ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ បាន​នាំយក​កូនឈើ​ប្រណិត​ជាង ៣​ពាន់​ដើម ទៅ​ដាំ​លើ​ផ្ទៃដី​ក្នុង​ទំហំ​ជាង ៣០​ហិច​តា គឺជា​ដីព្រៃ​រដ្ឋ​ដែល​រង​ការ​ឈូសឆាយ ទន្ទ្រាន​កាន់កាប់​ដោយ​ខុស ច្បាប់​ពី​ក្រុម​ជនខិលខូច នៅក្នុង​រយះពេល​កន្លង​ទៅ​ថ្មីៗ​នេះ !

​ខេត្តព្រះវិហារ​៖ ការនាំយក​កូនឈើ​ប្រណិត​ជាច្រើន​ប្រភេទ ទៅ​ដាំ​លើ​ផ្ទៃដី​ទំហំ​ជាង ៣០​ហិច​តា​នោះ គឺ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៤​កក្កដា​ឆ្នាំ​២០២០​នេះ ក្រោម​កិច្ចសហការ​រវាង មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត និង​អាជ្ញាធរ​ស្រុក​ឆែប ដោយមាន​ការចូលរួម​ពី ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត កងកម្លាំង​ទាំង​៣ នៃ​រដ្ឋបាល​ស្រុក​ឆែប សមាគមន៍​សិស្ស​និស្សិត បញ្ញវន្ត​ក្មេង​វត្ត​ខេត្ត គណៈកម្មការ​ប្រជា​សហគមន៍​ព្រៃឈើ ក្រសាំង និង​គណៈកម្មការ​ប្រជា​សហគមន៍​ព្រៃឈើ​ឆែប​លិច ប្រមាណ ១៤១​នាក់​។ ការដាំ​កូនឈើ​នោះ បានធ្វើ​ឡើង​នៅ​ចំណុច​ទួល​អូរ​សុ​ក្រម ស្ថិតនៅ​ក្នុងភូមិ​ឆែប​កើត ឃុំ​ឆែប​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ​។​

​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ បានបង្ហាញ​របាយការណ៍​ថា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត លោក ពឹង ទ្រី​ដា បាន​សហ​ការណ៍​ជាមួយ រដ្ឋបាល​ស្រុក​ឆែប ដឹកនាំ​ដោយ លោក សុខ មុន្នី​រិ​ទ្ធ បាន​នាំយក​កូនឈើ​ប្រណិត ប្រភេទ​ឈើ​ក្រញូង និង​ឈើ​បេង ចំនួន ៣​ពាន់ ២៥៥​ដើម ទៅ​ដាំ​នៅលើ​ផ្ទៃដី​ទំហំ ៣១.៨៤​ហិច​តា ដែល​ដី​នេះ គឺជា​ដី​ដែល​រង​ការ​លួច​ចូល​ទន្ទ្រាន​ឈូសឆាយ ដោយ ខុសច្បាប់ កាលពី​ច្រើន​ថ្ងៃ​កន្លងមកនេះ​។ ក្រៅពី​ការដាំ​កូនឈើ​ទាំងនោះ ថ្នាក់ដឹកនាំ​ស្រុក និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត រួម​នឹង​មន្ត្រី​ខណ្ឌ មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ កងកម្លាំង​នៅក្នុង​មូលដ្ឋាន​នោះ បាន​ចែក​កូនឈើ និង​កូនឈើ​ហូប​ផ្លែ ជូន​គ្រួសារ​ប្រជា​សហគមន៍ ចំនួន ២៥៥​ដើម សម្រាប់​យកទៅ​ដាំ នៅតាម​លំនៅដ្ឋាន នៃ​ភូមិករ​រៀងៗ​ខ្លួន ថែម​ទៀតផង​។​

​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ លោក ពឹង ទ្រី​ដា បាន​ថ្លែង កោតសរសើរ​ដល់​អាជ្ញា​ធរមាន​សមត្ថ កិច្ច មន្ត្រី​ប្រដាប់អាវុធ​ក្នុង​មូលដ្ឋាន សហគមន៍​ការពារ​ព្រៃឈើ និង​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ដែល​បាន រួមគ្នា​យ៉ាង​សស្រាក់សស្រាំ នៅក្នុង​ការចូលរួម​ដាំ​កូនឈើ​នៅក្នុង​ពេលនេះ ទាំងអស់នេះ​សបញ្ជាក់ អោយឃើញថា យើងទាំងអស់គ្នា​ចេះ​ស្រឡាញ់​ព្រៃឈើ ធនធានធម្មជាតិ និង​ជីវៈចម្រុះ​គ្រប់​ប្រភេទ ដែលមាន​នៅទីនេះ​ស្រាប់​។

លោក ពឹង ទ្រី​ដា បាន​ក្រើនរំលឹក ទៅដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់ ថ្នាក់ សហគមន៍​ព្រៃឈើ និង​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន សូម​រួមគ្នា​ថែរក្សា​ធនធានធម្មជាតិ សម្បត្តិ​ព្រៃ ឈើ អោយបាន​គង់វង្ស ហើយ​ត្រូវ​បន្ត​រួមគ្នា​ដាំ​ដើមឈើ​ឡើងវិញ ដើម្បី​ស្តារ​ព្រៃឈើ​ដែល​បាត់បង់​ទៅនោះ អោយមាន​ការលូតលាស់ មាន​បរិស្ថាន​ស្អាត និង​ត្រូវ​បញ្ឈប់​ការ​បរបាញ់​សម្លាប់សត្វ​ព្រៃ​តទៅទៀត​។ លោក​បាន​បញ្ជាក់ថា ការចូល​កាប់​រុករាន ទន្ទ្រាន​ឈូសឆាយ​កាន់កាប់​ដីព្រៃ​រដ្ឋ គឹជា​ទង្វើ​ខុសច្បាប់ ដូច្នេះ មិនត្រូវ​ប្រព្រឹត្ត នូវ​ទង្វើ​ណា​ដែល​ច្បាប់​ហាមឃាត់​នោះ​ទៀតឡើយ ហើយ​ចំពោះ​ជន​ដែល​នៅតែ​ប្រព្រឹត្ត កាប់​រុករាន​ទន្ទ្រាន​យក​ដីព្រៃ​រដ្ឋ​ជា​កម្មសិទ្ធិ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ នឹង​ឈប់​លើកលែង អោយ​ទៀតហើយ និង​ជន​ដែល​បាន​ប្រព្រឹត្ត ត្រូវតែ​ទទួលទោស​តាមច្បាប់ ជា​ធរមាន ៕​ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ