កិច្ចប្រជុំគណៈបញ្ជាការ​ឯកភាព រដ្ឋបាលខេត្ត​រតនគិរី​

រតនគិរី​៖ រសៀល​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ រដ្ឋបាលខេត្ត​រតនគិរី បានរៀបចំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត ដើម្បី​ពិនិត្យ និង​វាយតម្លៃ លើ​សភាពការណ៍​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ផ្សព្វផ្សាយ និង​ណែនាំ​ខ្លឹមសារ​លិខិត​លេខ ១៩៩១ សជណ របស់​ក្រសួងមហាផ្ទៃ សេចក្តីសម្រេច​លេខ​៥៤ សសរ ប​.​ស្ថ និង​សេចក្តីណែនាំ​លេខ ០០៥ ស​ណន ប​.​ស្ថ របស់​ក្រសួងបរិស្ថាន និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នានា ព្រមទាំង​ដាក់​ទិសដៅ​ចំពោះមុខ​ក្នុង​ការងារ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ចំពោះមុខ​នានា ដើម្បី​បាន នូវ​សុវត្ថិភាព និង​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​។ កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម ថង សាវុន អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ បញ្ជាការ​ឯកភាព​ខេត្ត​។​

​ស្មារតី​នៃ​អង្គ​ប្រជុំបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ដែល​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ បាន​អនុវត្ត​កន្លងមក និង​បាន​ដាក់ចេញ​នូវ​ទិសដៅ​ចំពោះមុខ​ក្នុង​ការងារ​ផ្សព្វផ្សាយ​អំពី​វិធានការ បង្ការ​ជំងឺ​កូ​វីដ​-១៩ ពិសេស​វិធានការ​នានា​អំឡុង ពេលដែល​មន្ត្រីរាជការ និង​កម្មករ កម្ម​ការ​នី​ទទួល បានការ​ឈប់សម្រាក​ស​ង​វិញ​កាលពី​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​។ ជាមួយគ្នានេះ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​នឹង​បន្ត​ខិតខំ​ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ចសង្គម តាមរយៈ​ការជំរុញ​ការងារ​កសិកម្ម ការងារ​វារីវប្បកម្ម​គ្រប់​ប្រភេទ ក្នុងន័យនេះ​អាជ្ញាធរ​ជំនាញ​ត្រូវ​ផ្តល់​ជំនាញ បច្ចេកទេស​ដល់​ពលរ​ដ្ឋ​គោលដៅ ដើម្បី​ធានាបាន​នូវ សន្តិសុខ​ស្បៀង និង​ទប់ស្កាត់​រាល់​បទល្មើស នេសាទ​គ្រប់​ប្រភេទ ព្រម​ជាមួយគ្នានេះ ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​ដល់​អាជ្ញាធរ​ឃុំ និង​ជំនាញ​ពាក់ព័ន្ធ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​លើ​ការងារ​ផ្តល់​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​នៃ​វិបត្តិ​កូ​វីដ​-១៩ ដែល​គិត​មកដល់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០​នេះ​បានផ្តល់​សាច់ប្រាក់​បាន​ប្រមាណ​ជាង​៨០%​នៃ គ្រួសារ​ក្រីក្រ​។

ទន្ទឹមគ្នានេះ​ផងដែរ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​នឹង​បន្ត​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ សោ​ភណ្ឌ​ភាព និង​អនាម័យ​ទីប្រជុំជន ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ការងារ​ភូមិ ឃុំ មាន​សុវត្ថិភាព ការងារ បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ​ឲ្យ​មាន​ប្រសិទ្ធភាព​។ ដោយឡែក​ក្នុង​ការងារ​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​ប្រើប្រាស់ និង​អាស្រ័យ​ផល​ជាក់ស្តែង​នៅក្នុង​តំបន់ ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ នាពេលខាងមុខ​គណៈកម្មកា​រ​ក្រសួង និង​អាជ្ញាធរខេត្ត​នឹង​ចុះ​ពិនិត្យ​ជាក់ស្តែង ដើម្បី​ចងក្រង​ឯកសារ​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ដី​ជាក់ស្តែង ធានាបាន នូវ​ផលប្រយោជន៍​ពិតប្រាកដ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ការខ្វះខាត និង​ដើម្បី​មាន​មូលដ្ឋាន​ស្នើសុំ​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់​ពី​រាជរដ្ឋាភិបាល​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី​