​នាំយកស្បៀងបម្រុងសម្រាប់ត្រៀមក្នុងករណីវត្តអារាម និងចែកជូនប្រជាពលរដ្ឋ ក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ១៩

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលាស្រុកសាមគ្គីមានជ័យ ឯកឧត្តមបណ្ឌិត​ ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ រួមជាមួយឯកឧត្តម លោកជំទាវក្រុមការងារ និងសហការី  បាននាំយកស្បៀងបម្រុងសម្រាប់ត្រៀមក្នុងករណីវត្តអារាម និងប្រជាពលរដ្ឋ ដែលងាយរងគ្រោះ មានជីវភាពខ្វះខាត ជួបការលំបាក ក្នុងឃុំទាំង០៩ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង​។​

ដោយមានការចូលរួមពីលោក កេត សំអាន ប្រធានក្រុមប្រឹក្សា​ស្រុក លោក ឈួន ចាន់ណា អភិបាល​រងស្រុក តំណាងលោក វន ស៊ី​ផា អភិបាលនៃគណ:អភិបាលស្រុកសាមគ្គីមានជ័យ លោក លោកស្រីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ មន្រ្តី​រាជការចំណុះរដ្ឋបាលស្រុក មេឃុំ ទាំង០៩ និងមេភូមិ តំណាងប្រជាពលរដ្ឋ។​

មានប្រសាសន៍​សំណេះសំណាលក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បាន បានផ្តាំផ្ញើការសាកសួរសុខទុកពីឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋ​មន្រ្តី​ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលឯកឧត្ដមបណ្ឌិតសភាចារ្យ តែងតែយកចិត្តទុកដាក់ និងធ្វើការណែនាំដល់ក្រុមការងារត្រូវយកចិត្តទុកដាក់តាមដាន និងពិនិត្យលទ្ធភាពរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឱ្យបានជាប់ជាប្រចាំ នៅក្នុងដំណាក់កាលនៃវិបត្តិជំងឺ COVID-19 ដែលមានរលកទី២នេះបន្តទៀត។​

ក្នុងនោះឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានប្រគល់ជូននូវសម្ភារ ដល់រដ្ឋបាលស្រុក និងឃុំទាំង០៩ រួមមាន៖  អង្ករ ចំនួន ៣ ២០០ គីឡូក្រាម ក្នុងនោះអង្ករ របស់ ឯកឧត្តម ស្រ៊ន សំឫទ្ធី ចំនួន ៥០០គីឡូក្រាម, មីជាតិ ចំនួន ១០៨ កេសតូច, ទឹកត្រី ចំនួន ៩០យួរ, ស្មើនឹង ៥៤០ ដប, ទឹកស៊ីអ៊ីវ ចំនួន ៩០យួរ, ស្មើនឹង ៥៤០ ដប, ទឹកមេថ្នាំលាយទឹកបាញ់សម្លាប់មេរោគ ១៥ ពីដុង ស្មើនឹង ៣០លីត្រ, ម៉ាស់ ១៥៧ ប្រអប់ ស្មើនឹង ៧ ៨៥០ម៉ាស់ ៕