អភិបាលខេត្តតាកែវ ណែនាំដល់អាជ្ញាធរភូមិឃុំ ត្រូវកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ឲ្យបានច្បាស់លាស់ ចំគោលដៅ និងមានតម្លាភាព

(តាកែវ)៖ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំ ក៏ដូចជាក្រើនរំលឹកទៅដល់អាជ្ញាធរមូលដ្ឋានភូមិឃុំទាំងអស់ ត្រូវកំណត់អត្តសញ្ញាណគ្រួសារក្រីក្រឲ្យបានច្បាស់ និងចំគោលដៅ ពិសេសត្រូវតែមានតម្លាភាព និងផ្តល់សុភវិនិច្ឆ័យឲ្យបានត្រឹមត្រូវ ច្បាស់លាស់ ក្នុងអំឡុងពេលជម្ងឺកូវីត១៩នេះ ។

ថ្លែងនៅក្នុងឱកាសអញ្ជើញប្រគល់ថេបប្លែតដល់ឃុំទាំង១៥ និងចែកប័ណ្ណសមធម៌តាមការស្នើសុំក្នុងអំឡុងកូវីត១៩ ចំនួន៤៧គ្រួសារ នៅឃុំអង្គតាសោម ស្រុកត្រាំកក់ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍បន្តថា អាជ្ញាធរមូលដ្ឋាន ដែលមានក្រុមប្រឹក្សាឃុំសង្កាត់ មេភូមិ ត្រូវឲ្យមានសុភវិនិច្ឆ័យឲ្យបានត្រឹមត្រូវ តម្លាភាព ដោយមិនត្រូវមាន បក្សពួកឬខ្សែមេភូមិមេឃុំ ហើយអ្នកមិនត្រូវបាន បែរជាបាន ហើយអ្នកត្រូវបានបែរជាមិនបាន សូមកុំឲ្យមានបញ្ហានេះឲ្យសោះនៅក្នុងអំឡុងដែលរាជរដ្ឋាបាលបានបញ្ជេញកញ្ចប់ថវិកាកម្មវិធីផ្តល់សាច់ប្រាក់ ជូនដល់គ្រួសារក្រីក្រប្រភេទ១នឹង២ ក៏ដូចជាជនងាយរងគ្រោះដោយសារកូវីត១៩ផងដែរ ហើយសម្រាប់លក្ខណ៍ខ័ណ្ឌនៃការផ្តល់ជូនគ្រួសារក្រកម្រិត១នឹងក្រកម្រិត២ ត្រូវមានអ្វីខ្លះ មានតែភូមិឃុំនេះបានបានដឹងពីស្ថានភាពពួកគាត់ច្បាស់ ដូច្នោះក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវតែមានសុភវិនិច្ឆ័យឲ្យបានច្បាស់លាស់ នឹងសម្រេចឲ្យចំគោលដៅ ចំពោះស្ថានភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យពិតប្រាក ក៏ដូចជាការចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំយកចិត្តទុកដាក់ និងផ្តល់ជាថវិកា ដើម្បីជួយទ្រទ្រង់ដល់ជីវភាពរបស់ពួកគាត់ ក្នុងអំឡុងពេលប៉ះពាល់ដោយសារតែកូវីត១៩ ។

ឯកឧត្តម អ៊ូច ភា បន្ថែមទៀថា កិច្ចការងារនេះ សូមក្រុមប្រឹក្សាធ្វើដោយយកចិត្តទុកដាក់ នឹងកុំឲ្យកើតមានឡើង នូវបាតុភាពផ្សេងៗ ដោយសារតែការសម្រេចដោយលំអៀងឬមានខ្សែបក្សពួកនេះ ហើយបញ្ហាលំអៀងឬប្រកាន់បក្សពួកនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានប្រកាសហើយថា នឹងចាត់វិធានការណ៍ក្តៅហើយនឹងមិនមានការលើកលែងឡើយ ប្រសិនបើរកឃើញថា នៅក្នុងភូមិ និងឃុំ/សង្កាត់មួយណាមានករណីមិនប្រក្រតីនេះកើតមានឡើង ដូច្នោះសូមអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេស ចំពោះអ្នកអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ទាំងអស់គឺត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត ត្រូវចៀសវាងដាច់ខាតនូវការ ឃុំឃិតគ្នា ដាក់បញ្ចូល សាច់ ញាត្តិ បងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រនឹងងាយរងគ្រោះពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ ។

ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្តតាកែវ ក៏បានបន្តផ្តាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អ តាមរយៈទម្លាប់អនាម័យ ពិសេសអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ និងកុំអោយជម្ងឺកូវីត១៩ ឆ្លងមកដល់សហគមន៍របស់យើង ។
លោកពូ ម៉ៅ លីសៀក ដែលរស់នៅភូមិត្រពាំងខ្លូត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានអញ្ជើញមកទទួលប័ណ្ណសមធម៌ ក៏បានសម្តែងនូវក្តីសប្បាយរីករាយ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្តល់សាច់ប្រាក់ដល់គ្រួសាររបស់លោកពូ ដើម្បីឲ្យគាត់បានប្រើប្រាស់ និងចាត់ចែងលើជីវភាពប្រចាំថ្ងៃ ហើយលោកពូក៏សុំបូងសួងវត្ថុសាកស័ក្តិក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និងប្រោសព្រំដល់សម្តេចតេជោនាយករដ្ឋមន្រ្តី និងក្រុមគ្រួសារ សូមជួបតែសំណាងល្អ និងបន្តដឹកនាំប្រទេសជាតិឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តតាកែវ