ខុទ្ទកាល័យសម្តេចតេជោ និងស្នងការខេត្តត្បូងឃ្មុំ បង្ហាញអត្តសញ្ញាណក្រុមក្លែងជាថ្នាក់ដឹកនាំជាន់ខ្ពស់ ឆបោក តេជំរិតទារប្រាក់ពីពីមន្ត្រីដែលត្រូវឡើងស័ក្ត និងតំណែងតួនាទី

(ត្បូងឃ្មុំ)៖ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមឧត្តមសេនីយ៍ទោ បែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានធ្វើសន្និសីទសារព័ត៍មានរួមគ្នា បង្ហាញប្រាប់សាធារណៈជននូវការបំបែកសំណុំរឿងក្តីយ៉ាងរសើបមួយ ដោយបង្ហាញមុខនិងអត្តសញ្ញាណជនល្មើសក្រុមក្លែងខ្លួនធ្វើជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខុទ្ទកាល័យសម្តេចតេជោ ពាក់ព័ន្ធនឹងករណីឆបោក ជម្រិតទារប្រាក់ពីមន្ត្រីដែលត្រូវដំឡើងស័ក្ត និងឡើងតំណែងតួនាទីពីក្រសួង ស្ថាប័ន មន្ទីរ-អង្គភាព នៅថ្នាក់ក្រោមជាតិនាពេលកន្លងមក ដោយធ្វើឡើងនារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីអ្នកសារព័ត៌មានជាច្រើនស្ថាប័ន។

បើតាម ឯកឧត្តម បែន រ័ត្ន ឲ្យដឹងអត្តសញ្ញាណជនល្មើសទាំង២នាក់ ទី១ឈ្មោះ សួន មុនី ហៅតាង៉ុក ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកក់ប៉ែ ឃុំចេក ស្រុកស្វាយរៀង ខេត្តស្វាយរៀង (ជាមេខ្លោង) និងទី២ ឈ្មោះ ខន សុម៉ាលី ហៅទូច ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិនិគមន៍ក្រោម ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម(បច្ចុប្បន្នខេត្តត្បូងឃ្មុំ) ជាជំនួយការ។

ឯកឧត្តមឧត្តមសេនីយ៍ទោ បែនរ័ត្ន ឲ្យដឹងទៀតថា រឿងក្តីដ៍ក្តៅនិងរសើបនេះត្រូវបំបែកបាន ក្រោមការសហការបានយ៉ាងល្អពីសំណាក់មន្ត្រីដ៍ល្អស្អាតស្អំដោយមិនគិតពីរឿងឋានៈ បុណ្យសក្តិខ្យល់ ភ្លាមៗបានទាក់ទងទៅកាន់ខុទ្ទកាល័យសម្តេចតេជោ ក្រោមការទទួលកាន់រឿងនេះផ្ទាល់ពីឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សហការជាមួយស្នងការនគរបាលខេត្តត្បូងឃ្មុំ-ស្វាយរៀង និងឯកឧត្តមព្រះរាជអាជ្ញារខេត្តត្បូងឃ្មុំ បានចុះប្រតិបត្តិការរួមគ្នាទាំងកណ្តាលយប់ ច្បាមក្របួចជាប់នូវជនឆបោកដ៍ជំនាញតាមទូរស័ព្ទទាំង២នាក់នេះ កាលពីពាក់កណ្តាលអាធ្រាតថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅផ្ទះ ខន សុម៉ាលី ក្នុងខេត្តត្បូងឃ្មុំ និងបន្តចាប់ភ្លាមៗ ឈ្មោះ សួន មុនី ជាមេក្លោង នៅខេត្តស្វាយរៀង នាកណ្តាលអាធ្រាតឈានចូលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០។ បច្ចុប្បន្នជនទាំង២នាក់នេះត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

លើកឡើងក្នុងឳកាសនោះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ស្នើដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ កុំរវើរវាយស្រមើលស្រមៃ យកលុយទៅសូកប៉ាន់ដើម្បីឡើងបុណ្យឡើងសក្តិ ឡើងដំណែងតួនាទី ដែលជាចំណីយ៉ាងឆ្ងាញ់សម្រាប់ក្រុមជនបោកប្រាស់ ជាពិសេសបានសំណូមពរ និងទទូច ត្រូវខិតខំបំពេញការងារ សម្រេចនូវស្នាដៃ រហូតទទួលបានផ្លែផ្កានៃការទុកចិត្តពីថ្នាក់ដឹកនាំ តាមស្ថាប័ននីមួយៗច្បាស់ជាដំឡើងបុណ្យស័ក្តតួនាទី តាមឋានានុក្រមជាក់ជាមិនខាន។

បន្ថែមពីនោះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ផ្តាំផ្ញើដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវជឿជាក់ទុកចិត្តទៅលើការដឹកនាំដ៍ឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសន៍ដ៍ឆ្នើមនៃកម្ពុជា ព្រោះថាតាមរយៈការសម្លឹងឃើញនូវផ្លែផ្កានៃស្នាដៃការងាររបស់បងប្អូនមន្ត្រីរាជការសម្រេចបាននោះ គឺសម្តេចយកចិត្តទុកដាក់ខ្ពស់ផ្តល់ឳកាសអ្នកមានសមត្ថភាព មានជាការលើកទឹកចិត្ត ដំឡើងតួនាទី មុខដំណែង ឋាន្តរស័ក្ត ដោយមិនមែនពីការកើតឡើងដោយការសូកប៉ាន់ ឬការខលទូរស័ព្ទទាមទារប្រាក់ដូចអ្វីដែលគេបោកកន្លងមកនោះទេ។

ដោយឡែក កូនស្រី មានអាយុ១៤ឆ្នាំ របស់ជាប់ចោទ ខន សុម៉ាលី រួមទាំងប្អូនប្រុស និងជីដូនជរា ចូលរួមនាឱកាសនោះ បានឡើងស្នើសុំខុទ្ទកាល័យសម្តេចតេជោ ស្នងការនគរបាលខេត្តត្បូងឃ្មុំ ពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មេត្តាជួយសម្រួលទោស និងដោះលែងម្តាយរបស់ខ្លូនវិញផង ក្រោមហេតុផលម្តាយមិនមានជំរើសព្រោះគ្មានការងារធ្វើ ដោយសារសម័យជំងឺកូវីដ-១៩ ហើយម្តាយកូនខ្ចី មានកូនតូចអាយុ០៨ខែ ដែលមានជំងឺខ្វះគ្រាប់ឈាម ក្នុង១ខែត្រូវបញ្ចូលឈាម៣ទៅ៤ដង ជីដូនជរា នៅជាមួយឳពុកចុងវាយធ្វើបាប ហើយខ្លួនជាស្រីនិងប្អូនប្រុសនៅក្មេងមិនមានមុខរបរ ចង់បន្តការសិក្សាដើម្បីអនាគតល្អភ្លឺស្វាងជាងនេះ។

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន និងឯកឧត្តម បែន រ័ត្ន បានបញ្ជាក់ប្រាប់ថា «យុត្តិធម៍ និងកត្តញ៉ូតាធម៍មិនអាចដើរស្របគ្នាបាននោះទេ ច្បាប់គឺច្បាប់» អ្វីទាំងអស់គឺធ្វើទៅតាមច្បាប់ អ្នកប្រព្រឹត្តខុសត្រូវដាក់ទោស ដោយឡែកលោកនឹងទាក់ទងក្រុមមេធាវីសម្តេចតេជោ ដើម្បីពិនិត្យមើលលើរឿងនេះ ជាការឆ្លើយតបនឹងសំណូមពររបស់ក្មួយស្រី ក៍ដូចជាឧបត្ថម្ភស្បៀង និងថវិការមួយចំនួនដល់ក្មួយស្រី ដើម្បីសម្រួលជីវភាពចំពោះមុខ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ