រដ្ឋបាល​ខេត្តសៀមរាប កំពុង​បន្ត​សិក្សា​គម្រោង​កែច្នៃ​សំរាម​ទៅជា​ថាមពល​អគ្គិសនី ដែលជា​គម្រោង​ដំបូង​គេ​នៅ​កម្ពុជា !

​សៀមរាប​៖ គិត​ក្នុង​ឆ្នាំ​២០១៩ ជា​រៀងរាល់ថ្ងៃ សំរាម​ក្នុង​ខេត្តសៀមរាប មាន​ប្រមាណ​ជិត ៥០០​តោន ត្រូវបាន​ប្រមូល​ទៅ​រក្សាទុក និង​ដុត​បំផ្លាញចោល នេះ​បើតាម​ការសិក្សា​របស់ របស់​ក្រុមហ៊ុន​មី​ហ្សុ​ដា ( MIZUDA ) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុងឱកាស​ធ្វើ​បទ​បង្ហាញជូន​ដល់ ឯកឧត្តម អុ​ឹ​ង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ទៀ សីហា អភិបាលខេត្ត រួម​និង​វត្តមាន លោក​អភិបាលរង​ខេត្ត លោក​អភិបាលក្រុង ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រី មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត នា​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០ នៅ​សាលា​ខេត្តសៀមរាប ។​

​លោក ចាង សៅ​ចុង (Zhang Xiaozhong) តំណាង​ក្រុមហ៊ុន​មី​ហ្សុ​ដា ប្រចាំ​ប្រទេស​កម្ពុជា បង្ហាញថា បច្ចុប្បន្ន​ក្រុមហ៊ុន​របស់លោក មាន​រោងចក្រ​កែច្នៃ​សំរាម​ទៅជា​ថាមពល​អគ្គិសនី នៅ​ប្រទេស​ចិន ជាង​៣០​កន្លែង​។ តាមរយៈ​ការសិក្សា​របស់​ក្រុមហ៊ុន​នៅ​ខេត្តសៀមរាប​តាំងពី​ឆ្នាំ​២០១៧ លោក​បាន​ប៉ាន់​ស្មានថា នៅ​ឆ្នាំ​២០២២ សំរាម​ក្នុង​ខេត្ត​នេះ អាច​នឹង​កើន​ដល់​៦០០​តោន​ក្នុង​១​ថ្ងៃ បើ​គិត​រហូតដល់​ឆ្នាំ​២០៣៥ ការប៉ាន់ប្រមាណ​ដែល​ផ្អែកទៅលើ​កំណើន​ប្រជាពលរដ្ឋ និង​កំណើន​ភ្ញៀវទេសចរ​ផង​នោះ ក្នុង​១​ថ្ងៃ សំរាម​ក្នុង​ក្រុង​សៀមរាប អាចមាន​ដល់​ជាង​១០០០​តោន​។​

​តំណាង​ក្រុមហ៊ុន​រូបនេះ បញ្ជាក់ថា ប្រសិនបើ​គម្រោង​នេះ ទទួលបាន​ការយល់ព្រម​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋបាលខេត្ត ក្រុមហ៊ុន​នឹង​ចំណាយ​លើ​ការវិនិយោគ​នេះ ប្រមាណ​៥០០​លាន​យ័ន​(RMB) ឬ​ស្មើ​ប្រមាណ​៧០​លាន​ដុល្លារ​អាមេរិក និង​ប្រើពេល​សាងសង់​រោងចក្រ​រយៈពេល​១៨​ខែ ដែល​វា​មាន​សមត្ថភាព​អាច​កែច្នៃ​សំរាម​បាន​ពី​៦០០​ទៅ​៧០០​តោន​ក្នុង​មួយថ្ងៃ​។​

​បន្ទាប់ពី​ស្ដាប់ និង​ពិភាក្សា​រវាង​ក្រុមការងារ​ជំនាញ​រដ្ឋបាលខេត្ត និង​ក្រុមហ៊ុន​មី​ហ្សុ​ដា ឯកឧត្តម អភិបាលខេត្ត លើកឡើងថា រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​យកចិត្តទុកដាក់​ទៅលើ​ការថែរក្សា​បរិ​ស្ដា​ន ក្នុងនោះ​រាជរដ្ឋាភិបាល បាន​លើកទឹកចិត្ត និង​ជំរុញ ដល់​ការកែច្នៃ​សំរាម​ដែលជា​កាកសំណល់ ឲ្យ​ទៅជា​ធនធាន​ដែលមាន​តម្លៃ ដើម្បី​ប្រើប្រាស់​ឡើងវិញ​។​

​ក្នុងនោះដែរ ឯកឧត្តម អភិបាលខេត្ត បន្ថែមថា ទោះបី​ការផលិត​ថាមពល​អគ្គិសនី​បានត្រឹមតែ ១២​មេកា​វ៉ា​ត់​ម៉ោង ដែល​ស្មើ​ប្រហែល​១០​ភាគរយ នៃ​ការប្រើប្រាស់​ថាមពល​អគ្គិសនី​ក្នុង​ក្រុង​បច្ចុប្បន្ន​ក៏ដោយ ក៏​ឯកឧត្តម​បង្ហាញ​នូវ​ការគាំទ្រ ចំពោះ​គំរោង​វិនិយោគ​នេះ និង​ស្នើ​ដល់​ភាគី​ពាក់ព័ន្ធ​ត្រូវ​បន្ត​សហការគ្នា ដើម្បី​ទទួលបាន​នូវ​ការសិក្សា​ចុងក្រោយ​មួយ សម្រាប់​ដាក់ជូន​រាជរដ្ឋាភិបាល​សម្រេច​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​