​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ផ្តល់​ប្រសាសន៍​សំខាន់ៗ​៧​ចំណុច ថ្លែង​ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខតំណែង​ជូន​នាយទាហាន តំបន់​ប្រតិបត្តិការ​សឹក​រង​ពោធិ៍សាត់​

ពោធិ៍សាត់ ៖ ចំណុច​ប្រសាសន៍​សំខាន់ៗ​របស់ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ថ្លែង​ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខតំណែង​ជូន​នាយទាហាន តំបន់​ប្រតិបត្តិការ​សឹក​រង​ពោធិ៍សាត់​, ថ្ងៃ​ពុធ ទី​២២ ខែកក្កដា ឆ្នាំ​២០២០៖

១. សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ និង​សមិទ្ធិផល​ជាច្រើន ដែល​នាយទាហាន នាយទាហានរង និង​ពលទាហាន​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ពោធិ៍សាត់ បាន​ខិតខំ​ប្រឹងប្រែង​សម្រេចបាន​នៅក្នុង​ការបំពេញភារកិច្ច​ការពារជាតិ​មាតុភូមិ​, ការពារ​បូរណភាព​ទឹកដី និង​សុខសន្តិភាព និង​ក៏​សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការលះបង់​របស់​យោធិន ក៏ដូចជា​មេបញ្ជាការ​អង្គភាព​គ្រប់​ជំនាន់ ដែល​បាន​ខិតខំ​កសាង និង​ពង្រឹង​អង្គភាព​មកដល់​សព្វថ្ងៃ​នេះ គឺជា​ការចូលរួមចំណែក​មួយ​សំខាន់​នៅក្នុង​ការពង្រឹង​វិស័យ​ការពារជាតិ​។​

២. ក្រោម​ការដឹកនាំ​របស់​មេបញ្ជាការ និង​ដោយមាន​ការចូលរួមរ​បស់​យោធិន​ទាំងអស់ តំបន់​ប្រតិបត្តិការ​សឹក​រង​ពោធិ៍សាត់​ក៏បាន​ចូលរួម​សកម្ម​ច្រើន​ក្នុង​ការងារ​សង្គម ជាពិសេស​ការងារ​សមា​គម​អតីតយុទ្ធជន​កម្ពុជា (​ស​.​អ​.​ក​) ទាំង​ថ្នាក់​ខេត្ត និង​ថ្នាក់ស្រុក​។ ពិតណាស់ ស​.​អ​.​ក ជាការ​ងារ​ក្រៅ​ក្របខ័ណ្ឌ​រដ្ឋ ប៉ុន្តែ​កិច្ចការ​នេះ​ជាការ​ផ្សារភ្ជាប់​ផ្ទាល់​ជាមួយនឹង​ការងារ​កងទ័ព​។ ការផ្សារភ្ជាប់​នេះ គឺជា​គោលនយោបាយ​មួយ​ដែល​រាជរដ្ឋាភិបាល​ដើម្បី​ផ្តល់នូវ​ការថែទាំ និង​ជួយ​ទំនុកបំរុង​ដល់​កងកម្លាំងប្រដាប់អាវុធ​របស់​យើង​។​

៣. ចំពោះ​កង​យោធ​ខេមរភូមិន្ទ រាជរដ្ឋាភិបាល​តែង​បាន​យកចិត្តទុកដាក់​ការលើកស្ទួយ​ជីវភាព​, ការពង្រឹង​លទ្ធភាព និង​សមត្ថភាព​ដោយ​ការហ្វឹកហ្វឺន និង​ការបំពាក់​ផ្សេងៗ ព្រមទាំង​ការ​តម្លើង​បៀវត្សរ៍​ជាប្រចាំ ក៏ដូចជា​ការបន្ត​ជួយ​ដល់​យោធិន​ដែល​បានបញ្ចប់​ភារកិច្ច​ផ្ទេរ​ចេញពី​ជួរ​ទ័ព​។ ការខិតខំ​បន្ត​ជួយ​នេះ គឺជា​ការថ្លែងអំណរគុណ និង​ដឹងគុណ​ចំពោះ​ការលះបង់​ពេលវេលា និង​កម្លាំងកាយ​ចិត្ត បម្រើ​ជាតិ​មាតុភូមិ​របស់​អតីតយុទ្ធជន​យើង ហើយក៏​ជាការ​ផ្តល់នូវ​មនោសញ្ចេតនា​យកចិត្តទុកដាក់​, ការយោគយល់​, ការ​រាប់អាន​, ការផ្តល់​តម្លៃ​កិត្តិយស និង​ភាពកក់ក្តៅ​។​

៤. ការវាយតម្លៃ​នៅក្នុង​ការសម្រេច​តែងតាំង ត្រូវបាន​ធ្វើឡើង​ដោយ​ហ្មត់ចត់​តាម​ឋា​នា​នុ​ក្រុម ហើយ​អាទិភាព​ត្រូវ​ផ្តល់ឱ្យ​នាយទាហាន​ដែល​បាន​បំពេញភារកិច្ច​នៅក្នុង​អង្គភាព​ផ្ទាល់ ហើយក៏​មានការ​ណែនាំ​បេក្ខភាព និង​ការចូលរួម​មតិយោបល់​របស់​ថ្នាក់លើ​ផ្ទាល់ ដើម្បី​ធានា​ឱ្យបាន​នូវ​ការផ្ទេរ​ភារកិច្ច​ទៅឱ្យ​នាយទាហាន​ដែលមាន​លក្ខណៈសម្បត្តិ និង​អាចដឹកនាំ​បាន​។​

៥. បេក្ខភាព​មាន​ច្រើន ដែល​សុទ្ធ​តែមាន​ចំណុចខ្លាំង និង​ចំណុចខ្សោយ​រៀងៗ​ខ្លួន គ្មាន​អ្នក​ល្អឥតខ្ចោះ ឬ​អាក្រក់​នោះទេ គឺ​សុទ្ធតែ​អ្នកមាន​ស្នាដៃ ប៉ុន្តែ​ការវាយតម្លៃ​គឺ​ត្រូវ​ផ្អែកលើ​កត្តា​សត្យានុម័ត​ច្រើន ដូចជា​បទពិសោធន៍​ការងារ​, សមត្ថភាព​, ការឆ្លងកាត់​ការហ្វឹកហ្វឺន​, សុខភាព និង​អាយុ ហើយ​ក៏មាន​ការគិតគូ​រ​អំពី​កត្តា​អង្គភាព​ផងដែរ​។ ការភ្ជាប់​រវាង​លក្ខណៈសម្បត្តិ​បុគ្គល​, កត្តា​អង្គភាព និង​កត្តា​ផ្សំ​សមាសភាព​នាយទាហាន​ជំនាន់​១ និង​ជំនាន់​២ គឺ​ដើម្បី​ធានាបាន​នូវ​និរន្តរភាព​នៃ​អង្គភាព ព្រោះ​កងទ័ព​របស់​យើង មិន​ចប់​ត្រឹម​យើង​ទេ អង្គភាព​នីមួយៗ​នឹងមាន​អត្ថិភាព​នៅ​បន្ត​រហូត ដើម្បី​បំពេញភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​។ ដូច្នេះ ការគិតគូរ​អំពី​ផែនការ​នៃ​ការបន្ត​វេន ផែនការ​រៀបចំ​ពង្រឹង​អង្គភាព គឺជា​កត្តា​ដែល​ត្រូវ​គិតពិចារណា​ផងដែរ​នៅក្នុង​ការវាយតម្លៃ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។​

៦. ថ្នាក់ដឹកនាំ គឺជា​មជ្ឈមណ្ឌល​នៃ​ការ​សាមគ្គី​ឯកភាព​ផ្ទៃក្នុង និង​បំផុស​ចលនា​រួមគ្នា​។ ការកសាង​អង្គភាព ការងារ​សង្គម នឹង​មិនអាច​សម្រេចបាន​ទេ បើ​គ្មាន​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​ល្អ សំខាន់​គឺ​ជួរ​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​របស់​អង្គភាព រួមជាមួយ​នឹង​យោធិន​ទាំងអស់ ចាំបាច់​រួមគ្នា​ដើម្បី​សម្រេច​ភារកិច្ច និង​ពង្រឹង​អង្គភាព​។ ថ្នាក់ដឹកនាំ​ដែល​ទទួលបាន​ភារកិច្ច​ថ្មី​ភ្ជាប់​ជាមួយនឹង​សិទ្ធិអំណាច​ធំ​ជាង​មុន ត្រូវខិតខំ​ឱ្យបាន​ទ្វេរ​ឡើង ក្នុងនេះ​ក្រៅពី​ភារកិច្ច​ក្នុង​បទបញ្ជា និង​ក្នុង​ផែនការ ត្រូវ​មានគំនិត​ផ្តួចផ្តើម និង​ការច្នៃប្រឌិត​ថ្មីៗ រួមផ្សំ​ជាមួយនឹង​ការបើក​ទូលាយ​ខ្លួនឯង​រៀនសូត្រ​ពី​រៀមច្បង​។ ក្រៅពីនេះ ក៏ត្រូវ​យល់​ឱ្យបាន​ច្បាស់​អំពី​តួនាទី និង​សិទ្ធិ​របស់ខ្លួន តាមរយៈ​ការគោរព​អនុវត្តតាម​ការប្រគល់​ភារកិច្ច ដើម្បី​ចៀសវាង​ប្រភព​នៃ​ទំនាស់​។ ទាំងនេះ​នឹង​ជួយ​ផ្តល់នូវ​ការរីកចម្រើន​កាន់តែ​ប្រសើរឡើង និង​អាចធ្វើ​ដំណើរ​បាន​កាន់តែ​វែងឆ្ងាយ គឺអាច​សម្រេច​ភារកិច្ច​បាន​ដោយ​រក្សា​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​បានល្អ ដែល​គឺជា​ជោគជ័យ​ជា​កញ្ចប់​។​

៧. សូម​អរគុណ ឯកឧត្តម អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ក៏ដូចជា​សប្បុរសជន​ទាំងអស់ ដែល​តែង​បាន​យកចិត្តទុកដាក់​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​កងទ័ព និង​អតីតយុទ្ធជន​។ កងទ័ព​គឺជា​កូនចៅ​ប្រជាពលរដ្ឋ និង​ជា​អ្នក​បំពេញ​កាតព្វកិច្ច​ក្នុងការ​ថែរក្សា​សុខសន្តិភាព​។ ឯ​អតីតយុទ្ធជន គឺ​ភាគច្រើន​ជា​អ៊ំ​ពូ​មីង​ដែល​ស្ថិតក្នុង​ជំនាន់​ជា​ប្រតិបត្តិ​ករ​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ​។ ប្រតិបត្តិ​ករ​មិនមែន​សំដៅ​តែ​ថ្នាក់ដឹកនាំ​ប៉ុណ្ណោះ​ទេ គឺ​សំដៅ​ផងដែរ​ដល់​អ្នក​ដែល​បាន​ចូលរួម​នៅក្នុង​កិច្ចការងារ​នេះ​ទាំងអស់​នៅក្នុង​ដំណាក់​កាលដែល​ប្រទេស​យើង​មាន​សង្គ្រាម​៕    https://www.youtube.com/watch?v=S3lGWwGAI5E