ឯកអគ្គរដ្ឋទូត នៃ​ប្រទេស​ទី​ម័​រ​ខាងកើត សន្យា​នាំយក​បទពិសោធន៍​ក្នុង​វិស័យ​ទេសចរណ៍ និង​កសិកម្ម​របស់​ខេត្តសៀមរាប ទៅ​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន !

​សៀមរាប​៖ ក្នុងឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០​នេះ ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់ថា ការចុះ​បំពេញបេសកកម្ម​មកកាន់​ខេត្តសៀមរាប នាពេលនេះ គឺ​ដើម្បី​ធ្វើការ​សិក្សា​ស្វែងយល់ និង​ទទួលបាន​នូវ​បទពិសោធន៍​ក្នុង​វិស័យ​ទេសចរណ៍ និង កសិកម្ម​របស់​ខេត្តសៀមរាប សំដៅយក​ទៅធ្វើ​ការផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ទី​ម័​រ​ខាងកើត ហើយ​ក្នុងនាម​ប្រជាពលរដ្ឋ​ទី​ម័​រ សុំ​ធ្វើការ​រៀនសូត្រ​ពី​ខេត្តសៀមរាប ដែលមាន​ភាព​រីកចម្រើន​លើ​វិស័យ​ទេសចរណ៍ នាពេល​កន្លងមក ពិសេស​សូម​អរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​ជួយ​គាំទ្រ​ទី​ម័​រ​ក្លាយជា​សមាជិក​ទី​១១ ក្នុង​សមាគម​អាស៊ាន ។​

​ឯកឧត្តម Ermenegildo Kupa Lopes បាន​បញ្ជាក់ដែរថា ប្រទេស​ទី​ម័​រ និង​កម្ពុជា មាន​ប្រវត្តិ​ស្រដៀង​គ្នា ដែល​ទើបនឹង​បាន​ឆ្លង​ផុតពី​ភ្លើងសង្គ្រាម ហើយ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ទី​ម័​រ​មាន​ភាពល្អប្រសើរ ពិសេស​កម្ពុជា​បានផ្តល់​នូវ​ក្តី​ស្រឡាញ់​ជូន​ប្រទេស​ទី​ម័​រ​ទៀតផង ដូច្នេះ​តាមរយៈ​នេះ សូម​អញ្ជើញ​ប្រតិភូ​ខេត្តសៀមរាប ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ទី​ម័​រ ក្នុងការ​សិក្សា​ស្វែងយល់​ផ្លាស់ប្តូរ​នូវ​បទពិសោធន៍​គ្នា​ទៅវិញទៅមក សំខាន់​គឺ​សុំ​ឲ្យ​មន្ត្រី​ជំនាញ​របស់​ខេត្តសៀមរាប ធ្វើការ​បង្រៀន​ដល់​ប្រជាពលរដ្ឋ​ទី​ម័​រ ពី​វិស័យ​ទេសចរណ៍ និង​កសិកម្ម ។​

​ឆ្លើយតប​ក្នុងឱកាស​នោះ​ឯកឧត្តម ទៀ សីហា បានទទួល​យក​នូវ​សំណូមពរ​របស់​ឯកឧត្តម​អគ្គរដ្ឋទូត ហើយ​អាជ្ញាធរខេត្ត នឹងធ្វើ​ការជ្រើសរើស​ពេលវេលា​មួយ​ដ៏​សមស្រប ក្រោយពេល​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ នឹង​រៀបចំ​គណៈប្រតិភូ​ទៅធ្វើ​ទស្សនកិច្ច​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​តាម​ការស្នើសុំ របស់​ភាគី​ប្រទេស​ទី​ម័​រ​ខាងកើត ។​

​ឯកឧត្តម ទៀ សីហា បានបញ្ជាក់​ទៀតថា ខេត្តសៀមរាប មាន​សក្តានុពល​សេដ្ឋកិច្ច ដោយ​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម ដោយមាន​ប្រជាពលរដ្ឋ​ប្រមាណ ៨២​ភាគរយ​ជា​ប្រជាកសិករ និង​វិស័យ​ទេសចរណ៍ ដែល​ខេត្តសៀមរាប​សម្បូរ ទៅដោយ​ប្រាង្គ​ប្រាសាទ​ល្បាញ​ល្បី និង រមណីយដ្ឋាន​ធម្មជាតិ​ប្រវត្តិសាស្ត្រ​ភ្នំ​គូលែន និង​បឹង​ទន្លេសាប ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ចូលមក​ទស្សនា​កម្សាន្ត ហើយ​ក្នុង​ខណៈពេលដែល​ពិភពលោក​បាន​កំពុង​ជួបប្រទះ​នូវ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​នេះ បានធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​នេះ ប៉ុន្តែ​អាជ្ញាធរខេត្ត​បាន​នឹង​កំពុង​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​អនុវត្ត​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល និង ក្រសួងសុខាភិបាល មិន​ឲ្យ​មាន​ឆ្លង​រីក​រាលដាល​នៅតាម​សហគមន៍​នោះឡើយ ជាពិសេស​អាជ្ញាធរខេត្ត នឹងធ្វើ​ការស្តារ​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​ទេសចរណ៍​នេះ ដោយមាន​ការចូលរួម​ពី​បណ្តា​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ និង ភោជនីយដ្ឋាន រួមទាំង​សេវាកម្ម​ទេសចរណ៍​ក្នុង​ខេត្ត​ផងដែរ ៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​