ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើឡើងថា អង្គភាពទ័ពនីមួយៗ មិនមែនជារបស់មេបញ្ជាការទេ គឺជារបស់ជាតិ

APP បាត់ដំបង ថ្ងៃទី២២ ខែកក្កដា ឆ្នា២០២០–

(បាត់ដំបង)៖ ថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលក្នុងពិធីប្រកាសតែងតាំងមុខងារនាយទាហានជាន់ខ្ពស់ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង និងកងពលតូចថ្មើរជើងលេខ៥៣។

ឆ្លៀតនាឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក បានក្រើនរម្លឹងថាអង្គភាពទ័ពនីមួយៗ មិនមែនជារបស់មេបញ្ជាការ ឬបុគ្គលណាទេ គឺជារបស់ជាតិ ជារបស់យើងទាំងអស់គ្នា។ ជាតិខ្មែរយើងនៅបន្ត ដូច្នេះ អង្គភាពត្រូវមានអត្ថិភាពនៅបន្តនិរន្តរភាព ទទួលរ៉ាប់រងភារកិច្ចការពារជាតិមាតុភូមិ ការពារទឹកដី សុខសន្តិភាព ជូនប្រជាពលរដ្ឋ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្ថែមទៀតថា ក្នុងន័យនេះគ្រប់តួនាទីនិងមុខតំណែងទាំងអស់ ភារកិច្ចសំខាន់ ០៣ របស់អ្នកដឹកនាំ ឬមេបញ្ជាការគ្រប់រូបត្រូវ៖ ១.រក្សាសមិទ្ធិផលរបស់មេបញ្ជាការមុន, ២. កសាងពង្រឹងអង្គភាពបន្ថែមលើគ្រប់វិស័យ និង៣. បន្តសមិទ្ធិផលទាំងនេះឱ្យនាយទាហានបន្តវេន។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ទាំងនេះ គឺជាភារកិច្ចស្នូល ដោយត្រូវរួបរួមគ្នាធ្វើយ៉ាងណាពីមួយជំនាន់ទៅមួយជំនាន់ បន្តកសាងពង្រឹងអង្គភាពឱ្យកាន់តែរឹងមាំ៕ ដោយ៖ កន ចំណាន