សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ បង្ហាញពីជោគជ័យ កម្មវិធីសិក្សា៥០+៥០ ក្នុងការដាំដុះ និងចិញ្ចឹមសត្វរបស់និស្សិត ដល់គ្រូបង្រៀនមកពីស្រុកកំចាយមារ ខេត្តព្រៃវែង 

(ត្បូងឃ្មុំ)៖ សាកលវិទ្យាល័យហេងសំរិន ត្បូងឃ្មុំ បានរៀបចំទស្សនកិច្ចសិក្សាមួយ ដើម្បីជាការដកស្រង់បទពិសោធន៍បង្ហាញពីភាពជោគជ័យរបស់និស្សិតលើការងារដាំដំណាំ ព្រមទាំងបង្កាត់និងចិញ្ចឹមសត្វ ដល់លោកគ្រូអ្នកគ្រូ មកពីតាមបណ្តាសាលាបឋម អនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង នៅសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ នាថ្ងៃទី១៨ និង១៩ ខែកក្កដា ឆ្នាំ២០២០។

ក្នុងសកម្មភាពចុះដកស្រង់បទពិសោធន៍នោះ ដឹកនាំដោយផ្ទាល់ និងជាអធិបតីភាព ពីសំណាក់ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឯកឧត្តម ពិន វណ្ណារ៉ូ សកលវិទ្យាធិការ សាកលវិទ្យាល័យ ហេង សំរិនត្បូងឃ្មុំ និងឯកឧត្តម សិត ខន សកលវិទ្យាធិការ សាកលវិទ្យាល័យកំចាយមារ ខេត្តព្រៃវែង។

ឯកឧត្តម ពិន វណ្ណារ៉ូ បានថ្លែងថា លោកគ្រូអ្នកគ្រូ បានមកដល់ទីនេះគឺក្នុងដំណើរទស្សនកិច្ច សិក្សាស្វែងយល់ពីអ្វីដែលសាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ អនុវត្តន៍ជោគជ័យកន្លងមក លើការងារបច្ចេកទេស និងការអនុវត្តជាក់ស្តែង ក្នុងការចិញ្ចឹម-បង្កាត់បង្កង កង្កែប ត្រី ជ្រូកព្រៃ ឃ្មុំ និងគោ និងសត្វមួយចំនួនទៀត ប្រមទាំងការដាំដុះ នូវដំណាំជាច្រើនមុខទៀត ដើម្បីឲ្យលោកគ្រូអ្នកគ្រូមកពីស្រុកកំចាយមារ ខេត្តព្រៃវែង យកទៅផ្សព្វផ្សាយបន្ត បង្រៀនសិស្សានុសិស្ស និងរៀបចំអនុវត្តន៍នៅសហគមន៍ខ្លួន។


ឯកឧត្តម ពិន វណ្ណារ៉ូ ឲ្យដឹងទៀតថា សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ ក្រោយពីដាក់ដំណើរការកម្មវិធីសិក្សាបង្រៀនសិស្សនិស្សិតរួចមក ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ តែទទួលបានជោគជ័យជាបន្តបន្ទាប់តាមរយៈកម្មវិធីសិក្សា ទៅតាមមហាវិទ្យាល័យជំនាញនីមួយៗ ដោយបានស្រូបយកនិស្សិតប្រមាណជាង១២០០នាក់ មកពី១៥រាជធានី-ខេត្ត មកសិក្សានៅទីនេះ ដោយមានអគាសិក្សាធំទូលាយ បរិក្ខារទំនើប សាស្ត្រាចារ្យប្រកបដោយសមត្ថភាព និងមានអគារស្នាក់នៅសម្រាប់សិស្សនិស្សិត បង្កលក្ខណៈងាយស្រួលសម្រាប់និស្សិតមកពីឆ្ងាយ ហើយជាគោលការណ៍នឹងស្រូបយកនិស្សិតឲ្យបាន២៥ខេត្ត-រាជធានី នៅពេលខាងមុខ។

ឯកឧត្តម ពិន វណ្ណារ៉ូ បញ្ជាក់ឲ្យដឹងថា ចំណុចខ្លាំងដែលរុញច្រានឲ្យសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំជោគជ័យ ក្នុងរយៈពេលយ៉ាងខ្លីនោះ គឺត្រង់សាលាផ្តោតសំខាន់ទៅលើគុណភាពជាចម្បង ជាពិសេសកម្មវិធីសិក្សាលើទ្រឹស្តី៥០% និងអនុវត្តន៍៥០% គ្រប់មហាវិទ្យាល័យទាំងអស់ ពិសេសមហាវិទ្យាល័យកសិកម្ម ដែលនិស្សិតអនុវត្តន៍បានជោគជ័យរួចហើយនាពេលកន្លងមកលើការងារដាំដុះ និងបង្កាត់-ចិញ្ចឹមសត្វ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ បានលើកឡើងពីគោលបំណងចំបងដែលឯកឧត្តមដឹកនាំលោកគ្រូអ្នកគ្រូមកទីនេះ គឺដើម្បីផ្លាស់ប្តូរបទពិសោធន៍ បានយល់នូវគន្លឹះបច្ចេកទេសងាយៗតែទទួលបានលទ្ធផលខ្ពស់ លើជំនាញកសិកម្មនៅទីនេះ។

ឯកឧត្តមបណ្ឌិត ថ្លែងលើកឡើងបន្តថា លោកគ្រូអ្នកគ្រូ ជាអ្នកដើរតួយ៉ាងសំខាន់ផងដែរលើការងារផ្សព្វផ្សាយបន្ត ព្រោះថាចំណេះដឹងទាំងអស់ត្រូវបានគ្រូបង្រៀនផ្សព្វផ្សាយនៅសាលា និងដល់សហគមន៍ ដោយចំណាយថវិការអស់តិច ពិសេសបានលឿន និងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ក៍សង្ឃឹមយ៉ាងម៉ុតមាំថា ក្រោយទទួលបានចំណេះដឹងផ្នែកកសិកម្មនេះ លោកគ្រូអ្នកគ្រូ នឹងពាំនាំនូវចំណេះដឹង ទៅផ្សព្វផ្សាយដល់ភូមិស្រុក និងតាមសាលារៀន ធ្វើយ៉ាងណាឲ្យបងប្អូនពលរដ្ឋដែលមានដីនៅទំនេរចោល ធ្វើការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីសម្រួលជីវភាពគ្រួសារ នាអំឡុងការរីករាលដាលជំងឺកូវីដ-១៩ ជាសកលនេះ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ