ក្រសួងធនធានទឹក ជួយសង្គ្រោះស្រូវពលរដ្ឋជាង៥០០ហិកតា នៅស្រុកក្រឡាញ់ ខេត្ដសៀមរាប

(សៀមរាប)៖ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ពេជ្រ វាសនា ជាប្រធានមុខព្រួញចុះជួយខេត្តសៀមរាប និងជាអនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីបច្ចេកទេសរបស់ក្រសួង និងមានការចូលរួមពីលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានបន្តដឹកនាំការងារអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវដែលកំពុងខ្វះខាតទឹក ស្ថិតក្នុងឃុំតាអាន និងឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ។

ឯកឧត្ដម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា ស្រូវដែលខ្វះទឹកនេះ មានប្រមាណជាង៥០០ហិកតា។ ការបូបទឹកនេះ អ្នកជំនាញបានប្រើប្រាស់ម៉ាស៊ីនបូមទឹកចំនួន០៤គ្រឿង និងអ៊ិសស្កាវាទ័រចំនួន០៣គ្រឿង ដើម្បីកាយធ្វើជាប្រឡាយទឹកផងដែរ។

ឯកឧត្ដម បានបន្ដថា ទឹកដែលបានបូមដាក់ស្រែនេះ គឺយកពីស្ទឹងស្រែង មានប្រភពពីខេត្ដឧត្ដមានជ័យ ដែលមានចំង៉ាយប្រមាណ៤០គីឡូ ចាប់តាំងពីថ្ងៃទី១៤ខែកក្កដាមកម្លេះ ហើយស្រូវដែលខ្វះទឹកស្រោចស្រប់នេះ ត្រូវបញ្ចូលទឹករយៈពេលមួយសប្ដាហ៍ ទើបអាចជួយសង្គ្រោះស្រូវដែលបានប្រឈមនឹងខូចខាតនោះបាន អោយមានភាពល្អប្រសើរជាងមុន។ ឯកឧត្ដម បានបន្ដថា ក្រោយពេលកម្លាំងក្រសួង និងមន្ទីរធនធនាទឹក និងឧតុនិយមខេត្ដ បានសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ ដើម្បីជួយបូមទឹកដាក់ស្រែហើយនោះឃើញថាស្រូវវស្សាទាំងនោះនឹងអាចផ្ដល់ទិនផល់ស្រូវអោយប្រជាពលរដ្ឋជាធម្មតា។

លោក ស្រឹប សារៀម តំណាសហគមន៍ប្រើប្រាស់ទឹកស្ពានស្រែង ត្រពាំងអំបិល ស្រុកក្រឡាញ់ខេត្ដសៀមរាប លោកបានមានប្រសាសន៍ថា ស្រូវដែលជួបគ្រោះរាំងស្ងួតនេះ មានរយៈពេលមួយសប្ដាហ៍មកហើយ ដោយសារមិនមានភ្លៀងធ្លាក់។

លោកបានបន្ដថា ស្រូវប្រជាពលរដ្ឋទាំងនោះ បើសិនមិនមានការជួយអន្ដរាគមន៍ពីក្រសួង និងមន្ទីរធនធានទឹកនាំទឹកមកពីប្រភពខាងលើនោះទេ ស្រូវប្រជាកសិករអាចនឹងខូចខាតព្រោះថារដូវវស្សាទៅហើយបែរជាមិនមានភ្លៀងធ្លាក់ស្រោចស្រប់ស្រូវស្រែគ្រប់គ្រាន់ទៅវិញ។ តំណាងសហគមន៍រូបនោះ ក៏បានថ្លៃងអំណរគុណដល់រាជរដ្ឋាភិបាលផងដែរ ជាពិសេសក្រសួងធនធានទឹក និងឧតុនិយមដែលបានយកចិត្ដទុកដាក់ក្នុងបូមទឹកជួយសង្គ្រោះស្រូវប្រជាពលរដ្ឋនៅតំបន់បានទាន់ពេលវេលា៕ ដោយ​៖ មន្ទីរព័ត៌មានខត្តសៀមរាប