ថ្នាក់ដឹកនាំ​ក្រសួង​ជួប​ជាមួយ​មន្ត្រី​មុខងារសាធារណៈ​ខេត្ត​ចំនួន​ពីរ

​ព្រះវិហារ​៖ រដ្ឋបាលខេត្ត​ព្រះវិហារ​នៅ​រសៀល​ថ្ងៃទី​២៤​ខែកក្កដា ឆ្នាំ​២០២០ បានរៀបចំ ពិធី​ជួប​សំណេះសំណាល​របស់​ថ្នាក់ដឹកនាំ នៃ ក្រសួង​មុខងារសាធារណៈ ជាមួយ​មន្ត្រីរាជការ នៃ មន្ទីរ​មុខងារសាធារណៈ ខេត្តព្រះវិហារ និង ខេត្ត ឧ​ត្ត​រ​មានជ័យ ។

​ពិធី​នេះ​ក្រោម អធិបតីភាព ឯកឧត្តម​ព្រំ សុខា រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​មានការ​ចូលរួម​ពី​ឯកឧត្តម​ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ ឯកឧត្តម​ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ មានជ័យ និង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឧ​ត្ត​រ​មានជ័យ , ប្រធាន​មន្ទីរ និង​មន្ត្រី​នៃ​មុខងារសាធារណៈ​ទាំង​ខេត្តព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាច្រើនរូប​ដែល​ធ្វើឡើង នៅ​សាលាខេត្ត​ព្រះវិហារ​។

​ប្រធាន​មន្ទីរ​មុខងារសាធារណៈ នៃ​ខេត្ត​ទាំង​ពីរបាន​អាន​របាយការណ៍ រួចមក​ឯកឧត្តមរ​ដ្ឋ​មន្ត្រី​ក្រសួង​មុខងារសាធារណៈ បាន​ថ្លែង​កោត​ស​សើរ​ពី​ការរីកចម្រើន​របស់​ខេត្តព្រះវិហារ ក្រោម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ។ លោក​រដ្ឋមន្ត្រី​បាន បន្តថា មន្ទីរ​ត្រូវ​បន្ត​ពង្រឹងសមត្ថភាព​មន្ត្រីរ​បស់​ខ្លួន​ដើម្បី​បំពេញ​នូវ​តម្រូវការ​ការងារ បច្ចុប្បន្ន​ឱ្យមាន​ភាពល្អប្រសើរ​បន្ថែ​ម​ទៀត​ស្របតាម​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​កំពុងដំណើរការ​។ជាពិសេស​កំណែទម្រង់​វិ​ជ្ឍ​ការ និង​វិ​ស​ហម​ជ្ឍ​ការអោយ​កាន់ តែ​ស៊ីជម្រៅ​ការផ្ទេរ និង​ប្រគល់​មុខងារ​ធនធាន​ឱ្យ​ថ្នាក់ក្រោម​ជាតិ​តួយ៉ាង​ថ្នាក់ក្រុង ស្រុក​។

​លោក​រដ្ឋមន្ត្រី​បន្តថា កំណែទម្រង់​មុខងារសាធារណៈ​ពិតជា​ការងារ​ចាំបាច់ និង​ទំនាក់ទំនង​យ៉ាង​ជិតស្និត​លើ​ការងារ​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់​។ លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើឱ្យ​រដ្ឋបាលខេត្ត​ចូលរួម​ជាមួយ រាជរដ្ឋាភិបាល​ក្នុង​បេសកកម្ម​បង្ការ និង​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ ១៩ ឱ្យបាន​ក្នុង​កម្ពុជា​រក្សា​នូវ​សន្តិភាព ស្ថេរភាព និង ការអភិវឌ្ឍ​ជាតិ​ជា​និ​រ​ន្ត៍​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ​