ស.ស.យ.ក ខេត្តមណ្ឌលគិរី ចូលរួមប្រារព្ធពិធីបុណ្យ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២០

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីអបអរសាទរ រុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ពិធីនេះធ្វើឡើងនៅបរិវេណភ្នំដោះក្រមុំ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់ សុខដុម ក្រុងសែនមនោរម្យ។

ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិ មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះក្រមុំ ក៏ដូចជានៅតំបន់ធនធានធម្មជាតិមួយចំនួនក្នុងខេត្ត ដើម្បីរួមគ្នាថែរក្សា ការពារ និងអភិវឌ្ឍន៍ព្រៃឈើ ដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ជាតិ ជាពិសេស ប្រែក្លាយតំបន់នេះ ឱ្យមានគំរប បៃតងស្រស់បំព្រង និងមានសោភ័ណ្ឌបរិស្ថានល្អផងដែរ។
តាមរបាយការណ៍របស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា ការប្រារព្វទិវាពលកម្មដាំដើមឈើប្រពៃណីជាតិ ហៅថា រុក្ខទិវា ត្រូវបានធ្វើឡើងនៅថ្ងៃទី ៩ កក្កដា ជារៀងរាល់ឆ្នាំ នៅទូទៅប្រទេស សំដៅធានានូវការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ដើម្បីផលប្រយោជន៍សង្គម សេដ្ឋកិច្ច និងបរិស្ថាន រួមទាំងការអភិរក្សជីវៈចំរុះ និងមរតវប្បធម៌។ ដោយឡែក នៅខេត្តមណ្ឌលគិរី រដ្ឋបាលខេត្ត សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏បានរៀបចំប្រារព្វពិធីបុណ្យ រុក្ខទិវា នាពេលនេះ និងបានជ្រើសរើសយកកូនឈើប្រភេទស្រល់ សរុបចំនួន ១០០០ដើម ដើម្បីយកមកដាំនៅបរិវេណមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះក្រមុំ និងបានផ្តល់កូនឈើ ជូនដល់កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដើម្បីបំផុសឱ្យចូលរួមស្រលាញ់ធនធានធម្មជាតិ និងស្រលាញ់បរិស្ថានផងដែរ៕