ពលរដ្ឋ​ជាង​២៥០​គ្រួសារ នៅ​ឃុំ​ពាក់​ស្នែង ខេត្ដ​សៀមរាប ទទួលបាន​អំណោយ​ពី​ក្រសួងការពារជាតិ !

​សៀមរាប​៖ ប្រជាពលរដ្ឋ​ក្រីក្រ​ប្រមាណ​ជាង​២៥០​គ្រួសារ នៅ​ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ បានទទួល​អំណោយ​ពី​ក្រសួង ការពារជាតិ ដើម្បី​ជួយ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់​។
​ឯកឧត្ដម ផៃ សុខ​ខេង អនុប្រធាន​ក្រុមការងារ​ចុះជួយ​ពលរដ្ឋ នៅ​ឃុំ​ពាក់​ស្នែង អគ្គលេខាធិការ​វេទិកា​រ​សម្ព័ន្ធ​សង្គម​ស៊ីវិល និង​លោក ស្កុ​នី​សិន ប្រធាន​អង្គការ​មូលនិធិ​កុមារ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០​នេះ រួម​នឹង​ឯកឧត្ដម ស ថា​វី អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​កិ​ត្ដិ​យស​នៃ​ក្រុមការងារ​ចុះជួយ​ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ មានប្រសាសន៍ថា ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​, ក្រុមការងារ​ថ្នាក់កណ្ដាល​បានផ្ដល់​អំណោយ​បន្ដិច​ប​ន្ទួ​ច​ដល់​ពលរដ្ឋ​ចំនួន​២៥៥​គ្រួសារ ដើម្បី​ដោះស្រាយ​ឱ្យទាន់​ពេលវេលា​ក្នុងអំឡុង​ពេលដែល​ពួកគាត់​កំពុង​ជួប​មាន​បញ្ហា​ជំងឺ​កូ​វីដ​-១៩​នេះ​។

​ឯកឧត្ដម​បាន​បន្ដថា អំណោយ​នេះ​មិន​ច្រើន​ណាស់ណា​នោះទេ ប៉ុន្ដែ​អាច​ដោះស្រាយបាន​មួយគ្រាៗ​ដែរ​។​អំណោយ​ទាំងនោះ​មាន​អង្ករ​មួយ​កា​រ៉ុង និង​គ្រឿង​បរិភោគ​ឧបភោគ​ជាច្រើន​ទៀត​។ ឯកឧត្តម បាន​សង្កត់ធ្ងន់ថា យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ផ្តោត​សំខាន់​លើ​ការជួយ​ពលរដ្ឋ​នៅពេល​ជួប​បញ្ហាលំបាក ។ ការលំបាក​របស់​ពល​រដ្ឋ​គឺជា​ការលំបាក​របស់​រា​ជា​រដ្ឋាភិបាល​ផងដែរ សុខទុក្ខ​រាជរដ្ឋាភិបាល ស្ថិតនៅ​ជាមួយ​សុខទុក្ខ​ពលរដ្ឋ​ដែរ​។​ឯកឧត្ដម​បាន​ក៍បាន​ណែនាំ​ដល់​ពលរដ្ឋ ត្រូវធ្វើ​ការរកស៊ី​ទទួល​ទាន​ជាប្រចាំ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​ដល់​ថ្ងៃ​អនាគត ព្រោះ​អំណោយ​បន្ដិចបន្ដួច​នេះ មិនអាច​ដោះស្រាយ បានយូរ​ថ្ងៃ​នោះឡើយ​។​

​ឯកឧត្ដម ស ថា​វី ក៍បាន​ផ្តាំផ្ញើរ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ថែរក្សា​សុខភាព​ទាំងអស់គ្នា ដើម្បី​ការពារ​ពី​ការឆ្លង​រោគ​ផ្សេងៗ ពិសេស​ជំងឺ កូ​វីដ -១៩ ដោយ​ជំងឺ​នេះ​បាន​កើតឡើង​ពេញ​ពិភពលោក ហើយ​ក៏មាន​អ្នកស្លាប់​ច្រើន​ផងដែរ​។ បើទោះបី​នៅ​កម្ពុជា​យើង​ក៏មាន​ករណី​ឆ្លង​តិចតួច និង​ជាសះស្បើយ​ច្រើន​ក៏ដោយ ក៏ត្រូវ​ចូលរួម​ទាំងអស់គ្នា​។ តែ​យ៉ាងណាក៏ដោយ បងប្អូន​អនុវត្ត​នូវ​វិធានការ អនាម័យ​ឲ្យ​បាន​គ្រប់ពេល​ជាប្រចាំ ដោយ​ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ឬ​អាល់កុល ជាដើម​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​