កម្មវិធី ASPIRE កំពុង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងស្ថានភាព​នៃ​វិបត្តិ​កូ​វីត​-១៩ !

​សៀមរាប​៖ មន្ត្រី​ជំនាញ​ជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម អះអាងថា កូ​វីត​-១៩ ពុំមាន​ឥទ្ធិពល​បង្ក​ហា​នី​ភ័យ​សម្រាប់​វិស័យ​កសិកម្ម​នោះទេ វិធានការ​ឆ្លើយតបរ​បស់​ប្រមុខ​រាជរដ្ឋាភិបាល និង​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ( ASPIRE ) គឺជា​ឧបករណ៍​និង​ជា​ខ្នងបង្អែក​យ៉ាងសំខាន់ សម្រាប់​កសិករ !

​ការ​ជម្រុញ​ចលនា​ដាំ​ដុះ ចិញ្ចឹមសត្វ គឺជា​ការបង្កើតឡើង​នូវ​ប្រសិទ្ធភាព​នៃ​ការឆ្លើយតប​យ៉ាងសំខាន់ ក្នុងស្ថានភាព​នៃ​វិបត្តិ​កូ​វីត​-១៩ ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កំពុង​បំពេញ​តួនាទី​របស់ខ្លួន តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន​នឹង​ការប្រែប្រួល​អាកាសធាតុ ( ASPIRE ) កំពុង​បាន​ប្រើប្រាស់​នៅក្នុង​ប្រតិបត្តិការ​ជម្រុញ​ការឆ្លើយតប​នេះ​។​

​ឯកឧត្តម​បណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ និង​ជា​នាយក​កម្មវិធី ASPIRE បានលើកឡើង​យ៉ាង​ដូច្នេះ នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​កសិករ​គំរូ នៅ​សហគមន៍ អភិវឌ្ឍន៍​កសិកម្ម​សំរោង​មានជ័យ ឃុំ​សំរោង ស្រុក​សូទ្រនិគម ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០​នេះ ដើម្បី​ស្វែងយល់​អំពី​វឌ្ឍនភាព​នៃ​កម្មវិធី​ដ៏​មាន​សក្តានុពល​មួយ​នេះ និង​ពិនិត្យមើល​ផងដែរ ស្ថានភាព​កសិករ កំពុង​អនុវត្តន៍​បណ្តុំ​អាជីវកម្ម​កសិកម្ម ។​

​ឯកឧត្តម បញ្ចា​ក់ថា ចំណុច​ឆ្លើយតប​មួយ​យ៉ាងសំខាន់​នោះ​គឺ នៅពេល​ដែលមាន​ប្រជាពលរដ្ឋ​ធ្វើ​ចំណូលស្រុក​មកពី​ក្រៅប្រទេស ប្រជាពលរដ្ឋ​ក្នុងស្រុក​មួយចំនួន​ដែល​ត្រូវបាន​បាត់បង់​ការងារ​ដោយ​កូ​វីត​១៩ កម្លាំង​ទាំងនេះ​ត្រូវបាន​ក្លាយជា​កម្លាំងចលក​រ​បំរើ និង​ជំរុញ​ឲ្យ​វិស័យ​កសិកម្ម​នៅ​មូលដ្ឋាន មានការ​រីកចំរើន​។ កសិដ្ឋាន​ធំៗ​មួយចំនួន​ក៏បាន​ក្លាយជា​មជ្ឈមណ្ឌល​ផ្តល់​ការងារ​ធ្វើ សម្រាប់​អ្នក​បាត់បង់​ការងារ​ទាំងនោះ​ផងដែរ​។ ជាមួយគ្នានេះ ASPIRE គឺជា​កម្មវិធី​ផ្តល់​ឲ្យ​កសិករ​ទទួលបាន​នូវ​ការអនុវត្តន៍​បច្ចេកទេស​ថ្មី ធាតុ​ចូល​កសិកម្ម​ថ្មី ដាំ​ដុះ​បាន​គ្រប់​រដូវ​កាល​ពេញ​មួយឆ្នាំ មិន​ប្រឈម​នឹង​ការប្រែប្រួល​អាកាសធាតុ ធានា​ឲ្យ​ផលិតកម្ម​កសិផល​កើនឡើង និង​មាន​គុណភាព សម​ស្របតាម​តម្រូវការ​ទីផ្សារ​។​

​លោក ឈាវ ហុង អាយុ ៦២​ឆ្នាំ ជា​កសិករ​គំរូ​នៅក្នុង​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​សំរោង​មានជ័យ ដែល​បច្ចុប្បន្ន​មាន​កសិដ្ឋាន​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​ជាង​៧​ហិកតា បានបង្ហាញ​ឲ្យ​ដឹងថា មកទល់នឹង​ពេលនេះ លោក​បាន​ប្រើ​ជីវិត​នៅក្នុង​វិស័យ​កសិកម្ម​អស់​រយៈពេល​២០​ឆ្នាំ​កន្លងមកហើយ​។ លោក​ថា ឆ្នាំ​២០១៩​កន្លងទៅ គឺជា​ឆ្នាំ​មោទនភាព ដែល​មុខ​របប​អាជីព​ជា​កសិករ កំពុង​បោះជំហាន​ទៅមុខ​។ ឆ្នាំ​២០២០ កូ​វីត​១៩ មិនមាន​ឥទ្ធិពល​បង្ក​ហា​នី​ភ័យ​សម្រាប់​មុខ​របប​អាជីព​របស់លោក​នោះទេ បន្ថែម​ពីលើ​នេះ កម្មវិធី ASPIRE កាន់តែ​ធ្វើ​ឲ្យ​កសិដ្ឋាន​របស់លោក មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​