អភិបាលរង​ខេត្តសៀមរាប ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​មួយកន្លែង​ក្នុងស្រុក​អង្គរជុំ !

​សៀមរាប​៖ ស្រប​ពេលដែល​ប្រទេស​កម្ពុជា នៅមាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ជា​បន្តបន្ទាប់ ប៉ុន្តែ​នេះ​ជា​ករណី​នាំចូល​ពី​បរទេស​ទេ​។ ជាមួយគ្នានេះ អាជ្ញាធរខេត្ត បាន​យកចិត្តទុកដាក់​ចុះ​ត្រួតពិនិត្យ​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក នៃ​ក្រុង​ស្រុក​ទាំង​១២​ជាប់​ជាប្រចាំ ដើម្បី​អនុវត្ត​វិធានការ​គ្រប់គ្រង​មិនឱ្យ​មាន​ឆ្លង​ជំងឺ​នេះ​។ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០​នេះ លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប បាន​ដឹកនាំ​ក្រុមការងារ​ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​មួយចំនួន​ក្នុង​ខេត្ត និង​អង្គការ​ដៃគូ ចុះសាកសួរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​សាលាបឋមសិក្សា​បត់ ក្នុង​ឃុំ​ដូន​ពេ​ង ស្រុក​អង្គរជុំ បន្ទាប់ពី​ពួកគាត់​ទើប​ត្រឡប់​មកពី​ក្រៅប្រទេស ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោកស្រី យូ សុភា បាន​បញ្ជាក់ថា បើទោះបី​នៅ​កម្ពុជា​យើង ពុំមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ច្រើន​ដូច​ប្រទេស​ដទៃ​ក្នុង​ពិភពលោក និង​ពុំមាន​អ្នកស្លាប់​ដោយ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ ក៏​យើងទាំងអស់គ្នា មិនត្រូវ​ប​ន្ថូ​រ​បន្ថយ ឬ​ធ្វេសប្រហែស​ឡើយ ដោយ​ត្រូវ​ចូលរួម​សហការគ្នា​ទប់​ស្កាត់ និង​ការពារ ជាពិសេស​ការប្រយុទ្ធប្រឆាំង​ការឆ្លង​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩ តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល និង ក្រសួងសុខាភិបាល ព្រមទាំង​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​។ ខណ​:​បច្ចុប្បន្ននេះ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំង​ពិភពលោក មិនទាន់មាន​សញ្ញា​ណាមួយ​ដែល​ថមថយ​ឡើយ ដូច្នេះ​ក្នុងនាម​ឯកឧត្តម​អភិបាលខេត្ត សូម​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​សហការ​ល្អជា​មួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ហើយ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​នានា​ក្នុង​ទូទាំង​ខេត្ត សូម​បងប្អូន​ទាំងអស់​មេត្តា​យោគយល់ ហើយ​ត្រូវ​យល់ថា នេះ​មិនមែនជា​ការឃុំខ្លួន​នោះទេ គោលបំណង​តែមួយគត់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក​ម្ព​ជា​យើង ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី គឺ​ដើម្បី​ខ្លួន​យើង ក្រុមគ្រួសារ​យើង និង សហគមន៍​របស់​យើង គ្មាន​ជំងឺ​កូ​វីដ​-១៩ ។​

​លោកស្រី មានប្រសាសន៍​បន្ថែមថា បច្ចុប្បន្ននេះ ប្រមុខ​រាជរដ្ឋាភិបាល​ក​ម្ព​ជា​បាន​នឹង​កំពុង​អនុវត្ត​ឧបត្ថម្ភ​ជា​ថវិកា ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ដោយសារ​ជំងឺ​កូ​វីដ​-១៩ តាមរយ​:​ប័ណ្ណ​សមធម៌ ហើយ​ចំពោះ​បងប្អូន​ដែល​នៅទីនេះ​យល់ថា ខ្លួន​ពិតជា​ខ្វះខាត​ប្រាកដ​មែន​នេះ សូម​ប្រាប់​ទៅ​អាជ្ញាធរ​ឃុំ ដើម្បី​ធ្វើការ​សម្ភាសន៍​ទទួលបាន​ប័ណ្ណ​ក្រីក្រ និង​បាន​ថវិកា​ឧបត្ថម្ភ​ពីរ​ដ្ឋ ។ ប៉ុន្តែ​បើ​បងប្អូន​មិនបាន​ប៉ះពាល់​ជីវភាព​ខ្លាំង​ទេនោះ ពេល​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ គួរតែ​គិតគូ​ឡើងវិញ​ពី​ការប្រកបមុខរបរ​ប​ន្ថែ​ម ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ ដូច​ជាការ​ចិញ្ចឹមសត្វ និង​ការដាំ​ដំណាំ​បន្លែ​ផ្សេងៗ ហើយ​កុំ​ព្យាយាម​ចេញទៅ​រក​ការងារ​នៅក្រៅ​ប្រទេស​ដោយ​ប្រថុយប្រថាន​ទៀត ព្រោះថា ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​-១៩​នេះ គ្រប់​ប្រទេស​ទាំងអស់ បាន​បិទ​ការធ្វើ​ចរាចរ​ណ៍ត​ឆ្លងកាត់​ព្រំដែន​ហើយ ហើយ​កុំ​ចាញ់បោក​មេខ្យល់​ទៀត ដែល​នៅ​ឲ្យ​ខាតបង់​ប្រាក់កាស​។​

​ជាមួយគ្នានេះដែរ លោកស្រី យូ សុភា បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ទាំងអស់ បន្ទ​ទប់ស្កាត់ និង​ការពារ​ការឆ្លង​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​ថែរក្សា​សុខភាព និង រក្សា​អនាម័យ​របស់ខ្លួន​ឲ្យ​បានជា​ប្រចាំ ដូច​ជាការ​លាងដៃ​នឹង​សាប៊ូ , អាល់កុល ឬ ជែ​ល និង ត្រូវ​ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ និង​គ្រប់គ្នា​ក្នុងពេល​ជួប​ប្រាស្រ័យ​ជាមួយ​មនុស្ស​គ្រប់គ្នា និង ធ្វើដំណើរ​តាម​ទីសាធារណៈ ពិសេស​ត្រូវ​រក្សា​ឲ្យ​បាន​នូវ​គម្លាត​សុវត្ថិភាព ។​

​ក្នុងឱកាស​នោះដែរ លោកស្រី យូ សុភា បាន​ជូន​នូវ​អំណោយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ជា​គ្រឿង​ឧបភោគបរិភោគ ក្នុង​ម្នាក់​មួយកញ្ចប់​មាន​ចំនួន ១៣​មុខ រួមមាន ៖ ច្រាស​ដុសធ្មេញ , ថ្នាំដុសធ្មេញ , សាប៊ូ​លុ​ច្ស , សាប៊ូកក់សក់​Clear , សាប៊ូម្សៅ (Lix Lemon) , កន្ទេល , មុង ភួយ , អាវយឺត , ខោខ្លី , កន្សែងពោះគោ , ស្បែកជើងផ្ទាត់ និង សំឡី​អនាម័យ​ផងដែរ ដែលជា​អំណោយ​របស់​អង្គការ IOM ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​