ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះការសម្រេចភារកិច្ចរបស់អង្គភាព កងការពារព្រំដែន៥០២

APP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០–
(បាត់ដំបង)៖ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហានកងការពារព្រំដែនលេខ៥០២ យោធភូមិភាគទី៥។

ថ្លែងនាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចភារកិច្ចរបស់អង្គភាពកងការពារព្រំដែន៥០២ ក្នុងរយៈពេលកន្លងមកដែលបង្ហាញអំពីការរួបរួមសាមគ្គីភាពផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ក្នុងការបំរើជាតិមាតុភូមិស្របតាមទិសដៅកំណត់។
ជាមួយគ្នានោះ ឯកឧត្តម បានជូនពរដល់នាយទាហានដែលទទួលភារកិច្ចថ្មីក្នុងការដឹកនាំអង្គភាពឱ្យកាន់តែមានភាពជោគជ័យ ដែលជាការចូលរួមចំណែកក្នុងការជួយកសាងភាពរឹងមាំរបស់កងទ័ពយើង។
ឆ្លៀតនាឱកាសនោះផងដែរ ឯកឧត្តម ហ៊ុន ម៉ាណែត បានរម្លឹកថា ការសម្រេចក្នុងការដំឡើងឋានៈ និងតែងតាំងមុខងារ ដែលបានធ្វើឡើងនាពេលនេះ គឺ ជាការសម្រេចដោយឈរលើការពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់របស់ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ ស្របនឹងគោលការណ៍ច្បាប់ជាធរមាន ជាពិសេសជាការវាយតម្លៃអំពីឆន្ទៈ សមត្ថភាព អតីតភាពការងារ ចំណេះដឹង បទពិសោធន៍ និងលក្ខណៈសម្បត្តិជាច្រើនទៀត ដើម្បីទទួលបាននូវនាយទាហានដែលមានទំនួលខុសត្រូវខ្ពស់ក្នុងការអនុវត្តកិច្ចការងារចម្បងជាច្រើន។

ឯកឧត្តម បានបន្ថែមទៀតថា ការក្លាយខ្លួនជាមេដឹកនាំអង្គភាព គឺជាការទទួលបាននូវឱកាសក្នុងការបង្កើតនូវស្នាដៃសម្រាប់ឱ្យជំនាន់ក្រោយមានការចងចាំ និងជាការទទួលបាននូវឱកាសក្នុងការបង្ហាញអំពីសមត្ថភាពដឹកនាំការងារទៅដល់ថ្នាក់ដឹកនាំរបស់ខ្លួន ដែលជាបច្ច័យមួយយ៉ាងល្អក្នុងការអភិវឌ្ឍអាជីពការងារបន្តរទៅទៀត៕ ដោយ៖ កន ចំណាន