អភិបាល​ខេត្តកំពត និង​មន្ត្រី​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ជម្រុញ​ទីផ្សារ និង​ទស្សនកិច្ច​ស្វែងយល់​៣​ទីតាំង​

​កំពត​៖ ថ្ងៃ​សុក្រ ១២​រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត និង​មន្ត្រី​ពាក់ព័ន្ធ អញ្ជើញ​អមដំណើរ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ចុះ​ជម្រុញ​ទីផ្សារ និង​ទស្សនកិច្ច​ស្វែងយល់​កសិដ្ឋាន​ចិញ្ចឹម​មាន់​ស្រែ​ខ្នាតតូច (AIMS) ,​រោងចក្រ​ផលិត​កែច្នៃ​សាច់ និង​វេច​ខ្ចប់​សាច់មាន់ និង​កសិដ្ឋាន​ដាំចេក​អំបូង​លឿង​នៅក្នុង​ខេត្តកំពត ។​

​នាឱកាស​នោះ ឯកឧត្តម រដ្ឋមន្ត្រី អញ្ជើញ​ទស្សនកិច្ច​ចំនួន ៣​ទីតាំង​៖
១.​កសិដ្ឋាន​ចិញ្ចឹម​មាន់ ស្ថិតក្នុង​ភូមិ​បឹង ឃុំ​បឹង​និមល ស្រុក​ឈូក ខេត្តកំពត​។ ការចិញ្ចឹម​មាន់​ស្រែ​នេះ ជា​ផ្នែក​មួយ​នៃ​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច (AIMS)​។ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​លើកទឹកចិត្ត​ប្រជាកសិករ ចូលរួម​ជាមួយ​គម្រោង AIMS ដើម្បី​ទទួលបាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ឥណទាន (​ប្រាក់កម្ចី​ដែលមាន​ការប្រាក់​ទាប​) សម្រាប់​ពង្រីក​មុខរប​រ​កសិកម្ម ជាពិសេស​ការចិញ្ចឹម​មា​ន់​ស្រែ ដែល​កំពុងមាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​។ ក្រសួងពាណិជ្ជកម្ម ធ្វើការ​សម្របសម្រួល និង​ស្វែងរក​ទីផ្សារ​ថ្មីៗ​ជូន​ប្រជា​សហគមន៍ និង​វិស័យ​ឯកជន តាមរយៈ​ការ​ចងក្រង​សមាគម ការដឹកនាំ​អភិវឌ្ឍន៍​ខ្សែសង្វាក់​ផលិតផល​ក្នុងស្រុក និង​ការតភ្ជាប់​ផលិតកម្ម​ជាមួយ​ទីផ្សារ​ដែលមាន​ស្រាប់ ដើម្បី​កាត់បន្ថយ​ការ​នាំចូល​ទំនិញ​ពី​បរទេស សំដៅ​លើកកម្ពស់​ជីវភាព​ប្រជាកសិករ ក៏ដូចជា​ធានា​ការអភិវឌ្ឍ​វិស័យ​ក​សិ​-​ពាណិជ្ជកម្ម ប្រកបដោយ​និរន្តរភាព​។​

២.​រោងចក្រ​ផលិត​កែច្នៃ​សាច់ និង​វេច​ខ្ចប់​សាច់មាន់​របស់​ក្រុមហ៊ុន 3PLe Farm Co. Ltd ស្ថិតនៅ​ភូមិ​ឈើទាល ឃុំ​ជម្ពូរ​វ័​ន្ត ស្រុក​ជុំ​គិរី ខេត្តកំពត ផលិត​មាន់បាន​ចំនួន​ប្រមាណ ១,៥​លាន​មាន់ ក្នុង​មួយឆ្នាំ​។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​កសិដ្ឋាន​ចិញ្ចឹម​មាន់​អាចមាន​សមត្ថភាព​ផ្ទុក​មាន់បាន​ចំនួន ៣៥ ០០០​ក្បាល ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី​ទំហំ ៨​ហិកតា នៅ​ភូមិ​ព្រៃ​ត្នោត ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្តកំពត​។ នៅក្នុង​ឱកាស​នោះ ឯកឧត្តម បាន​កោតសរសើរ​ដល់​ដំណើរការ​ចង្វាក់​ផលិតកម្ម និង​ស្តង់ដា​អនាម័យ សុវត្ថិភាព​សាច់​នៅក្នុង​រោងចក្រ​នេះ ព្រមទាំង​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ពង្រីក​ការផលិត និង​ចែកចាយ​ផលិតផល​របស់ខ្លួន នៅតាម​ទីផ្សារ​ក្នុងស្រុក និង​ទៅកាន់​ទីផ្សារ​បរទេស​។​

៣.​កសិដ្ឋាន​ដាំចេក​អំបូង​លឿង​របស់​ក្រុមហ៊ុន ឡង មេ​ត អេ​ហ្គ្រី​ខ​ល​ឈ័​រ ស្ថិតនៅ​ភូមិ​ជុំ​ផ្តៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត​។ ការវិនិយោគ គឺជា​ការបណ្ដាក់ទុន​វិនិយោគ​រួមគ្នា រវាង​អ្នកវិនិយោគ​គិ​ន​ក្នុងស្រុក និង​ក្រៅ​ស្រុក មកដល់​ពេលបច្ចុប្បន្ន​នេះ ក្រុមហ៊ុន​មានកម្ម​ករ​ជាង ៧០០ នាក់ បម្រើ​ការងារ​វេច​ខ្ចប់ និង​ដាំ​កូន​ចេក​បាន​ជាង​៣០០​ហិកតា ដោយ​ការដាំដុះ និង​ថែទាំ​ប្រកប ដោយ​បច្ចេកទេស​និង​ស្តង់ដារ ដើម្បី​តម្រូវ​ចិត្ត ក៏ដូចជា​ស្របតាម​តម្រូវការ​នៃ​ទីផ្សារ​នាំចេញ​។ ឯកឧត្តម រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព និង​សមិទ្ធិផល​នានា​ដែល​ក្រុមហ៊ុន​សម្រេចបាន​ក្នុង​រយៈពេល​ដ៏​ខ្លី ព្រមទាំង​បាន​សាទរ​ចំពោះ​ភាព​ឆ្លាត​វៃ​របស់​ក្រុមហ៊ុន ដែល​បាន​ចាប់យក​ឱកាស​ធ្វើការ​វិនិយោគ កសិដ្ឋាន​ចំការ​ចេកអំបូង​លឿង ចំ​ពេលដែល​ទីផ្សារ​ចេក​ត្រូវបាន​នាំទៅ​ប្រទេស​ចិន​។ សមិទ្ធផល​នេះ ស្តែង​ចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ក្នុងការ​លើកស្ទួយ​វិស័យ​កសិកម្ម និង​ប្រែក្លាយ​វិស័យ​កសិកម្ម​ទៅជា​ក​សិ​-​ឧស្សាហកម្ម និង​វិស័យ​ឯកជន​ទៅជា​ក​សិ​ពាណិជ្ជករ រួមជាមួយ​ការ​ជម្រុញ​ធ្វើ​ទំនើបកម្ម​កសិកម្ម​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​