សម្តេចតេជោ បន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩

APP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០–

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននៅតែទទូចដល់បងប្អូនប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩។ នេះបើយោងតាមការផ្សាយចេញពីបណ្តាញសង្គមហ្វេសផេកផ្លូវការរបស់សម្តេចតេជោ។

ជាមួយគ្នានោះ សម្តេចបានលើកឡើងថា» ទោះបីកម្ពុជាយើងមានអត្រាឆ្លងកូវីដ-១៩ទាប ឬទោះបីពុំមានអ្នកជំងឺស្លាប់ដោយសារជំងឺកូវីដ១៩ ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេល កុំមើលស្រាលជំងឺកូវីដ-១៩អោយសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះគឺជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ»។

សម្តេចបានបន្តទៀតថា» អ្វីដែលយើងទាំងអស់គ្នាអាចធ្វើបានងាយៗគឺ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាសអោយបានជាប្រចាំ។ យើងរស់នៅត្រូវមានសុខភាពល្អ ព្រោះបើអស់សុខភាពហើយ អ្វីៗក៏នឹងបាត់បង់ទៅជាមួយដែរ»។

សូមបញ្ជាក់ផងងដែរថា ជាមួយនឹងសារអំពាវនាវខាងលើ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យប្រជាពលរដ្ឋកម្ពុជាយើង ងាកមកប្រើម៉ាស់ក្រមាវីញ ដោយហេតុថាម៉ាសនេះអាចប្រើបានយូរ និងមានប្រសិទ្ធិភាពដូចគ្នា៕ដោយ៖ កន ចំណាន