គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅស្រុកព្រះស្តេច ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៩ គ្រួសារ និងរបួស ៥ នាក់ នៅក្នុងឃុំចំនួន ២ គឺឃុំព្រះស្តេច និងឃុំបន្ទាយចក្រី ស្មើនិងចំនួន ៣ ភូមិ ក្នុងស្រុកព្រះស្តេច ក្នុងនោះរងគ្រោះធ្ងន់ធ្ងរចំនួន ៨ គ្រួសារ និងមធ្យមចំនួន ១ គ្រួសារ។

នាឱកាសនោះ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។ ឯកឧត្តមក៏សូមចូលរួមសោកស្ដាយចំពោះ បញ្ហាដែលបានកើតឡើងដែលបង្កឱ្យខូចខាតនូវទ្រព្យសម្បត្តិ និងផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋនាពេលនេះ។

ឯកឧត្តម បានផ្ដាំផ្ញើចំពោះប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះ បញ្ហាខ្យល់កន្ត្រាក់ ផ្គររន្ទះ នៅពេលមេឃភ្លៀងត្រូវបិតទូរសព្ទ បិតទូរទស្សន៍ ព្រោះរដូវនេះជារដូវវស្សាមានភ្លៀងធ្លាក់ដូច្នេះបញ្ហាទាំងអស់នេះវានឹងអាចកើតមានឡើងជាយថាហេតុ។

ឯកឧត្តម ក៏សូមសំណូមពរដល់ប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមទប់ស្កាត់នូវបញ្ហាជំងឺកូវី១៩ ជាបន្តទៀតដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យជាប់ជាប្រចាំ។

សម្ភារៈផ្តល់ជូនរួមមាន គ្រួសាររងគ្រោះធ្ងន់ធ្ងរ អង្ករ ២៥គ.ក, តង់ ១, កន្ទេល១, មី ១កេស, ត្រី ខ ១យួរ, ឃីត ១កញ្ចប់ (មុង ភួយ ក្រមា សារ៉ុង) អាវចំនួន ៥, និងថវិកាចំនួន ១០០,០០០រៀល។ ចំណែកឯ គ្រួសាររងគ្រោះមធ្យម ទទូលបានអង្ករ ២៥គ.ក, អាវ ៥, កន្ទេល ១, មី ១កេស, ត្រី ខ ១យួរ, ឃីត ១កញ្ចប់ (មុង ភួយ ក្រមា សារ៉ុង) និងថវិកាចំនួន ៥០,០០០រៀល។ ចំពោះអ្នករបួសធ្ងន់ចំនួន ៤ នាក់ សាខា ឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនរៀល និងរបួសស្រាល ១ នាក់ ថវិកាចំនួន ១០ម៉ឺនរៀល។

ដោយឡែក ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមចំនួន ៩ គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៥០,០០០រៀល និងអ្នករបួសធ្ងន់ដោយសារខ្យល់កន្ត្រាក់ ទទួលបាន ១០ម៉ឺនរៀល និងស្រាល ៥ ម៉ឺនរៀលផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង