អ្នកបុរាណវិទ្យាកម្ពុជា ចុះធ្វើកំណាយ ស្ថានីយបុរាណប្រវត្តិសាស្ត្រ«ទួលយាយហាយ » ទីតាំងស្រុកកៀនស្វាយ

(កណ្ដាល) ស្ថានីបុរាណទួលយាយហាយគឺជាទីតាំងដែលមានសក្ដានុពលសម្រាប់កិច្ចការងារផ្នែកបុរាណវិទ្យា របស់អ្នកបុរាណពិទូក្នុងការស្រាវជ្រាវ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ។ នេះបើតាមការអោយដឹងពី ឯកឧត្ដម អ៊ុក សុខា អគ្គនាយ នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌  ក្នុងពិធីក្រុងពាលី បើកការដ្ឋានធ្វើកំណាយស្ថានីយបុរាណទួលយាយហាយកាលពីព្រឹកថ្ងៃទី១៧ កក្កដាម្សិលមិញនេះ មានទីតាំងស្ថិតនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ស្ថិតក្រោមវត្តមានលោកជំទាវ ហ៊ុនកុសនីអភិបាលរង  ខេត្តកណ្តាល។

គួរបញ្ជាក់ថា៖ ការធ្វើកំណាយនៅពេលនេះក្នុងគោលបំណង ដើម្បីសិក្សា រកមូលដ្ឋានគ្រឹះដែលជាប្រវត្តិនៃរឿងរ៉ាវ ដែលបានកើតឡើងនៅទួលបុរាណនេះ ថាតើស្ថានីយ៍នេះមានមនុស្សរស់នៅប៉ុន្មានជំនាន់ ហើយមានរឿងរ៉ាវអ្វីខ្លះកើតឡើងនៅទីនេះ សំរាប់ទុកជាភ័ស្តុតាង សម្រាប់អ្នកស្រាវជ្រាវពីជំនាន់មុន និងជំនាន់ក្រោយៗទៀត

លោក វឿន វុទ្ធី ប្រធាននាយកដ្ឋានបុរាណ្យវិទ្យា និងបុរេប្រវត្តិវិទ្យា បានឱ្យដឹងដែរថា ក្នុងការធ្វើកំណាយនេះ បានបែងចែកជា៣ក្រុម និង៣ទីតាំង ដែលមានផ្ទៃក្រឡា៤៨ម៉ែត្រការ៉េ និងមានមនុស្សកាយចំនួន៤២នាក់ និងត្រូវធ្វើរយៈពេល១៤ថ្ងៃ ហើយការជ្រើសរើសយកទីតាំង៣នេះ គឺមានកម្ពស់ខ្ពស់ជាងគេ២ម៉ែត្រកន្លះ និងកាយតាមបណ្ដោយផ្លូវបុរាណ។

លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ ខេត្តកណ្ដាល បានឱ្យដឹងថា៖ សម្រាប់ស្ថានីយបុរាណទាំងអស់នៅក្នុងខេត្តកណ្ដាល មានចំនួន៥១៦កន្លែង។ ចំពោះការធ្វើកំណាយនេះ លើផ្ទៃដីទំហំ៥ហិកតា បានការឧបត្ថម្ភគាំទ្រទាំងស្រុងពីក្រុមហ៊ុន វឌ្ឍនៈ៕